ជាតិ
ស្ថានទូត​ស៊ុយអែត គាំទ្រ​ការពង្រឹង​សមត្ថភាព​ស្រាវជ្រាវ​នៅ​កម្ពុជា​
06, Dec 2019 , 8:29 am        
រូបភាព
​ភ្នំពេញ​៖ យុវជន​កម្ពុជា​ជាច្រើន​នាក់ បាន​ទៅ​សិក្សា និង​ស្រាវជ្រាវ​នៅក្នុង​ប្រទេស​ស៊ុយអែត​។ កម្មវិធីសិក្សា​ថ្នាក់​ឧ​ត្ត​ម​សិក្សា​ប្រកបដោយ​គុណភាព​ខ្ពស់ និង​ការសិក្សា​ស្រាវជ្រាវ បានធ្វើ​ឲ្យ​ប្រទេស​ស៊ុយអែត​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង តាមរយៈ​ការផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​។


 
​នៅក្នុង​កម្មវិធី​ជួបជុំ​បណ្ដាញ​អតីត​និស្សិត​ខ្មែរ​ធ្លាប់​ទៅ​សិក្សា​នៅ​ប្រទេស​ស៊ុយអែត​កាលពី​ល្ងាច​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៩ លោក ប្យ៊​ន ហេ​ក​ម៉ាក (Bjorn Haggmark) ឯកអគ្គរាជទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា បាន​លើកឡើងថា​៖«​ប្រទេស​ស៊ុយអែត មាន​ប្រពៃណី​រឹងមាំ​មួយ​ក្នុង​ការជួយ​ឲ្យ​មនុស្ស​ជាច្រើន​នាក់ ទទួលបាន​អប់រំ​ដល់​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​។ ចំណេះដឹង ជំនាញ​វិភាគ និង​ការគិត​បែប​ស៊ីជម្រៅ មាន​សារៈសំខាន់​សម្រាប់​ជីវិត​ការងារ និង​ការសិក្សា​»​។ 
 
​បើតាម​លោក ប្យ៊​ន ហេ​ក​ម៉ាក បណ្ដាញ​អតីត​និស្សិត​កម្ពុជា​ធ្លាប់​ទៅ​សិក្សា​នៅ​ប្រទេស​ស៊ុយអែត ផ្ដល់ឱកាស​ឲ្យ​និស្សិត​កម្ពុជា​ដែល​ធ្លាប់​ទៅ​សិក្សា​នៅ​ប្រទេស​ស៊ុយអែត​បាន​ជួបជុំគ្នា និង​ភ្ជាប់​ទំនាក់ទំនង​សា​ឡើងវិញ​ជាមួយ​ប្រទេស​ស៊ុយអែត​។ លោក​ឯកអគ្គរាជទូត បន្តថា ការពង្រឹង​ចំណេះដឹង និង​ជំនាញ មាន​សារៈសំខាន់​ខ្លាំង​សម្រាប់​ការអភិវឌ្ឍ​នៅ​គ្រប់​ប្រទេស​ទាំងអស់ ហើយ​ការអប់រំ បណ្ដុះបណ្ដាល​នេះ ធ្វើ​ឲ្យ​សង្គម​បើក​ជំហរ និង​ប្រកបដោយ​ការច្នៃប្រឌិត​។ 


 
​នា​កម្មវិធី​ជួបជុំ​នេះ ស្ថានទូត​ស៊ុយអែត និង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​រៀបរាប់​អំពី​ជំនួយ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​ប្រទេស​ស៊ុយអែត ដើម្បី​ពង្រឹងសមត្ថភាព​ស្រាវជ្រាវ​នៅ​កម្ពុជា​។ សូមបញ្ជាក់ថា កម្មវិធី​ស្រាវជ្រាវ ដែលជា​ការងារ​អាទិភាព​មួយ​របស់​ប្រទេស​មាន​ប្រាក់ចំណូល​ទាប បាន​ជួយ​ដោះស្រាយ​បញ្ហា​ក្នុងស្រុក និង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​។ 
 
​បើតាម​ស្ថានទូត​ស៊ុយអែត ជំនួយ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​ប្រទេស​ស៊ុយអែត​លើ​ផ្នែក​ស្រាវជ្រាវ ឈរលើ​គោលការណ៍​ធំៗ​ចំនួន​៣ គឺ​ការកសាង​សមត្ថភាព ការគាំទ្រ​ដល់​ស្ថាប័ន​ស្រាវជ្រាវ និង ការគាំទ្រ​និ​វា​នុ​វន្ត​។ ជាមួយគ្នានេះ ចាប់តាំងពី​ចុងឆ្នាំ​១៩៧០​មក ប្រទេស​ស៊ុយអែត បាន​គាំទ្រ​កម្មវិធី​អប់រំ​ជាច្រើន ដើម្បី​កសាង​សមត្ថភាព​ផ្នែក​ស្រាវជ្រាវ​នៅតាម​បណ្ដា​ប្រទេស​មាន​ចំណូល​ទាប​។ ប្រទេស​ស៊ុយអែត ស្ថិតនៅ​ក្នុងចំណោម​ម្ចាស់ជំនួយ​ធំៗ និង​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា​៕ 




លោក ប្យ៊ន ហេកម៉ាក ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា 


Tag:
 អប់រំ​
  ការស្រាវជ្រាវ​
  ស៊ុយអែត​
© រក្សាសិទ្ធិដោយ thmeythmey.com