ONE Championship
កីឡាជាតិ
ជាតិ
Sangmanee ច្បាស់​ជា​កីឡាករ​ល្អ​បំផុត​ម្នាក់​នៅ​សង្វៀន ONE
05, Dec 2019 , 8:39 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​កីឡាករ​ប្រដាល់​ជើង​ខ្លាំង​ថៃ Sangmanee Sathian MuayThai ជា​កីឡាករ​កំពូល​ម្នាក់​ក្នុងចំណោម​អ្នកលេង​ក្បាច់គុន​មួយ​ថៃ​នាពេល​បច្ចុប្បន្ន​។ Sangmanee ក៏​កំពុង​លេចធ្លោ​ខ្លាំង​នៅ​សង្វៀន ONE Championship ផងដែរ បន្ទាប់ពី​ទទួល​ជ័យជម្នះ​កាល​ថ្ងៃទី​៨ វិច្ឆិកា​កន្លងទៅ​ក្នុង​ក​ម្ម​វិធី  ONE: MASTERS OF FATE ដែលជា​ការបង្ហាញ​ខ្លួន​លើកដំបូង​របស់គេ​។


 
Sangmanee រហស្សនាម «Million Dollar Baby» ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ​ជើង​ខ្លាំង​កូនកាត់​បារាំង​-​ម៉ា​រ៉ុ​ក Azize Hlali​។ បន្ទាប់ពី​ទទួល​ជ័យជម្នះ​លើកដំបូង​នេះ រូបគេ​នឹង​អាច​ទទួល​ការផ្គូផ្គង​ឲ្យ​ប៉ះ​កីឡាករ​កំពូលៗ​បន្ថែមទៀត​ទៅ​ថ្ងៃមុខ ហើយ​គេ​រំពឹង «Million Dollar Baby» នឹង​អង្រួន​សង្វៀន​អន្តរជាតិ ONE មុន​ឈានទៅ​ដណ្ដើម​ខ្សែក្រវាត់​កម្រិត​ពិភពលោក​ទៀតផង​។ ដ្បិត​អាយុ​ត្រឹម ២២ ឆ្នាំ ប៉ុន្តែ Sangmanee Sathian MuayThai  ក្រសោប​បាន​ស្នាដៃ​ជាច្រើន​ក្នុង​អាជីព​ទាំង​វ័យក្មេង​គួរ​ឲ្យ​កត់សម្គាល់​។  Sangmanee បានគេច​ផុតពី​ជីវិត​ក្រីក្រ​នៅ​តំបន់​ដាច់ស្រយាល​ដើម្បី​ក្លាយជា​កីឡាករ​កំពូល​ម្នាក់ និង ល្បីឈ្មោះ​នៅ​មូលដ្ឋាន​របស់គេ​ដោយសារតែ​កីឡាប្រដាល់​។  មុនពេល​ឈ្នះ Azize Hlali  ក្នុងការ​ប្រកួត​នៅ​កម្មវិធី ONE Super Series លើកដំបូង នា​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន  Sangmanee បាន​ក្ដោប​ខ្សែក្រវាត់ Muay Thai World Champion ៧​សម័យកាល និង​ខ្សែក្រវាត់​ជាច្រើន​នៅ​ប្រទេស​ថៃ​។ 

 
 
Sangmanee បាន​អភិវឌ្ឍ​ខ្លួន​ក្នុង​អាជីព​ប្រដាល់​បាន​យ៉ាង​ល្អ​បន្ទាប់ពី​កើត​និង​ធំ​ដឹងក្ដី​នៅ​នៅ​តំបន់ Isaan ខេត្ត Khon Kaen ប្រទេស​ថៃ ដែលមាន​ឳ​ពុក​ម្ដាយ​ជា​កសិករ និង​មាន​ជីវភាព​ខ្វះខាត​រក​ព្រឹក​ខ្វះ​ល្ងាច​។ ពួកគេ​រស់នៅ​មាន​ចំណូល​តិចតួច និង ពឹង​ការធ្វើ​ស្រែចម្ការ​ដើម្បី​ចិញ្ចឹមជីវិត ការរស់នៅ​ពឹង​លើ​ធម្មជាតិ រដូវ​មិន​ទៀត ជួន​រីងស្ងួត ជួន​ទឹកជំនន់  ឬ​ពេលខ្លះ​អាកាសធាតុ​មិនល្អ​អាច​បំផ្លាញ​ស្រូវ​ដំណាំ​ក៏មាន​។ តំបន់​នោះ​ជា​តំបន់​ក្រ​បំផុត មួយ​ស្ថិតក្នុង​ការអភិវឌ្ឍន៍​របស់​ប្រទេស​ថៃ​។  ការ​ដំណាំ​បន្លែបង្ការ​គឺ​ពឹង​លើ​សំណាង​ធម្មជាតិ​។  យ៉ាងណាក្ដី Sangmanee មាន​ឳ​ពុក​ធ្លាប់​ប្រកួត​មួយ​ថៃ​នៅក្នុង​តំបន់​នោះ​ដើម្បី​រកប្រាក់​ចំណូល​បាន​ខ្លះ​មុនពេល​បញ្ចប់​អាជីព​។ 
 
