ជាតិ
សេដ្ឋកិច្ច
ធនាគារអភិវឌ្ឍន៍ជនបទ ប្រកាសទុន ៥០លានដុល្លារ សម្រាប់ការទិញស្រូវពីកសិករ
×
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ បានទទួលថវិកា ៥០លានដុល្លារអាមេរិក ពីរដ្ឋាភិបាលដើម្បីប្រែក្លាយធនាគារនេះទៅជាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលជាធនាគារពាណិជ្ជ។ ទុន៥០លានដុល្លារនេះ នឹងត្រូវចាប់ផ្ដើមប្រើប្រាស់ ចាប់ពីថ្ងៃទី៩ខែធ្នូឆ្នាំ២០១៩តទៅ សម្រាប់ការផ្ដល់ឥណទានបម្រើឲ្យវិស័យកសិកម្ម ពិសេសសម្រាប់រក្សាស្ថិរភាពថ្លៃ និងការប្រមូលទិញស្រូវពីកសិករ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារមួយនេះ ដែលចេញផ្សាយនៅល្ងាចថ្ងៃទី៥ខែធ្នូនេះ។
ប្រកាសព័ត៌មាននេះឲ្យដឹងផងដែរថា ក្រុមការងារក្នុងក្របខណ្ឌគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលពាក់ព័ន្ធការតាមដានត្រួតពិនិត្យការអនុវត្តកម្មវិធីពិសេសរបស់រដ្ឋាភិបាលលើវិស័យស្រូវអង្ករ នឹងបើកកិច្ចប្រជុំអន្តរក្រសួង នៅថ្ងៃទី៦ខែធ្នូ ស្អែកនេះ ដើម្បីដោះស្រាយក្នុងវិស័យនេះ។
ធនាគារអភិវឌ្ឍន៍ជនបទ បានអំពាវនាវឲ្យបណ្ដារោងម៉ាស៊ីនកិន-អ្នកប្រមូលទិញស្រូវ បន្តទិញស្រូវក្នុងតម្លៃសមស្រប សម្រាប់ស្តុកទុកធ្វើជាវត្ថុធានា ដើម្បីទទួលបានឥណទានស្របតាមលក្ខខណ្ឌរបស់ធនាគាររដ្ឋមួយនេះ។
គួរបញ្ជាក់ថា ការប្រកាសទុន ៥០លានដុល្លារនៅពេលនេះ គឺស្របពេលដែលអ្នកក្នុងវិស័យនេះ ពិសេសសហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងថា កម្ពុជាត្រូវទុនមិនតិចជាង១០០លានដុល្លារនោះទេ ដើម្បីប្រមូលទិញស្រូវពីកសិករសម្រាប់រដូវប្រមូលផលខាងមុខនេះ ដើម្បីធ្វើឲ្យទីផ្សារស្រូវមានស្ថិរភាពល្អ៕
© រក្សាសិទ្ធិដោយ thmeythmey.com