លោក ស៊ុន ចាន់ថុល​៖ កុំ​ខ្លាច​ប៉ូលិស តែ​ត្រូវ​ខ្លាច​ច្បាប់ និង​សេចក្តីស្លាប់ ទើប​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​
ជាតិ
សង្គមជាតិ
លោក ស៊ុន ចាន់ថុល​៖ កុំ​ខ្លាច​ប៉ូលិស តែ​ត្រូវ​ខ្លាច​ច្បាប់ និង​សេចក្តីស្លាប់ ទើប​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​
05, Dec 2019 , 9:59 pm        
រូបភាព
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង​ដឹកជញ្ជូន នាថ្ងៃទី០៣ ខែ​ឆ្នូ ​ រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង​ដឹកជញ្ជូន នាថ្ងៃទី០៣ ខែ​ឆ្នូ ​ រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
​ភ្នំពេញ​៖ ពលរដ្ឋ​កុំ​ខ្លាច​ប៉ូលិស តែ​ត្រូវ​ខ្លាច​ច្បាប់ និង​សេចក្តីស្លាប់ ទើប​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​។ នេះ​ជាការ​លើកឡើង​របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នា​ថ្ងៃទី​៣ ខែធ្នូ​។​


 
​ដើម្បី​ចូលរួម​កាត់បន្ថយ​ការគ្រោះថ្នាក់​ចរាចរណ៍​នេះ ក្រសួង​បានដាក់​វិធានការ​កាត់បន្ថយ​អត្រា​ការស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ តាមរយៈ​ការបំពាក់​ស្លាក​សញ្ញា បិទ​ចំណាំងផ្លាត ជួសជុល ថែទាំ​ផ្លូវ និង​បង្កើត​យុទ្ធនាការ​ផ្សេងៗ​។ បើតាម​លោក ស៊ុន ចាន់ថុល ក្រសួង​ក៏​បង្កើន​ការដាក់​កាមេរ៉ា​តាមផ្លូវ និង​ប្រើ​វិធាន​ការចាប់​រថយន្ត​ដែល​បើកបរ​លើស​ល្បឿន​កំណត់ និង​រំលោភច្បាប់​ចរាចរណ៍​។ «​កាលណា​មាន​អ្នក​ល្មើស​វិធានការ​នេះ ក្រសួង​នឹង​ពិន័យ​ដល់ផ្ទះ និង​ផ្សព្វផ្សាយ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ នៅ​ពេលយប់​អាជ្ញាធរ​នឹង​ដើរ​ល្បោ​ត​ឆ្មក់​ពេលយប់​នៅតាម​ផ្លូវ និង​ការដាក់​ជញ្ជីង​លើ​ដងផ្លូវ​មុខ​រោងចក្រ​ផលិត​ស៊ីម៉ងត៍ និង​បិទ​យានដ្ឋាន​ខុសច្បាប់​ផងដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ​។​
 
​បន្ថែម​ពីនេះ លោក ស៊ុន ចាន់ថុល ប្រាប់​ឲ្យ​ម្ចាស់​រថយន្ត​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការយក​រថយន្ត​ទៅ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ និង​ទៀងទាត់ ដើម្បី​កាត់បន្ថយ​អត្រា​នៃ​ការរង​របួស​ធ្ងន់ធ្ងរ​ឲ្យ​មក​ត្រឹម​៥០​ភាគរយ ត្រឹម​ឆ្នាំ​២០២០ ស្របតាម​គោលដៅ​ទសវត្សរ៍​របស់​អង្គការសហប្រជាជាតិ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។ ជាមួយគ្នានេះ មន្ត្រីនគរបាល ត្រូវ​ប្រឹងប្រែង​ប្រើ​យុទ្ធសាស្ត្រ និង​នីតិវិធី ដែល​ធ្វើយ៉ាងណា​ឲ្យ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ថយចុះ​។​
 
​គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល​១០​ខែ ឆ្នាំ​២០១៩ មានការ​កើនឡើង​ដល់​៧៦១​ករណី បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៨​។ ក្នុងនោះ​មាន​អ្នកស្លាប់​ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជាង​១៦០០​នាក់​។ ក្នុងចំណោម​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ភាគច្រើន​នៅតាម​បណ្តា​ខេត្ត​មួយចំនួន គឺ​រាជធានី​ភ្នំពេញ​មាន​អ្នកស្លាប់​២៧៤​នាក់ ខេត្ត​ព្រះសីហនុ​មាន​អ្នកស្លាប់ ១២៨​នាក់ ខេត្តកណ្តាល​មាន​អ្នកស្លាប់ ១២៦​នាក់ និង​ខេត្តកំពង់ស្ពឺ​មាន​អ្នកស្លាប់​ចំនួន ២១២៥​នាក់​។ នេះ​បើតាម​របាយការណ៍​ដែល​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានលើកឡើង​នា​ពិធី​ប្រារព្ធ​ទិវា​អន្តរជាតិ​រម្លឹក​ដល់​ជនរងគ្រោះ​ផ្លូវគោក នា​ថ្ងៃទី​២៤ ខែវិច្ឆិកា​៕ 

Tag:
 លោក ស៊ុន ចាន់ថុល​
 ​ប៉ូលិស​
 ​ច្បាប់​
 ​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com