ONE Championship
កីឡាជាតិ
ជាតិ
កីឡាការិនី​កម្ពុជា​៣​រូប ត្រូវ​ដណ្តើម​មេដាយ​នៅ​ស៊ី​ហ្គេម ២០១៩
04, Dec 2019 , 9:39 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​កីឡាការិនី​មានឈ្មោះ​បោះ​សំឡេង​ចំនួន ៣​រូប​ដែលមាន​បទពិសោធន៍ នៅ​សង្វៀន​អន្តរជាតិ ONE Championship សុទ្ធតែ​មានឈ្មោះ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម (SEA Games2019) លើក​ទី​៣០​នៅ​ប្រទេស​ហ្វីលីពីន​។ កីឡាការិនី​ទាំង​៣​រូប មានដូចជា សំ ថា​រ័ត្ន​, នៅ ស្រី​ពៅ និង វី ស្រី​ខួច​។ សំ ថា​រ័ត្ន ប្រកួត​ក្នុង​វិញ្ញាសា «​មួយ​» ស្រប​ពេលដែល នៅ ស្រី​ពៅ និង វី ស្រី​ខួច ប្រកួត​ក្នុង​វិញ្ញាសា​ប្រដាល់សកល​។


 
​សំ ថា​រ័ត្ន​៖
 
​កីឡាការិនី​ដែលមាន​ជំនាញ​ក្បាច់គុន​ល្បុក្កតោ សំ ថា​រ័ត្ន មានកំណត់​ត្រា​ប្រកួត​នៅ​សង្វៀន ONE ចំនួន ៣​លើក​ក្នុងនោះ​ឈ្នះ ១ លើក​និង​ចាញ់​២​លើក​។ ហើយ​ក្រៅពីនោះ​រូបគេ​មានឈ្មោះ​ទៅ​ប្រកួត​កីឡា​គុន​ចម្រុះ​នៅ​ថៃ​ជា​ច្រើនដង​ទៀតផង​។ កីឡាការិនី​វ័យ​២៩​ឆ្នាំ​រូបនេះ​ថ្លែងថា​នេះ​ជាការ​ប្រកួតប្រជែង​ថ្មី​និង​លើកដំបូង​នៅ​ស៊ី​ហ្គេម​តំណាង​ឲ្យ​ជាតិ​។ ថា​រ័ត្ន ត្រូវ​ប្រកួត​ក្នុង​វិញ្ញាសា «​មួយ​» ខុសពី Kickboxing ដែល​អាច​លេង​កែង​បាន​ដូច​ប្រដាល់សេរី​របស់​ខ្មែរ​សុទ្ធសាធ​។  ថា​រ័ត្ន សង្កត់ធ្ងន់ថា ៖«​ខ្ញុំ​នឹង​ខំប្រឹង​ឲ្យ​អស់ពី​ចិត្ត និង អស់​សមត្ថភាព​។ ទោះ​ខ្ញុំ​មិនសូវ​បាន​ហ្វឹកហាត់​ដិតដល់​ពីមុន ប៉ុន្តែ​ខ្ញុំ​បាន​ប្រឹង​ខ្លាំង​ក្នុង​រយៈពេល​១​ខែ​មកនេះ​។ ការ​អត់​បាន​ហាត់​ច្រើន​ព្រោះ​ខ្ញុំ​ជាប់កិច្ចសន្យា​ថត​ខ្សែភាពយន្ត​»​។ ថា​រ័ត្ន គូសបញ្ជាក់ថា​៖«​ខ្ញុំ​មាន​សម្ពាធ​បន្តិច​ហើយ​ខ្ញុំ​ក៏​គិត​ច្រើន​ដែរ​។ វា​មិន​ស្រួល​នោះទេ​។ តែ​អ្វីៗ​ត្រូវ​ប្រឹង ១០០%​ដើម្បី​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំ​សម្រាប់​ខ្ញុំ និង​សម្រាប់​អ្នកគាំទ្រ​»​។ 



