ភ្នំពេញ៖ កម្ពុជាអាចនាំផ្លែស្វាយទៅកូរ៉េខាងត្បូង ពី២០ ទៅ៣០តោនក្នុងមួយថ្ងៃ នៅចុងឆ្នាំ២០១៩នេះ ឬខែមករា ឆ្នាំ២០២០។ នេះបើតាមលោក ងិន ឆាយ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ដើម្បីអនុវត្តតាមរយៈកិច្ចព្រមព្រៀងគ្នានេះ កម្ពុជាបានរៀបចំបច្ចេកទេសឱ្យស្របតាមស្ដង់ដារ ដែលបានកំណត់។ ត្រង់ចំណុចនេះ លោក ងិន ឆាយ បានសង្កត់ធ្ងន់ថា ស្ដង់ដារដែលកម្ពុជា ត្រូវអនុលោមតាមនោះ គឺមានការដាំដុះ និងប្រើប្រាស់ថ្នាំគីមី ក្នុងកម្រិតមួយច្បាស់លាស់ ,បច្ចេកទេសពិនិត្យគុណភាព , ការសម្លាប់មេរោគ និងវេចខ្ចប់តាមស្ដង់ដារអនាម័យឱ្យបានត្រឹមត្រូវជាដើម។
ក្រៅពីចំណុចខាងលើ កម្ពុជា ក៏ត្រូវពិនិត្យមើលលទ្ធភាពក្នុងការនាំចេញផងដែរ។ ថ្លែងក្នុងសន្និសីទកាសែត ស្តីពីប្រភេទពូជស្វាយ និងទីផ្សារអន្តរជាតិ នៅថ្ងៃទី៥ ធ្នូ នេះ លោក ងិន ឆាយ បានអះអាងថា កម្ពុជាកំពុងចរចាជាមួយជើងហោះហើរកូរ៉េ ក្នុងការកំណត់តម្លៃដឹកជញ្ជូន ក្នុងលក្ខខណ្ឌមួយសមរម្យ ដែលអាចជួយឱ្យកម្ពុជា មានលទ្ធភាពនាំចេញទៀតផង។
បើតាមអគ្គនាយកដ្ឋានកសិកម្មរូបនេះ បច្ចុប្បន្ន មានក្រុមហ៊ុន Hyundai Agro របស់កូរ៉េ បានរៀបចំកសិដ្ឋានដាំស្វាយ និងបច្ចេកទេសនៅកម្ពុជា សម្រាប់នាំចេញស្វាយទៅទីផ្សារកូរ៉េ។ ហើយក្រុមហ៊ុននេះ ក៏មានគម្រោងប្រមូលស្វាយពីកសិដ្ឋានណា ដែលអនុវត្តតាមស្ដង់ដារអនាម័យ សម្រាប់នាំចេញផង។
ក្រៅពីក្រុមហ៊ុនកូរ៉េនេះ កសិដ្ឋានដាំស្វាយ ក្នុងវិស័យឯកជន ក៏អាចនាំចេញទៅទីផ្សារប្រទេសកូរ៉េដែរ។ ក្រសួងកំពុងរៀបចំដំណើរការបែបបទ និងនីតិវិធីច្បាប់ សម្រាប់វិស័យឯកជន ដែលចាប់អារម្មណ៍លើការនាំចេញផ្លែស្វាយនេះ។ នេះជាការបញ្ជាក់របស់លោក ងិន ឆាយ ។
កម្ពុជា និងកូរ៉េ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង លើការនាំចេញផ្លែស្វាយ កាលពីឆ្នាំ ២០១៥មកម្ល៉េះ។ ហើយការនាំចេញនេះ គឺធ្វើឡើងតាមរយៈក្រុមហ៊ុន Hyundai Agro នៅកម្ពុជា ដែលជាក្រុមហ៊ុនបណ្តាក់ទន់រួមគ្នា រវាងក្រុមហ៊ុន Hyundai Corporation និងដៃគូក្នុងស្រុក គឺក្រុមហ៊ុន Mao Legacy ដែលមានដីស្វាយចម្ការ ៤០០ ហិកតានៅខេត្តកំពង់ស្ពឺ។ នេះបើតាមការបញ្ជាក់របស់លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្មកន្លងមក។
បន្ថែមពីនេះកម្ពុជា ក៏គ្រោងនាំផ្លែស្វាយចូលទីផ្សារប្រទេសចិន នៅខែមេសា ឬឧសភា ឆ្នាំ២០២០ខាងមុខដែរ។ ប៉ុន្តែមិនទាន់កំណត់កូតានាំចេញប៉ុន្មាននោះទេ។ លោក ងិន ឆាយ អះអាងបែបនេះ នៅក្នុងសន្និសីទកាសែត ស្តីពីប្រភេទពូជស្វាយ និងទីផ្សារអន្តរជាតិ។
មិនត្រឹមតែទីផ្សារកូរ៉េ និងចិន នេះ បច្ចុប្បន្នផ្លែស្វាយកម្ពុជា ក៏កំពុងនាំចេញទៅកាន់បណ្តាប្រទេសអ៊ឺរ៉ុប តាមរយៈក្រុមហ៊ុន Kingdom Fruits International ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ម៉ុងឬទ្ធីគ្រុប រួចមកហើយ៕