ជាតិ
ក្រសួង ជំរុញឱ្យផលិតករនាំចេញ ប្រញាប់ចុះបញ្ជីក្នុងប្រព័ន្ធ ដើម្បីទទួលបានភាពអនុគ្រោះពន្ធ លោក ប៉ាន់ សូរសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម (រូបពីក្រសួង)
× ភ្នំពេញ៖ ផលិតករ ឬអ្នកនាំចេញ ដែលចង់ទទួលបានផលប្រយោជន៍ខ្ពស់នោះ ត្រូវប្រញាប់ទៅចុះបញ្ជីនៅក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញរបស់ក្រសួងពាណិជ្ជកម្ម ឱ្យបានមុនថ្ងៃទី៣១ ធ្នូ ដើម្បីទទួលបាននូវភាពអនុគ្រោះពន្ធ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម ។
ក្រសួងពាណិជ្ជកម្ម បានផ្ដល់ព័ត៌មានចំនួន៣លើកហើយ ពីរឿងចុះបញ្ជីនាំចេញនេះ ប៉ុន្តែក្រុមហ៊ុននាំចេញទៅសហភាពអឺរ៉ុបមួយចំនួនធំ មិនទាន់បានមកស្នើសុំចុះឈ្មោះមកក្រសួងនៅឡើយទេ។
សេចក្តីជូនដំណឹងក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី៣ ធ្នូ បានសង្កត់ធ្ងន់ដូច្នេះថា៖«ដើម្បីចៀសវាងការបាត់បង់ផលប្រយោជន៍ពីការទទួលបាននូវភាពអនុគ្រោះពន្ធ សម្រាប់ការនាំចេញទំនិញពីព្រះរាជាណាចក្រកម្ពុជាទៅកាន់ទីផ្សារសហភាពអឺរ៉ុប និងប្រព័ន្ធអនុគ្រោះរបស់ប្រទេសណ័រវែស ស្វីស និងទួរគី ផលិតករ ឬ អ្នកនាំចេញទាំងឡាយណា ដែលមិនទាន់បានចុះបញ្ជីនៅក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (Registered Exporter System-REX) សូមរួសរាន់មកចុះបញ្ជីនៅក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញសម្រាប់ប្រកាសដើមកំណើតទំនិញ (Statement On Origin) ជំនួសឲ្យការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់អេ យ៉ាងយូរត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩»។
សម្រាប់អ្នកគ្រប់គ្រង ដែលទទួលបានសិទ្ធិពីម្ចាស់ក្រុមហ៊ុន ក៏អាចចុះបញ្ជីជំនួសបានដែរ។ «ដើម្បីសម្រួលនីតិវិធីដល់អ្នកនាំចេញ ដែលមកធ្វើការចុះបញ្ជីនៅក្នុងប្រព័ន្ធ(Registered Exporter System-REX) សម្រាប់អ្នកគ្រប់គ្រងក្នុងក្រុមហ៊ុន (មិនមែនជាអ្នកតំណាងរត់កម្រៃជើងសារ និងតំណាងដែលមិនមានចំណែកក្នុងការទទួលខុសត្រូវក្នុងក្រុមហ៊ុន) ដែលបានទទួលសិទ្ធិតាមផ្លូវច្បាប់ពីម្ចាស់ភាគហ៊ុនដែលមានឈ្មោះក្នុងលក្ខន្តិកៈក្រុមហ៊ុន គឺមានសិទ្ធិក្នុងការចុះហត្ថលេខាលើលិខិតស្នើសុំ និងកែសម្រួលការចុះបញ្ជី REX»។ នេះជាការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម។
ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុវត្តការចុះឈ្មោះក្នុងប្រព័ន្ធបញ្ជីអ្នកនាំចេញរបស់សហភាពអឺរ៉ុប សម្រាបការនាំចេញទំនិញគ្រប់ប្រភេទលើកលែងតែអាវុធទៅកាន់សហភាពអឺរ៉ុប តាមរយៈការអនុគ្រោះពន្ធ(EBA) និងប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់ប្រទេសណ័រវែស ស្វីស និងទួរគី ដើម្បីមានីតិសម្បទាក្នុងការប្រកាសប្រភពដើម (Statement On Origin) ជំនួសឱ្យការប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ចាប់ពីថ្ងៃទី១ មករា ដល់ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៩។
នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២០ សហភាពអឺរ៉ុប នឹងចេញរបាយការណ៍ចុងក្រោយ ហើយក៏នឹងធ្វើសេចក្តីសម្រេចចុងក្រោយផងដែរថា ដក EBA ពីកម្ពុជា ឬបន្តរក្សាទុក។ សហភាពអឺរ៉ុប ផ្តើមនីតិវិធីដំបូងស្តីពីការដកឬមិន EBA នេះ តាំងពីខែកុម្ភៈ ឆ្នាំ២០១៩មក។ មូលហេតុចម្បងដែលសហភាពអឺរ៉ុប បង្ហាញបំណងចង់ដក EBA គឺដោយសារតែមិនសូវពេញចិត្តនឹងស្ថានការណ៍សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕
Tag:
ពាណិជ្ជកម្ម
អនុគ្រោះពន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com