​នៅ ស្រី​ពៅ​៖ 
 
​នៅ ស្រី​ពៅ ធ្លាប់​ប្រកួត​នៅ​សង្វៀន​កម្រិត​ពិភពលោក ONE ចំនួន​ពីរដង​ក្នុងនោះ​ឈ្នះ ១ ដង និង ចាញ់​១​ដង​។ កីឡាការិនី​ប្រដាល់​ជម្រើសជាតិ​រូបនេះ​បាន​ទៅ​ហ្វឹកហាត់​នៅ​ជប៉ុន​តាំងពី​ដើមខែ កញ្ញា រហូត​ចុងខែ វិច្ឆិកា ដើម្បី​ត្រៀម​ប្រកួត​នៅ​ស៊ី​ហ្គេម​។ ស្រី​ពៅ បាន​បញ្ជាក់ថា​៖«​ឆ្នាំនេះ​ជា​លើក​ទី​១ ខ្ញុំ​ទៅ​ចូលរួម​នៅ​ស៊ី​ហ្គេម​។ ហើយ​ការ​ចេញទៅ​ហាត់​នៅ​ជប៉ុន​នេះ គឺ បាន​បង្កើន​បច្ចេកទេស និង នាំយក​លទ្ធផល​ល្អ​ជូន​អ្នកគាំទ្រ​និង ជាតិ​វិញ​។ ខ្ញុំ​រំភើបចិត្ត នេះ​ជា​លើក​ទី​១ ដែល​ខ្ញុំ​មានឱកាស​ទៅ​ហ្វឹកហាត់​ក្រៅប្រទេស​កន្លងមក​។ ខ្ញុំ​នឹង​ទទួលបាន​បទពិសោធន៍​ច្រើន​អំពី​ការហ្វឹកហាត់​នេះ​។ ខ្ញុំ​ទទួលបាន​ការហ្វឹកហាត់​ប្លែកៗ និង កម្លាំង​ល្អ​ជាង​មុខ​។ អ្វីដែល​ខ្ញុំ​ចង់បាន​គឺ​មេដាយ​ត្រលប់មក​ប្រទេស​កម្ពុជា​វិញ​»​។ 


 
​វី ស្រី​ខួច​៖
 
​វី ស្រី​ខួច  ជា​កីឡាការិនី​ដែល​បាន​ទៅ​បោះជំរំ​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន​ដូច នៅ ស្រី​ពៅ ដែរ​។ ស្រី​ខួច ជា​កីឡាការិនី​ម្នាក់​មានបទពិសោធន៍​នៅ​ស៊ី​ហ្គេម​ឆ្នាំ ២០១៧ និង បទពិសោធន៍​នៅ​សង្វៀន ONE ចំនួន ៣​ដង​(​ឈ្នះ ១​ដង ចាញ់ ២​ដង​)​។ ស្រី​ខួច បង្ហើប​អំពី​ការតាំង​ចិត្ត​មោះមុត​ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​ជូន​ជាតិ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំនេះ​។  ប្អូនស្រី​របស់ វី សាវុធ សង្កត់ធ្ងន់ថា​៖«​ខ្ញុំ​ហ្វឹកហាត់​នៅ​ជប៉ុន​បានល្អ មាន​កីឡាការិនី​ឡាំ​គ្នា​គ្រប់គ្រាន់ កន្លែង​ហ្វឹកហាត់​ល្អ កន្លែង​ស្នាក់នៅ​ល្អ ការហូបចុក​ល្អ​ដោយ​តម្រូវ​តាម​ពួកយើង​។ ខ្ញុំ​បុក​ហ្វឹកហាត់​ខ្លាំង​ដើម្បី​ស្វែងរក​លទ្ធផល​សម្រាប់​ស៊ី​ហ្គេម​ឆ្នាំនេះ​»​។ មុនពេល​ទៅ​ហ្វឹកហាត់​នៅ​ជប៉ុន ស្រី​ខួច បាន​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើសជាតិ​ប្រមូលផ្ដុំ​ដោយ​ក្រសួង​អប់រំ យុវជន និង កីឡា​នៅ​ពហុ​កីឡដ្ឋាន​ជាតិប្រមាណ​ជា ៥ ខែ ដូច  នៅ ស្រី​ពៅ​ដែរ​។ បើ​គិត​អំពី​ការត្រៀមខ្លួន​វិញ ស្រី​ខួច ហ្វឹកហាត់​ត្រៀម​យ៉ាង​ខ្លាំងក្លា​ប្រមាណ ៧ ខែ មុន​ការប្រកួត​ស៊ី​ហ្គេម​ចូលមក​ដល់​។ 
 
​កម្មវិធី​បន្ទាប់ សូមកុំ​ភ្លេច​ទស្សនា​កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: MARK OF GREATNESS នៅ​ថ្ងៃទី ៦ ខែ ធ្នូ ខាងមុខ ពី​ក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ចាប់ពី​ម៉ោង ៥:០០ ល្ងាច​តទៅ (​ម៉ោង​កម្ពុជា​)​តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS៕  

© រក្សាសិទ្ធិដោយ thmeythmey.com