ពីនេះ ពីនោះ
ព័ត៍មានសុខភាព
របៀបងាយៗប្រើ “ប៉េងប៉ោះ” ធ្វើឱ្យស្បែកសស្រស់ថ្លាជាងមុន
× បញ្ហាស្បែកស្រអាប់មិនស្រស់ថ្លាមែនទេ? កុំបារម្ភ! អ្នកអាចដោះស្រាយបញ្ហានេះបានយ៉ាងឆាប់រហ័សដោយគ្រាន់តែប្រើផ្លែប៉េងប៉ោះ។
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីរបៀបងាយៗក្នុងការប្រើប្រាស់ប៉េងប៉ោះជួយឱ្យស្បែកស្រស់ថ្លាភ្លឺជាងមុន ៖
១. ប៉េងប៉ោះលាយផ្លែបឺរ
រូបមន្តនេះថែមទាំងជួយរក្សាសំណើមដល់ស្បែកនិងកាត់បន្ថយស្នាមជ្រីវជ្រួញផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនលាយសាច់ផ្លែបឺរនិងប៉េងប៉ោះក្នុងបរិមាណស្មើគ្នាចូលគ្នាឱ្យម៉ដ្ត។ បន្ទាប់មកលាបល្បាយលើស្បែកនិងទុកចោលរហូតដល់ស្ងួតសឹមលាងសម្អាតចេញជាការស្រេច។ អនុវត្តឱ្យបានយ៉ាងហោចណាស់ ២ ដងក្នុងមួយថ្ងៃជាប្រចាំ។
២. ប៉េងប៉ោះ យ៉ាអួរ និងទឹកក្រូចឆ្មារស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺហាន់ប៉េងប៉ោះ ១ ផ្លែ រួចច្របាច់យកទឹក។ លាយទឹកប៉េងប៉ោះស្រស់នេះជាមួយទឹកក្រូចឆ្មារ ១ ស្លាបព្រាកាហ្វេ និងយ៉ាអួរសុទ្ធ ១ ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកមុខ និងទុកចោលសម្រាប់រយៈពេល ១៥ នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តម្ដងក្នុងមួយថ្ងៃជាប្រចាំ។
៣. ប៉េងប៉ោះនិងស្ករស
ដំបូងអ្វីដែលអ្នកត្រូវធ្វើ គឺបកសំបកប៉េងប៉ោះចេញសិន។ បន្ទាប់មកកិនវាឱ្យម៉ដ្តខាប់ៗ រួចលាយជាមួយស្ករសចំនួនសមល្មម។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើស្បែកមុខថ្នមៗក្នុងចលនាបែបរង្វង់សម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។ ទុកចោលសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តជាប្រចាំរហូតទទួលបានលទ្ធផលគាប់ចិត្ត៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com