អន្តរជាតិ
ចិន ព្រមាន​ចាត់វិធានការ​តប ក្រោយ​សភា​អាមេរិក​អនុម័ត​សេចក្តីស្នើច្បាប់​ស្ដីពី​ស៊ីន​ជាំ​ង​
05, Dec 2019 , 7:39 pm        
រូបភាព
លោកស្រីអ្នកនាំពាក្យចិន Hua Chunyingនិយាយនៅក្នុងវេទិកាមួយ។
លោកស្រីអ្នកនាំពាក្យចិន Hua Chunyingនិយាយនៅក្នុងវេទិកាមួយ។
​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃទី​៤ ខែធ្នូ បាន​ព្រមាន​ចាត់វិធានការ​តប​វិញ បន្ទាប់ពី​សភាតំណាងរាស្ត្រ​អាមេរិក បានអនុម័ត​ក្នុង​សម្លេងគាំទ្រ​យ៉ាងច្រើន​លើសលុប​លើ​សេចក្តីស្នើច្បាប់​ស្តីពី​ជនជាតិ​វី​ហ្គ័​រ​។ សេចក្តីស្នើច្បាប់​នេះ នឹង​បើកផ្លូវ​ឲ្យ​រដ្ឋាភិបាល​អាមេរិក មាន​សិទ្ធិ​ដាក់ទណ្ឌកម្ម​ទៅលើ​មន្ត្រីជាន់ខ្ពស់​ចិន ដែលមាន​ជាប់ទាក់ទង​ទៅនឹង​ការបង្ក្រាប​ជនជាតិ​វី​ហ្គ័​រ​នៅ​ខេត្ត​ស៊ីន​ជាំ​ង​ភាគ​ខាងលិច​។



អត្ថបទទាក់ទង
  
​ប៉ុន្មាន​ម៉ោង​ក្រោយ​ប៉ុណ្ណោះ បន្ទាប់ពី​សភាតំណាងរាស្ត្រ​អាមេរិក បានអនុម័ត​សេចក្តីស្នើច្បាប់​ស្តីពី​ជនជាតិ​វី​ហ្គ័​រ​ក្នុង​សំឡេង​ដ៏​ច្រើន​លើសលុប​នៅ​ថ្ងៃទី​៤ ខែធ្នូ ក្រសួងការបរទេស​ចិន បាន​ចេញមុខ​ព្រមាន ទីក្រុង​វ៉ាស៊ីនតោន​យ៉ាងច្បាស់ៗ​ថា​៖ «​សម្រាប់​ពាក្យ និង​សកម្មភាព​ខុសឆ្គង​ទាំងអស់​...​តម្លៃ​ទាំងនោះ ត្រូវតែ​មានការ​តបស្នង​»​។ ប៉ុន្តែ​ការព្រមាន​នេះ ចិន​មិនបាន​បញ្ជាក់​ពី​វិធានការ​ជាក់លាក់​ណាមួយ ដើម្បី​ឆ្លើយតប​ទៅនឹង​អាមេរិក​នោះឡើយ​។ 
 
​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន អ្នកនាំពាក្យ​ចិន​ក្រសួងការបរទេស​ចិន លោកស្រី Hua Chunying បាន​គូសបញ្ជាក់ថា សេចក្តីស្នើច្បាប់​អាមេរិក គឺ​បំផ្លាញ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ចិន ក្នុងការ​លុបបំបាត់ចោល​ភាពជ្រុលនិយម និង​ការប្រយុទ្ធ​ប្រឆាំងនឹង​ភេរវកម្ម​។ 
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ថា តើ​សេចក្តីស្នើច្បាប់​ស្តីពី​ជនជាតិ​វី​ហ្គ័​រ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង ចិន និង​អាមេរិក​ឬទេ​? លោកស្រី​អ្នកនាំពាក្យ មិនបាន​បញ្ជាក់​ចម្លើយ​ត្រង់ៗ​តែម្តង​ឡើយ​។ លោកស្រី Hua គ្រាន់តែ​អះអាងថា វា​គ្មាន​ផ្លូវ​ទេ ដែល​សេចក្តីស្នើច្បាប់​មួយ​នេះ អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​អាមេរិក និង​ចិន និង​កិច្ចសហប្រតិបត្តិការ​សំខាន់ៗ​រវាង​ប្រទេស​ទាំងពីរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ 
 
​បន្ទាប់ពី​មានការ​អនុម័ត​លើ​ច្បាប់​ស្តីពី​ជនជាតិភាគតិច​វី​ហ្គ័​រ អនុរដ្ឋមន្ត្រី​ការបរទេស​ចិន ឈី​ន កាង ក៏បាន​កោះហៅ​លោក William Klein ភារធារី​ស្ថានទូត​មន្ត្រី​ប្រចាំ​ប៉េកាំង​ដើម្បី​និយាយ​ពី​បញ្ហា​នេះ​។ ពាក់ព័ន្ធ​ការកោះហៅ​នេះ អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក បានចង្អុលបង្ហាញ​ថា ទីក្រុង​វ៉ាស៊ីនតោន នៅតែ​ទទូច​ឲ្យ​ទីក្រុង​ប៉េកាំង ទម្លាក់ចោល​គោលនយោបាយ​ដ៏​ព្រៃផ្សៃ​នេះ ដែល​ចាត់ទុក​ប្រជាជន​របស់ខ្លួន​ក្នុង​ទឹកដី​ស៊ីន​ជាំ​ង ជា​ភេរវជន​។ 
 
​សូមបញ្ជាក់ថា សភាតំណាងរាស្ត្រ​អាមេរិក បានអនុម័ត​លើ​សេចក្តីស្នើច្បាប់​ស្តីពី​ជនជាតិ​វី​ហ្គ័​រ​ក្នុង​សំឡេង​យ៉ាងច្រើន​លើសលុប​។ ពោលគឺ​ក្នុង​សំឡេង​ស្រប ៤០១ និង ១​សំឡេង​ប្រឆាំង​។ បន្ទាប់​ពីនេះ សេចក្តីព្រាងច្បាប់​ខាងលើ នឹងត្រូវ​បញ្ជូនទៅ​ព្រឹទ្ធសភា​អាមេរិក មុននឹង​ទៅដល់​តុ​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​។ ប្រសិនបើ​សេចក្តីស្នើច្បាប់​មួយ​នេះ ចូល​ជា​ធរមាន​មែន វា​នឹង​បើកផ្លូវ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន ដាក់ទណ្ឌកម្ម​ទៅលើ​មន្ត្រីជាន់ខ្ពស់​ចិន និង​ការនាំចេញ​មួយចំនួន​ទៅ​ប្រទេស​ចិន​៕ 

Tag:
 ចិន​
  អាមេរិក​
  វី​ហ្គ័​រ​
© រក្សាសិទ្ធិដោយ thmeythmey.com