ជាតិ
រដ្ឋមន្ត្រី​ការងារ​៖ គិលានដ្ឋាន​តាម​សហគ្រាស ត្រូវមាន​ឱសថ​គ្រប់គ្រាន់ ហើយ​បុគ្គលិក ត្រូវ​ធ្វើការ​ទៀងទាត់​
05, Dec 2019 , 7:59 am        
រូបភាព
រូបពីក្រសួងការងារ
រូបពីក្រសួងការងារ
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បានដាក់​កំហិត​ថា គិលានដ្ឋាន តាម​បណ្តា​សហគ្រាស​និង​គ្រឹះស្ថាន​នានា ត្រូវតែមាន​បរិក្ខារ​-​ឱសថ​គ្រប់គ្រាន់ និង​មាន​បុគ្គលិក​សុខាភិបាល​ធ្វើការ​ទៀងទាត់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ក្រសួង​ការងារ​។​


 
​ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ចែករំលែក​បទពិសោធន៍​ស្ដីពី​ការរៀបចំ​គិលានដ្ឋាន​តាម​សហគ្រាស និង​គ្រឹះស្ថាន ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​ភ្នំពេញ លោក អ៊ិត សំហេង បាន​លើកឡើងថា​គ្រប់​គិលានដ្ឋាន​តាម​បណ្តា​សហគ្រាស ត្រូវមាន​សម្ភារ​បរិក្ខា​រ​-​ឱសថ ប្រើ​គ្រប់គ្រាន់ ហើយ​បុគ្គលិក​ធ្វើការ​ទៀងទាត់​និង​ប្រកប​វិជ្ជាជីវៈ​។​
 
​លោក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ឲ្យ​និយោជក រៀបចំ​សហគ្រាស​ឬ​គ្រឹះស្ថាន​របស់ខ្លួន ឲ្យ​បាន​សមស្រប និង​គោរព​ទៅតាម​ច្បាប់​ស្ដីពី​ការងារ ហើយក៏​ត្រូវ​ធានា​ឲ្យ​បាន​នូវ​ដំណើរការ​សម្ភារ​បរិក្ខា​រ​-​ឱសថ​ប្រើប្រាស់ និង​បុគ្គលិក​ធ្វើការ​ទៀងទាត់​ពេលវេលា រួមទាំង ត្រូវ​រក្សា​អនាម័យ និង​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​។ 
 
​លោក បន្តថា និយោជក ត្រូវ​បង្ការ​ទប់ស្កាត់​នូវ​ហានិភ័យ ឲ្យ​បុគ្គលិក​ទទួល​ការប្រើប្រាស់​សម្ភារ​ឲ្យ​បាន​ត្រឹមត្រូវ និង​ថែរក្សា​ឲ្យ​បានល្អ​។ លោក បន្ថែមថា និយោជក​ក៏ត្រូវ​ពន្យល់​ពី​វិធានការ​ផ្សេងៗ​ដែល​ទាក់ទង​នឹង​សុខភាព ឬ​សុវត្ថិភាព​ទៅ​បុគ្គលិក ហើយ​ត្រូវ​បញ្ជូនទៅ​បេឡា​ជាតិ​របប​សង្គម​ឲ្យ​ទាន់ពេលវេលា បើ​កម្មករនិយោជិត ជួប​គ្រោះថ្នាក់ ឬ​បញ្ហា​ណាមួយ​។​
​លើសពីនេះ រដ្ឋមន្ត្រី​ការងារ ជំរុញ​ឲ្យ​និយោជក​ទាំងអស់ ចូលរួម​ក្នុងការ​ផ្សព្វផ្សាយ​ពី​វិធានការ ឬ​បទ​ប្បញត្ត​ផ្សេងៗ​លើ​បញ្ហា​ដែល​ទាក់ទង​នឹង​សុខភាព​ផងដែរ​៕ 
 

Tag:
 កម្មករ​
  សុខភាព​
  គិលានដ្ឋាន
© រក្សាសិទ្ធិដោយ thmeythmey.com