ជាតិ
វេទិកា​និពន្ធ​នាយក​៖ សម្តេច ហ៊ុន សែន ជំរុញ​អ្នកកាសែត​ឲ្យ​ពង្រឹងសមត្ថភាព​តាម​ការវិវត្ត​បច្ចេកវិទ្យា​
06, Dec 2019 , 9:39 am        
រូបភាព
លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន​ នាវេទិកានិពន្ធនាយក​លើកទី១៦នៅភ្នំពេញ
លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន​ នាវេទិកានិពន្ធនាយក​លើកទី១៦នៅភ្នំពេញ
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៩ បាន​ផ្ញើលិខិត​អបអរសាទរ​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា​លើក​ទី​១៦ ដែល​រៀបចំ​ដោយ​ក្លិប​អ្នកកាសែត​កម្ពុជា​។ ស្រប​នឹង​ប្រធានបទ «​ប្រព័ន្ធ​ផ្សព្វផ្សាយ​សារព័ត៌មាន​កម្ពុជា​ក្នុង​យុគសម័យ​៤.០» ប្រមុខ​រដ្ឋាភិបាល បាន​អំពាវនាវ​ដល់​អ្នកកាសែត​ដែល​បំពេញភារកិច្ច​នៅ​កម្ពុជា ឲ្យ​ខិតខំ​ពង្រឹងសមត្ថភាព​ខ្លួន​បន្ថែមទៀត ដើម្បី​ឆ្លើយតប​ទៅនឹង​ការវិវត្ត​នៃ​បច្ចេកវិទ្យា និង​ការប្រកួតប្រជែង​ទីផ្សារ រួមទាំង​ការរួមចំណែក​ទប់ស្កាត់ បន្សាប​រាល់​ព័ត៌មាន​ក្លែងក្លាយ​។​

 
​វេទិកា​និពន្ធ​នាយក​លើក​ទី​១៦ កំពុង​រៀបចំឡើង​នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​សុក្រ ទី​៦ ខែធ្នូ នេះ ក្រោម​អធិបតីភាព​លោក មាស សុ​ភ័​ណ្ឌ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន ដោយមាន​មេដឹកនាំ​អង្គភាព​សារព័ត៌មាន​ជាច្រើន​នាក់​ចូលរួម​។  ក្នុង​សារលិខិត​៣​ទំព័រ សម្តេច ហ៊ុន សែន បាន​លើកឡើងថា វេទិកា​ក្រោម​ប្រធានបទ «​សារព័ត៌មាន​កម្ពុជា​ក្នុង​យុគសម័យ​៤.០» នេះ ពិត​ជាមាន​សារសំខាន់​ស្របទៅនឹង​និន្នាការ​សកល ដែល​កំពុង​បញ្ចូល​បច្ចេកវិទ្យា​ឌីជីថល​ទៅក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤​។​


 
​សម្តេច ហ៊ុន សែន បាន​មើលឃើញ​ផល​វិជ្ជមាន​ចំពោះ​ការធ្វើ​ជី​ឌី​ថ​ល​ភាវូបនីយកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទៅក្នុង​ទីផ្សារ និង​ការបង្កើន​កិច្ចសហការ​ផ្លាស់ប្តូរ​ព័ត៌មាន ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ឲ្យ​ទាន់​ការវិវត្ត​នៃ​បច្ចេកវិទ្យា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប ព្រមទាំង​រិះរក​វិធានការ​ទប់ស្កាត់ និង​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ​។​
 
«​បេសកកម្មរ​បស់បង​ប្អូន​សារព័ត៌មាន និង​ស្ថាប័ន​សារព័ត៌មាន ពិត​ជាមាន​សារសំខាន់​ក្នុងការ​រួមចំណែក​យ៉ាងសកម្ម​ក្នុងការ​ថែរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ ការអភិវឌ្ឍ​ប្រទេសជាតិ​ប្រកបដោយ​ចីរភាព និង​ការពារ​ការ​រស់​ឡើងវិញ​របស់​ប្រជាជន​កម្ពុជា​»​។ នេះ​ជាការ​គូសបញ្ជាក់​របស់​សម្តេច នាយករដ្ឋមន្ត្រី ជាមួយនឹង​ការកោតសរសើរ​អ្នកសារព័ត៌មាន​ដែល​បានរួម​ចំណែក​ទប់ស្កាត់ និង​ឆ្លើយតប​ទៅនឹង​ការប្រើប្រាស់​ព័ត៌មាន​ក្លែងក្លាយ​កន្លងមក​។​
 
​សម្តេច ហ៊ុន សែន បាន​លើកឡើងថា​៖ «​រដ្ឋាភិបាល​កម្ពុជា ពិតជា​ត្រូវការ​ស្ថាប័ន​សារព័ត៌មាន​ដែលមាន​ថាមពល​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​មាន​ភាពស្មោះត្រង់​ចំពោះ​វិជ្ជាជីវៈ ដែល​តម្រូវ​ឲ្យ​អ្នកសារព័ត៌មាន​របស់​យើង​ស្តាប់​គ្រប់​សំឡេង​ភាគី​ពាក់ព័ន្ធ ហ៊ាន​និយាយ​ការពិត ហ៊ាន​រិះគន់​ក្នុងន័យ​ស្ថាបនា និង​ហ៊ាន​ទទួលយក​ការពិត​»៕





Tag:
 អ្នកកាសែត​
  វេទិកា​និពន្ធ​នាយក​
© រក្សាសិទ្ធិដោយ thmeythmey.com