អន្តរជាតិ
កូរ៉េខាងត្បូង និងចិន យល់ព្រមស្តារទំនាក់ទំនងឡើងវិញ បន្ទាប់ពីមើលមុខគ្នាមិនចំមួយរយៈ រូបភាព៖ CGTN
× កូរ៉េខាងត្បូង និងចិន បានយល់ព្រមស្តារទំនាក់ទំនងរបស់ខ្លួនមកធម្មតាឡើងវិញ បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរ បានមើលមុខគ្នាមិនចំ ដោយសារការបំពាក់ប្រព័ន្ធខែលមីស៊ីលអាមេរិក THAAD នៅក្នុងទឹកដីកូរ៉េខាងត្បូង។ នេះបើតាមការអះអាងរបស់មន្ត្រីទីក្រុងសេអ៊ូលនៅថ្ងៃទី៤ ខែធ្នូ។
ជាលើកដំបូងក្នុងរយៈពេល ៤ឆ្នាំ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងប្រមុខការទូតចិន បានធ្វើដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង។ ដំណើរទស្សនកិច្ចនេះ ជាសញ្ញាបង្ហាញពីភាពល្អប្រសើរក្នុងទំនាក់ទំនងទ្វេភាគីរវាងអ្នកជិតខាងទាំងពីរ ដែលញាំញីដោយបញ្ហាពង្រាយប្រព័ន្ធការពារមីស៊ីលអាមេរិក (THAAD) នៅកូរ៉េខាងត្បូង។
ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រមុខការទូតចិន បានជួបជាមួយសមភាគីកូរ៉េខាងត្បូងលោកស្រី កាង ឃ្យុងវ៉ា (Kang Kyung-wha) និងលោក មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង។
តាមរយៈជំនួបរវាងរដ្ឋមន្ត្រី ភាគីទាំងពីរ បានយល់ព្រមស្តារទំនាក់ទំនងការទូតឡើងវិញ បន្ទាប់ពីទីក្រុងសេអ៊ូល និងទីក្រុងប៉េកាំង បានជួបបញ្ហារកាំរកូសជាមួយគ្នា ដោយសារការបំពាក់ប្រព័ន្ធខែលមីស៊ីល THAAD ។ បើតាមមន្ត្រីក្រសួងការបរទេសម្នាក់ ដែលបានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីជំនួបរវាងលោក វ៉ាង និងលោកស្រី កាង ភាគីទាំងពីរបានសម្រេចស្តារទំនាក់ទំនងចិន និងកូរ៉េខាងត្បូងឲ្យមកធម្មតាវិញ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រៅពីបញ្ហាការស្តារទំនាក់ទំនងការទូតឡើងវិញ ភាគីទាំងពីរក៏បានជជែកពីការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនផងដែរ។ បញ្ហាកូរ៉េខាងជើង នៅតែជារបៀបវារៈដ៏សំខាន់ក្នុងជំនួបមួយនេះ។ ជាក់ស្តែងប្រមុខការទូតរបស់ប្រទេសទាំងពីរ បានយល់ព្រមសហការ ក្នុងការសម្របសម្រួលកិច្ចចរចារំសាយកម្មវិធីនុយក្លេអ៊ែររវាងអាមេរិក និងកូរ៉េខាងជើងផងដែរ។ បើតាមជំនួបលោក វ៉ាង និងលោកស្រី កាង ភាគីទាំងពីរបានគូសបញ្ជាក់យ៉ាងដូច្នេះថា សន្តិភាព គួរតែត្រូវបានការពារ ហើយសង្គ្រាមមិនត្រូវឲ្យកើតមានជាដាច់ខាត។
អស់ពីជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស លោកវ៉ាងក៏ត្រូវជួបជាមួយប្រធានាធិបតី មូន ផងដែរ។ កិច្ចប្រជុំនេះ ត្រូវបានគេរំពឹងថា នឹងលើកឡើងពីបញ្ហាកូរ៉េខាងជើង និងការរឹងចំណងការទូតជាដើម។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចចុងក្រោយរបស់លោកវ៉ាង យីទៅកូរ៉េខាងត្បូង គឺនៅក្នុងឆ្នាំ ២០១៥។ កាលនោះ លោកវ៉ាង បានចូលរួមក្នុងកិច្ចប្រជុំត្រីភាគីរដ្ឋមន្ត្រីការបរទេសរវាងកូរ៉េខាងត្បូង ចិន និងជប៉ុន៕
© រក្សាសិទ្ធិដោយ thmeythmey.com