អន្តរជាតិ
លោក គីម ខកចិត្ត ក្រោយ​ឮ​សម្ដី​លោក ត្រាំ ថា អាច​ប្រើ​កម្លាំង​ទ័ព​ដោះស្រាយ​បញ្ហា
05, Dec 2019 , 10:03 am        
រូបភាព
ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នាជំនួបនៅសិង្ហបុរី។ រូបភាព AFP
ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នាជំនួបនៅសិង្ហបុរី។ រូបភាព AFP
​កូរ៉េខាងជើង មិន​សប្បាយចិត្ត​ឡើយ​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ព្រលយ​ពាក្យ​ប្រើប្រាស់​កម្លាំង​ដោះស្រាយ​បញ្ហា​ឡើងវិញ ស្របពេល​ការចរចា​ដើម្បី​ឈានទៅ​រំសាយ​នុយក្លេអ៊ែរ​ជាប់គាំង​នោះ​។ មេទ័ព​កូរ៉េខាងជើង ឆ្លើយតប​វិញ​ថា ក្នុងករណី​ចាំបាច់ កូរ៉េខាងជើង ក៏​អាច​ប្រើប្រាស់​កម្លាំង​ទ័ព​បាន​ដូចគ្នា​ដែរ​។ លោក គីម ជុង​អ៊ុន វិញ រឹតតែ​ខកចិត្ត​ខ្លាំង​ចំពោះ​សម្ដី​លោក ត្រាំ ដែលជា​ដៃគូ​ចរចា​បី​ដង​កន្លងមក​។​

 
«​អ្វីដែល​ខ្ញុំ​ចង់​បញ្ជាក់ គឺ​ការប្រើប្រាស់​កម្លាំង​ទ័ព មិនមែនជា​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​អាមេរិក​ឡើយ​។​» នេះ​ជា​ពាក្យ​ព្រមាន​របស់លោក ប៉ាក់ ជុង​ឆុន (Pak Jong Chon) នាយអគ្គសេនាធិការ​ក​ង​ទ័ព​ប្រជាជន​កូរ៉េខាងជើង​តប​ទៅកាន់​ការលើកឡើង​រប​ស់លោក ដូ​ណា​ល់ ត្រាំ ដែល​និយាយ​ដល់​ការប្រើប្រាស់​កម្លាំងយោធា​ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុងករណី​ចាំបាច់​។ សម្រាប់​លោក ប៉ាក់ កូរ៉េខាងជើង​ក៏​អាច​ដើរ​លើផ្លូវ​នេះ​បាន​ដូចគ្នា​។​
 
​ក្នុង​សេចក្ដីថ្លែងការណ៍​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA នៅ​ថ្ងៃទី​៤ ខែធ្នូ មេទ័ព​កូរ៉េខាងជើង​បញ្ជាក់ថា​៖ «​គ្រប់គ្នា​សុទ្ធតែ​អាច​ស្មាន​ពី​កម្រិត​ឆ្លើយតប​ស់​កូរ៉េខាងជើង នៅពេល​អាមេរិក​បើក​ការវាយប្រហារ​មែន​នោះ​។​» លោក ប៉ាក់ ក៏​ឆ្លៀត​រំឭក​អាមេរិក​ទៀតថា កូរ៉េខាងជើង និង​អាមេរិក​ស្ថិតក្នុង​ស្ថានភាព​ធ្វើសង្គ្រាម​នៅឡើយ​ទេ ហើយ​បទ​ឈប់​បាញ់ (​ឆ្នាំ​១៩៥៣) អាច​ប្រែ​ទៅជា​សង្គ្រាម​ពេញបន្ទុក​ក្នុងករណី​ចៃដន្យ​ណាមួយ​មិន​ខាន​។  
 
​មិន​ត្រឹម​ព្រមាន​ប្រើប្រាស់​យោធា​ដាក់​អាមេរិក​ឡើយ លោក ប៉ាក់ ក៏​លើក​ពី​ការមិន​ពេញចិត្ត​របស់​ប្រមុខ​ដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ជុំវិញ​ពាក្យសម្ដី​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ទៀតផង​។ ប៉ុន្តែ​មេទ័ព​រូបនេះ​មិនបាន​បញ្ជាក់​ទេ​ថា លោក គីម ខកចិត្ត​កម្រិតណា​ឡើយ​។ សម្រាប់​នាយអគ្គសេនាធិការ​កង​ទ័ព​កូរ៉េខាងជើង​រូបនេះ ផ្លូវ​តែមួយគត់​ដើម្បី​បញ្ចៀស​ជម្លោះ​មិន​ឲ្យ​រាលដាល គឺ​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​មេដឹកនាំ​ទាំងពីរ​តែម្ដង​។​
 
​និយាយ​រឿង​ទំនាក់ទំនង​នេះ មេដឹកនាំ​កូរ៉េខាងជើង និង​ប្រធានាធិបតី​អាមេរិក ត្រូវបាន​មើលឃើញថា មាន​ទំនាក់ទំនង​ល្អប្រសើរ​។ លោក គីម និង​មន្ត្រី​កូរ៉េខាងជើង កម្រ​នឹង​និយាយ​រិះគន់​លោក ត្រាំ ដោយ​ចំហ​ណាស់ ហើយ​ពេលខ្លះ​ថែមទាំង​សរសើរ​ទៀតផង​។ លោក ត្រាំ វិញ ក៏​និយាយ​ជា​ញឹកញយ​ពី​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក គីម ផង ខណៈ​មេដឹកនាំ​ទាំងពីរ​ក៏បាន​ផ្ញើ​សារ​ឆ្លើយ​ឆ្លងទៅ​មកជា​ច្រើនសារ​ផងដែរ​។  
 
​ការព្រមាន​ប្រើ​កម្លាំង​ទ័ព​ទៅមក​នេះ ធ្វើឡើង​ខណៈដែល​ឱសានវាទ​កំណត់ដោយ​កូរ៉េខាងជើង​ឲ្យ​អាមេរិក​ដាក់ចេញ​គោលនយោបាយ​ចរចា​ថ្មី​រឿង​នុយក្លេអ៊ែរ​ខិត​កាន់តែ​ជិត ឯ​ការចរចា​ក៏​ជាប់គាំង​មិន​ទៅមុខ​ដដែល​។ បក្ស​ពលករ​កូរ៉េខាងជើង នឹង​បើក​ជំនួប​នៅ​ចុងខែ​ធ្នូ​នេះ ដើម្បី​ជជែក​ពី​បញ្ហា​ក្នុងស្រុក និង​ក្រៅ​ស្រុក ដោយ​ការចរចា​ជាមួយ​អាមេរិក​ទំនងជា​ស្ថិត​លើ​តុ​ប្រជុំ​ផងដែរ​។ គេ​រំពឹងថា ក្រុង​ព្យុងយ៉ាង អាច​ផ្លាស់ប្ដូរ​ផ្លូវ​ដើរ​របស់ខ្លួន​មិន​ខាន​៕

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com