ជាតិ
អគ្គលេខាធិការ​អង្គការ​អន្ដរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី​ទស្សនា​ប្រាសាទបាយ័ន និង​អង្គរវត្ត​
05, Dec 2019 , 2:43 pm        
រូបភាព
​សៀមរាប​៖ អគ្គលេខាធិការ​អង្គការ​អន្ដរជាតិ ហ្វ្រ​ង់​កូហ្វី​នី (OIF) បានធ្វើ​ទស្សនកិច្ច​ផ្លូវការ​មកកាន់​រមណីយ​ដ្ឋា​ន​អង្គរ ដែល​ក្នុងនោះ​លោកស្រី ល្វី​ស មូ​ស៊ី​គី​វ៉ា​បូ បាន​ទៅ​ទស្សនា​ប្រាសាទបាយ័ន និង​បញ្ចប់​ការ​ទស្សនា​ប្រាសាទអង្គរវត្ត នៅ​ម៉ោងជាង​១០​ព្រឹក ថ្ងៃទី​៥ ធ្នូ​។​

 
​មគ្គុទ្ទេសក៍​សម្រាប់​ប្រតិភូ​អគ្គលេខាធិការ ហ្វ្រ​ង់​កូ​ហ្វូ​នី លោក អ៊ឹម សុខ​រិទ្ធី បានឱ្យដឹង​ភ្លាមៗ​ក្រោយ​បញ្ចប់​ទស្សនកិច្ច​នៅពេលនោះ​ថា លោកជំទាវ ល្វី​ស មូ​ស៊ី​គី​វ៉ា​បូ ចាប់អារម្មណ៍​ទៅនឹង​វិសាលភាព​ដ៏​ធំធេង​របស់​ក្រុង​អង្គរ​នា​សម័យបុរាណ ដែល​លាតសន្ធឹង​លើ​ផ្ទៃដី​ប្រមាណ​៦​ពាន់​គីឡូ​ម៉ែត្រក្រឡា និង​ចម្ងល់​មួយចំនួនទៀត​ទាក់ទង​នឹង​សំណង់​ប្រាសាទ បច្ចេកទេស​សាងសង់ ថ្ម​និង​មធ្យោបាយ​ដឹកជញ្ជូន​មក​សាងសង់​ជាដើម​។​ល​។ ក្នុង​ទស្សនកិច្ច​នៅ​ប្រាសាទអង្គរវត្ត លោកស្រី ល្វី​ស ក៏បាន​ចូល​មើល​ការដ្ឋាន​ជួសជុល​ស្ពាន​ហាល​ខាងលិច​ដែល​កំពុង​ជួសជុល និង​បានដឹង​ពី​បច្ចេកទេស​ជួសជុល ក៏ដូចជា​ប្រវត្តិ​ជួសជុល​កន្លងមក តាំងពី​សម័យ​អតីតកាល ក៏ដូចជា​ការជួសជុល​នៅ​សម័យ​បារាំង​។​
 
​គួរ​បញ្ជាក់ថា ទស្សនកិច្ច​ផ្លូវការ​របស់លោក​ស្រី​អគ្គលេខាធិការ​អង្គការ​អន្ដរជាតិ ហ្វ្រ​ង់​កូ​ហ្វ​នី ប្រព្រឹត្តិ​ទៅក្នុង​ពេល​ដំណាលគ្នា​នឹង​មហាសន្និបាត​អភិបាលក្រុង​និយាយ​ភាសា​បារាំង (AIMF) នៅ​រាជធានី​ភ្នំពេញ ដែលជា​ព្រឹត្តិការណ៍​ហ្វ្រ​ង់​កូហ្វី​នី​ដ៏​សំខាន់​មួយ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ​នៅ​កម្ពុជា លោកស្រី​បាន​ចូល​ក្រាបថ្វាយបង្គំ​គាល់ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួប​សម្ដែង​ការគួរសម​ចំពោះ​សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ពិភាក្សា​ការងារ​ជាមួយ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហ​ប្រតិ​ប​ត្ដិ​ការ​អន្ដរជាតិ លោក  ប្រាក់ សុខុន និង​ថ្នាក់ដឹកនាំ​មួយ​ជាន់ខ្ពស់​ចំនួន​ទៀត​៕

​សូម​ទស្សនា ទិដ្ឋភាព​មួយចំនួន​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅតាម​ប្រាសាទបាយ័ន និង​ប្រាសាទអង្គរវត្ត​របស់​លោកស្រី ល្វី​ស មូ​ស៊ី​គី​វ៉ា​បូ អគ្គលេខាធិការ​អង្គការ​អន្ដរជាតិ ហ្វ្រ​ង់​កូ​ហ្វូ​នី ដូចតទៅ​
 




























Tag:
 បារាំង​
  ហ្វ្រ​ង់​កូ​ហ្វូ​នី​
© រក្សាសិទ្ធិដោយ thmeythmey.com