កីឡាអន្តរជាតិ
អន្តរជាតិ
ហ្វីលីពីន ជាប់ឈ្មោះអ្នករៀបចំព្រឹត្តិការណ៍ស៊ីហ្គេមល្អបំផុត
× ពានរង្វាន់ឧស្សាហកម្មកីឡាអាស៊ី ហៅកាត់ថា (SPIA Asia) បានដាក់ឈ្មោះគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ហ្វីលីពីន (PHISGOC) ជាអ្នករៀបចំកីឡាស៊ីហ្គេម (SEA Games2019) ល្អបំផុត។ ពានរង្វាន់នេះទទួលស្គាល់ពីសមិទ្ធិផលរបស់ PHISGOC ក្នុងការរៀបចំពិធីបើកការប្រកួតល្អកម្រិតពិភពលោក ដោយមានកីឡាចំនួន៥៦ប្រភេទ ក្នុងមាន៥៣០វិញ្ញាសា។
SPIA Asia ជាស្ថាប័នផ្តល់ពានរង្វាន់នៅអាស៊ីដែលផ្តោតលើការទទួលស្គាល់និងសមិទ្ធផលក្នុងការរៀបចំពិធីនៃឧស្សាហកម្មកីឡាអាស៊ីសម្រាប់ឆ្នាំកន្លងមក។ SPIA Asia ក៏រៀបចំផ្តល់ពានរង្វាន់សម្រាប់ជ័យលាភីកំពូលទាំង១០ក្នុងទ្វីបអាស៊ី ដែលរួមមានប្រភេទកីឡាបុរសឆ្នើមនិងនារីនារីឆ្នើមប្រចាំទ្វីបអាស៊ី ដែលទទួលបានមេដាមាស ប្រាក់ និងសំរិទ្ធផងដែរ។
នាយកប្រតិបត្តិ SPIA លោក Eric Gottschalk បានប្រគល់ពានរង្វាន់នេះដល់ប្រធាន PHISGOC លោក Alan Peter Cayetano និងប្រធានប្រតិបត្តិការ PHISGOC លោក Ramon Suzara ក្នុងអំឡុងពេលសន្និសីទដែលធ្វើឡើងនៅសណ្ឋាគារ Grand Hyatt ក្នុងក្រុងម៉ានីល ប្រទេសហ្វីលីពីន។ លោក Suzara បានថ្លែងអំណរគុណដល់ SPIA និងបានសង្កត់ធ្ងន់ថាការទទួលស្គាល់នេះនឹងជំរុញទឹកចិត្ត PHISGOC ឲ្យខិតខំបន្ថែមទៀតនិងធ្វើឲ្យបានល្អប្រសើរនៅក្នុងថ្ងៃនៅសល់នៃការប្រកួត។
មិនត្រឹមតែជាប់ឈ្មោះជាម្ចាស់ផ្ទះដែលរៀបចំព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីឆ្នាំ២០១៩នេះល្អប៉ុណ្ណោះទេ ហ្វីលីពីនថែមទាំងត្រូវបានក្រុមប្រឹក្សាអូឡាំពិកអាស៊ីស្នើឲ្យដាក់ដេញថ្លៃរៀបកីឡាអាស៊ី (Asian Games) ឆ្នាំ២០៣០ទៀតផង។
បន្ទាប់ពីការប្រកួតរយៈពេល៤ថ្ងៃ អត្តពលិកហ្វីលីពីនអាចរកបានមេដាយមាស៥៤ ប្រាក់៣៦ និងសំរឹទ្ធ១៩ សរុប១០៩មេដាយរួចទៅហើយ ដោយមេដាយទាំងអស់នេះទទួលបានស្ទើគ្រប់ប្រភេទកីឡា។ វៀតណាមនៅលំដាប់ថ្នាក់ទី២ក្នុងតារាងមេដាយ ដោយឈ្នះមេដាយមាស២៣ ប្រាក់២៩ និងសំរឹទ្ធ២៧ សរុប៧៩ តាមពីក្រោយដោយ ម៉ាឡេស៊ី ដែលបានមាស២០ ប្រាក់៩ និងសំរឹទ្ធ១៩ សរុប៤៨៕
Tag:
SEA Games
ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com