​ពេល Sangmanee អាយុ​៦​ឆ្នាំ ឳ​ពុក​របស់គេ​បានសម្រេច​ចិត្ត​ឲ្យ​កូន​ដើរ​តាម​គន្លង​របស់លោក​ដោយ​បង្ហាត់​កូន​ក្នុង​អាយុ​៦​ឆ្នាំ​នៅផ្ទះ​ទោះ​មាន​បាវ​សាក់​ចាស់​មួយ​នៅមុខ​ផ្ទះ និង មាន​ក្មេងៗ​ចង់​ហាត់​ផងដែរ​។  Sangmanee មាន​ទេពកោសល្យ​ខាង​ក្បាច់​មួយ​ថៃ និង​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​រហូត​ឡើងដល់​ចំណុចកំពូល​។  នៅពេល​មាន​អាយុ ១០ ឆ្នាំ Sangmanee  ត្រូវបាន​គេ​អញ្ជើញ​ទៅ​បាងកក​ដើម្បី​ប្រកួត​យក​ខ្សែក្រវាត់​នៅ​សង្វៀន Assawindam Stadium Title​។  ហើយ​រូបគេ​ក៏​ឈ្នះ​ជើងឯក​ក្រោយ​ការប្រកួត​ចប់​៥​ទឹក​។ 


 
​ពេលវេលា​រង់ចាំ​មកដល់​៖
 
​ឈ្មោះ «Million Dollar Baby» បាន​កើតឡើង​ព្រោះ​ក្បាច់គុន​របស់គេ​ឈានដល់​កម្រិត​ខ្ពស់បំផុត ក្នុង​អាជីព​ពេល​ហាត់​នៅ​ក្លិប 13 Coins Gym នៅ​រាជធានី បាងកក​។ កីឡាករ​ដដែល​វិ​វ​ឌ្ឍ​ខ្លួន​ឆាប់រហ័ស​តាមរយៈ​ការជួយ​ចូក​ជួយ​ចែវ​ពី​គ្រូបង្វឹក និង ជា​វីរបុរស​កីឡាប្រដាល់​ថៃ Saenchai P.K. Saenchaimuaythaigym ជាដើម​។ ត្រឹម​អាយុ​អាយុ​១៥ ឆ្នាំ Sangmanee ឈ្នះ​ខ្សែក្រវាត់​ពិភពលោក 105lb Lumpinee Stadium World Title, ឈ្នះ ខ្សែក្រវាត់ Rajadamnern Stadium World Titles ចំនួន​៣ និង ឈ្នះ​ខ្សែក្រវាត់ S-1 World Title ទៀតផង​។ ជោគជ័យ​ដ៏​ធំធេង​ទាំងនេះ​នាំ​ឲ្យ​រូបគេ​ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំឆ្នាំ Sports Writers Of Thailand Fighter Of The Year នៅ​ឆ្នាំ ២០១២ របស់​ប្រទេស​ថៃ​ក្នុងនាម​កីឡាករ​ល្អ​បំផុត​នៃ​ក្បាច់គុន​មួយ​ថៃ «the art of eight limbs»​។ សុបិន​មិនទាន់​ចប់​ត្រឹមហ្នឹង​ទេ​ម្ចាស់​ខ្សែក្រវាត់ Rajadamnern Stadium ដាក់​គោលដៅ​ដើម្បី​យក​ខ្សែក្រវាត់​កម្រិត​ពិភពលោក​នៅ​សង្វៀន ONE Championship ទៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី​។  គួរ​ដឹង​ដែរ​ថា​ក្រោយ​ឈ្នះ​នៅ​សង្វៀន ONE កីឡាករ Sangmanee Sathian MuayThai កើន​កំណត់ត្រា​ឈ្នះ ១៨១ លើក ចាញ់​២៦​លើក និង ស្មើ​៥​លើក​ក្នុង​អាជីព​របស់ខ្លួន​។ 
 
​កម្មវិធី​បន្ទាប់ សូមកុំ​ភ្លេច​ទស្សនា​កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: MARK OF GREATNESS នៅ​ថ្ងៃទី ៦ ខែ ធ្នូ ខាងមុខ ពី​ក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ចាប់ពី​ម៉ោង ៥:០០ ល្ងាច​តទៅ (​ម៉ោង​កម្ពុជា​)​តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS៕ 

© រក្សាសិទ្ធិដោយ thmeythmey.com