អន្តរជាតិ
សហរដ្ឋអាមេរិក​រឹប​អូស​បាន​គ្រឿងបន្លាស់​មី​ស៊ី​ល​ដែល​គេ​សង្ស័យថា​ជា​របស់​អ៊ីរ៉ង់​
06, Dec 2019 , 1:39 pm        
រូបភាព
រូបឯកសារ៖ មីស៊ីលដាក់តាំងនៅពីមុខមេដឹកនាំសាសនាលោក Ayatollah Ali Khamenei នៅក្រុងតេរ៉ង់ ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧។
រូបឯកសារ៖ មីស៊ីលដាក់តាំងនៅពីមុខមេដឹកនាំសាសនាលោក Ayatollah Ali Khamenei នៅក្រុងតេរ៉ង់ ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧។
ដោយ: VOA
​នាវា​ទាហានជើងទឹក​សហរដ្ឋ​អាមេរិក​បាន​ស្ទាក់​រកឃើញ «​កន្លែង​លាក់ទុក​ដ៏​សំ​ខា​ន‍់​» មួយ​នូវ​អ្វីដែល​គេ​គិតថា​ជា​គ្រឿងបន្លាស់​គ្រាប់​មី​ស៊ី​ល​អ៊ីរ៉ង់​សម្រាប់​បញ្ជូនទៅ​ឲ្យ​ពួក​បះបោរ​នៅក្នុង​ប្រទេស​យេ​មែន​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​។

 
​ទាហានជើងទឹក និង​កងកម្លាំង​ល្បាត​សមុទ្រ​អាមេរិកាំង​បាន​ឡើង​ជិះ​លើ​នាវា​តូច​មួយ​នៅក្នុង​សមុទ្រ​អារ៉ាប់​ភាគ​ខាងជើង​កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន និង​បាន​រឹបអូស​អាវុធ​មួយចំនួន ដែល​ត្រូវបាន​គេ​ចាត់ទុកថា​មានការ​ពាក់ព័ន្ធ​ជាមួយនឹង​អ៊ីរ៉ង់​។​
 
​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ចោទប្រកាន់​ប្រទេស​អ៊ីរ៉ង់​ជា​យូរ​មកហើយ​ថា​បាន​រត់ពន្ធ​អាវុធ​ឲ្យ​ពួក​ឧទ្ទាម Houthi ដែល​វាយ​ប្រយុទ្ធ​គ្នា​ជាមួយនឹង​រដ្ឋាភិបាល​យេ​មែន​អស់​រយៈពេល ៤ ឆ្នាំកន្លងមក​។ ប៉ុន្តែ នេះ​គឺជា​លើកដំបូង​ហើយ​ដែល​អាវុធ​ទំនើប​បែបនេះ​ត្រូវបាន​រឹបអូស​នៅពេលដែល​កំពុង​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​ប្រទេស​យេ​មែន​។​
 
​មន្ត្រី​អាមេរិកាំង​បាន​និយាយថា នៅពេលនោះ នាវា USS Sherman កំពុង​ធ្វើ​ប្រតិបត្តិការ​ជាប្រចាំ​តាម​សមុទ្រ ហើយក៏​បានឃើញ​នាវា​ឈើ​តូច​មួយ​ដែល​មិនមាន​ដោត​ទង់ជាតិ​ប្រទេស​ណាមួយ​។​
 
​បន្ទាប់មក មន្ត្រី​អាមេរិកាំង​បាន​បញ្ឈប់ និង​ឡើងលើ​នាវា​នោះ​រកឃើញ​អាវុធ​ទាំងនោះ​។ លោក Sean Robertson អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស​អាមេរិក បាន​និយាយថា «​ការស៊ើបអង្កេត​ដំបូង​បាន​បង្ហាញថា គ្រឿងបន្លាស់​មី​ស៊ី​ល​ទំនើប​ទាំងនេះ​មាន​ប្រភព​មកពី​ប្រទេស​អ៊ី​រ៉​ង‍់​»​។​
 
​មន្ត្រី​អាមេរិកាំង​មិនបាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា អាវុធ​ប៉ុន្មាន​ដែល​ត្រូវបាន​រឹបអូស​នោះទេ​។ អាវុធ​ទាំងនេះ ឥឡូវនេះ​ត្រូវបាន​ផ្ទុក​នៅលើ​នាវា​អាមេរិកាំង​៕

© រក្សាសិទ្ធិដោយ thmeythmey.com