ជាតិ
សង្គមជាតិ
ចាប់​វៀតណាម​៤​នាក់ ជាមួយ​ថ្នាំញៀន​ដល់​ទៅ​ជាង​៨៤​គីឡូក្រាម
05, Dec 2019 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​កម្លាំង​សមត្ថកិច្ច បាន​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​ទីតាំង​ចំនួន​២ ក្នុង​រាជធានី​ភ្នំពេញ ដោយ​ចាប់បាន​ជនជាតិ​វៀតណាម​៤​នាក់ (​ស្រី​២​នាក់​) រួមជាមួយ​ថ្នាំញៀន​ជាង​៨៤​គីឡូក្រាម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​កម្ពុជា នៅ​យប់​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៩​។


 
​ប្រតិបត្តិ​ការបង្ក្រាប​ប​ទ​ល្មើស​គ្រឿងញៀន​នេះ មានការ​បញ្ជា​ផ្ទា​ល់ពី​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​។ ការបង្ក្រាប​នេះ បាន​ធ្វើឡើង​តាំងពី​យប់​ថ្ងៃទី​៣ ខែធ្នូ​មក នៅ​ចំណុច​ផ្ទះជួល​មួយ ក្រោយ​មន្ទីរពេទ្យ​របេង ផ្លូវ​១១៣ ភូមិ​៣ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង​។ 
 
​នគរបាលជាតិ ចុះផ្សាយ​ថា ក្រោយ​ចាប់ខ្លួន និង​សួរនាំ​រួច កម្លាំង​សមត្ថកិច្ច បាន​នាំ​ជនសង្ស័យ បន្ត​ចុះ​ឆែកឆេរ​ទីតាំង​កែច្នៃ​គ្រឿងញៀន ស្ថិតនៅ​ផ្ទះ​លេខ​១៦៨ ផ្លូវ​លេខ​១១២ ភូមិ​របោះ​អង្គា​ញ់​១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ដោយ​រកឃើញ​សារធាតុ​ញៀន​ជាច្រើន​ទៀត​។ សារធាតុ​ញៀន​សរុប ដែល​សមត្ថកិច្ច បាន​រកឃើញ​នៅ​គោលដៅ​ទាំង​២​នេះ មាន​ជាង​៨៤​គីឡូក្រាម ហើយ​សារ​ធាតុគីមី​ផ្សំ​សរុប មាន​ជាង​២៨​គី​ឡូង​ក្រាម រួមជាមួយ​វត្ថុ​កែច្នៃ​ផ្សេងៗ​ទៀត​។  
 
​ជនសង្ស័យ​ជា​ជនជាតិ​វៀត​ណាត​ទាំង​៤​នាក់​នោះ គឺ ទី​១ ឈ្មោះ Nguyen Yuan Anh ភេទ​ប្រុស កើត​ឆ្នាំ​១៩៩៥ ទី​២ ឈ្មោះ Phuong Hoang Veit ភេទ​ប្រុស កើត​ឆ្នាំ​១៩៩៦ ទី​៣ ឈ្មោះ Nguyen Thi Thuy Ngoc ភេទ​ស្រី កើត​ឆ្នាំ​១៩៨៨ និង ទី​៤ ឈ្មោះ Nguyen Thi Thuy Ngan ភេទ​ស្រី កើត​ឆ្នាំ​១៩៩០​។ 
 
​បន្ទាប់​បញ្ចប់​ការ​ឆេ​ក​ឆេរ កម្លាំង​សមត្ថកិច្ច បាន​នាំ​ជនសង្ស័យ​ទាំង​៤​នាក់ និង​វត្ថុតាង ទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​កសាង​សំណុំរឿង​ទៅ​តុលាការ​។ 
 
​នគរបាលជាតិ បញ្ជាក់​ដូច្នេះ​ថា​៖«​ពាក់ព័ន្ធ​ករណី​ខាងលើ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​ចង្អុល​ដឹកនាំ​អង្គភាព​ជំនាញ ឲ្យ​បន្ត​ស្រាវជ្រាវ ដើម្បី​តាម​ចាប់​មេខ្លោង និង​បង្ក្រាប​ឲ្យ​ដល់​ឫសគល់​»៕ 

Tag:
 ជនជាតិ​វៀតណាម​
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com