ជាតិ
លោក ស៊ុន ចាន់ថុល ស្នើទៅរដ្ឋាភិបាល ឱ្យជួយសម្រួលដល់ការប្ដូរផ្លាកលេខយានយន្ត មកQR Code ឥតបង់កម្រៃ
× ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា លោកបានដាក់សំណើរទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឲ្យពិចារណាបញ្ចេញថវិកាចំពោះការឲ្យពលរដ្ឋប្ដូរមកប្រើផ្លាកលេខមានឃ្យូអកូដ(QR Code) មុននឹងដាក់ចូលឲ្យប្រមុខរដ្ឋាភិបាលសម្រេច។ មានន័យថា បើរដ្ឋាភិបាលយល់ព្រមលើសំណើរនេះ នោះម្ចាស់យានយន្តត្រូវប្ដូរផ្លាកលេខចាស់ មកផ្លាកលេខមានQR Code ដោយមិនចាំបាច់បង់កម្រៃ ពោលគឺរដ្ឋជាអ្នកចំណាយថវិកាជំនួស។
«ខ្ញុំបានធ្វើសំណើរទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យពិចារណាថាតើរដ្ឋាភិបាលអាចបញ្ចេញលុយជំនួសប្រជាពលរដ្ឋ ដែលមានផ្លាកលេខចាស់ ឲ្យមកយកផ្លាកលេខថ្មីដែលមានQR Code ប៉ុន្តែការស្នើសុំនេះមិនទាន់បានសម្រេចនៅឡើយទេ ដោយមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កំពុងធ្វើការជាមួយមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឲ្យបានគ្រប់ជ្រុងជ្រោយហើយបានដាក់សំណើទៅសម្ដេច ហ៊ុន សែន សុំការឯកភាព»។ នេះជាការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល ។
ប្រសាសន៍លោក ស៊ុន ចាន់ថុល ដែលថ្លែងប្រាប់អ្នកកាសែតក្រោយវេទិកាស្ដីពីភាពចល័តក្នុងទីប្រជុំជន នៅថ្ងៃទី៥ខែធ្នូ៖
លោក ស៊ុន ចាន់ថុល ឲ្យដឹងថា ការដែលកម្ពុជាប្ដូរមកផ្លាកលេខ QR Code ទាំងអស់គ្នា គឺល្អណាស់ ព្រោះផ្លាកលេខប្រភេទនេះ មានបញ្ចូលទិន្នន័យព័ត៌មានបច្ចុប្បន្នភាពផ្សេងៗរបស់យានយន្ត ដូចជាឈ្នោះម្ចាស់យានយន្ត ការបង់ពន្ធ ជាដើម។ ម្យ៉ាងទៀត ការប្រើ QR Code នេះ ត្រូបានលោក ស៊ុន ចាន់ថុល អះអាងថានឹងលុបបំបាត់ផ្លាកលេខក្លែងក្លាយ៕
Tag:
ស៊ុន ចាន់ថុល
ផ្លាកលេខQR Code
យានយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com