ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់ដឹង​អត់​? អាថ៌កំបាំង​អ្នក​មិន​ងាយ​ឈឺ​សោះ​មាន​អ្វីខ្លះ​?
29, Jan 2022 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ពេលខ្លះ​អ្នក​ប្រហែលជា​ច្រណែន​នឹង​មនុស្ស​មួយចំនួន​ដែល​ឆ្លងកាត់​រដូវរងារ​ដោយ​មិន​ជួបប្រទះ​បញ្ហា​សុខភាព​អ្វី​បន្តិច​សោះ​សូម្បីតែ​ផ្ដាសាយ​។


 
​នោះ​ក៏​ព្រោះតែ​ពួកគេ​មាន​ប្រព័ន្ធ​ភាពស៊ាំ​រឹងមាំ​! ទោះជា​យ៉ាងណា​អ្នក​ក៏​អាច​ក្លាយជា​មនុស្ស​ដែល​មិន​ងាយ​នឹង​ឈឺ​ផងដែរ​ដោយ​គ្រាន់តែ​កែប្រែ​ទម្លាប់​មិនល្អ​ចេញ ហើយ​ប្រកាន់ខ្ជាប់​នូវ​ទម្លាប់​ដែល​ប្រសើរ​ដូចនេះ​យើង នឹង​បង្ហាញ​ខាងក្រោម​នេះ ៖
 
១. គេង​ឱ្យបាន​គ្រប់គ្រាន់​

​ប្រសិនបើ​ចង់​រក្សាបាន​នូវ​សុខភាព​ល្អប្រសើរ និង​ប្រព័ន្ធ​ភាពស៊ាំ​រឹងមាំ​នោះ​អ្នក​មិនគួរ​គេង​តិចជាង ៧ ម៉ោង​រាល់​យប់​ឡើយ​។ ការ​គេង​បាន​គ្រប់គ្រាន់ គឺ​ចាំបាច់​ណាស់​សម្រាប់​រាងកាយ​ក្នុងការ​ជួសជុល​ស្ដារ​ខ្លួនឯង​ឡើងវិញ​។ លើសពីនេះទៅទៀត​ការ​គេង​បាន​គ្រប់គ្រាន់​រាល់​យប់​ក៏​ជួយ​ឱ្យ​រាងកាយ​ងាយ​នឹង​ទប់ទល់​ជាមួយ​បញ្ហា​ស្ត្រេ​ស​និង​ប្រយុទ្ធប្រឆាំង​មេរោគ​ឆ្លង​ផងដែរ​។​
 
២. ដឹង​ពីអ្វី​ដែល​ត្រូវ​ទទួលទាន​
 
​គ្មាន​អាហារ​អ្វី​ល្អ​ចំពោះ​សុខភាព​រាងកាយ​ជាង​បន្លែ​និង​ផ្លែឈើ​ស្រស់ៗ​ឡើយ​។ ដូច្នេះ​ដើម្បី​ជា​ប្រសើរ​ចូរ រួមបញ្ចូល​បន្លែ​ផ្លែឈើ​ក្នុង​របប​អាហារ​។ របប​អាហារ​មាន​សុខ​ភាពល្អ គឺ​ចាំបាច់​ណាស់​ដើម្បី​រក្សាបាន​នូវ​ប្រព័ន្ធ​ភាពស៊ាំ​រឹងមាំ​។​
 
៣. ឧស្សាហ៍​លាង​សម្អាត​ដៃ​
 
​មិនមែន​មានន័យថា​អ្នក​ចាំបាច់​ត្រូវ​លាង​សម្អាត​ដៃ​រាល់​ពីរ​បី​នាទី​ម្ដង​ឡើយ​។ ដើម្បី​រក្សាបាន​នូវ​សុខភាព​ល្អប្រសើរ អ្នក​គួរ​លាង​សម្អាត​ដៃ ៖
 
•​ ​មុន​និង​ក្រោយពេល​រៀបចំ​អាហារ​
•​ ​មុនពេល​ទទួលទាន​អាហារ​
•​ ​ក្រោយពេល​ចូល​បន្ទប់ទឹក​
•​ ​ក្រោយពេល​ក្អក ឬ​កណ្ដាស់​
 
​ចូរ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​និង​ទឹកស្អាត​រយៈពេល​ប្រហែល ២០ វិនាទី​ដើម្បី​កាត់បន្ថយ​ការឆ្លង​ជំងឺ​ផ្ដាសាយ ឬ​គ្រុនផ្ដាសាយ​បាន​ដល់​ទៅ ៥០ ភាគរយ​។​
 
៤. រីករាយ​សប្បាយចិត្ត​

​វិធី​ដ៏​ប្រសើរ​បំផុត​មួយ​ដើម្បី​អាច​រស់នៅ​បាន​ដោយ​រីករាយ គឺ​ការរក្សា​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ទៀត​មិន​ថា​ជា​មិត្តភក្តិ សមាជិកគ្រួសារ ឬ​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។ ព្យាយាម​គ្រប់គ្រង ឬ​កាត់បន្ថយ​ស្ត្រេ​ស​ដោយ​ចេញទៅ​ក្រៅ​ជាមួយ​ពួកគេ​។ ដឹង​ទេ​ពេលខ្លះ​ត្រឹមតែ​ការ​ឱប​ធម្មតា​ពី​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ក៏​ជួយ​កាត់បន្ថយ​ស្ត្រេ​ស ឬ​ភាព​តានតឹង​ក្នុង​អារម្មណ៍ ហើយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​បាន​យ៉ាង​ប្រសើរ​ផងដែរ​។ នោះ​ក៏​ព្រោះតែ​ស្ត្រេ​ស​រ៉ាំរ៉ៃ​អាច​បណ្ដាលឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​បាន​យ៉ាង​ងាយ​។​
 
៥. ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​
 
​អ្នក​មិនចាំបាច់​ត្រូវធ្វើ​លំ​ហាត់ប្រាណ​ខ្លាំងក្លា​ដើម្បី​រក្សាបាន​នូវ​សុខភាព​ល្អប្រសើរ​ឡើយ ត្រឹមតែ​ការដើរ ឬ​ឡើងជណ្ដើរ​ក៏​ជួយ​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​រឹងមាំ​ទប់ស្កាត់​ជំងឺ​បានជា​ច្រើន​ផងដែរ​។​
 
​សុខភាព​ល្អប្រសើរ គឺជា​កំណប់ទ្រព្យ​មិនអាច​កាត់ថ្លៃ​បាន​។ ដូច្នេះ​អ្នក​ចាំបាច់​គួរ​រក្សា​ឱ្យបាន​នូវ​ទម្លាប់​ល្អៗ​ដូច​បង្ហាញជូន​ខាងលើ​ដើម្បី​ចៀស​ផុតពី​បញ្ហា​សុខភាព ឬ​ជំងឺ​ផ្សេងៗ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com