អន្តរជាតិ
អ្នកភូមិ​នៅ​ឡាវ​ប្រឈម​នឹង​ការបណ្តេញចេញ ដើម្បី​អភិវឌ្ឍ​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​របស់​រដ្ឋាភិបាល​
06, Dec 2019 , 7:59 pm        
រូបភាព
រូបឯកសារ៖ ទង់ជាតិពណ៌លឿងតាមបណ្តោយទន្លេមេគង្គដែលកំណត់ទីដៅសម្រាប់សំណង់ទំនប់វារី Luang Prabang ជិតភូមិ Houaygno ប្រទេសឡាវ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបឯកសារ៖ ទង់ជាតិពណ៌លឿងតាមបណ្តោយទន្លេមេគង្គដែលកំណត់ទីដៅសម្រាប់សំណង់ទំនប់វារី Luang Prabang ជិតភូមិ Houaygno ប្រទេសឡាវ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
ដោយ: VOA
​ភូមិ​ហ៊ូ​អា​ណូ ៖ នៅ​តំបន់​ជនបទ​ដាច់ស្រយាល​មួយ​តាម​បណ្តោយ​ទន្លេមេគង្គ​នៅ​ភាគ​ខាងជើង​ប្រទេស​ឡាវ អ្នករស់នៅ​ក្នុងភូមិ Houaygno ប្រហែល​៣៣០​នាក់​កំពុង​ប្រឈម​នឹង​ការបណ្តេញចេញ​។​
 
​ក្រុមហ៊ុន​ថាមពល​របស់​រដ្ឋ​វៀតណាម​ឈ្មោះ PetroVietnam Power បានជ្រើសរើស យក​ទីតាំង​ខាងលើ​ដើម្បី​សាងសង់​ទំនប់​វា​រី​អគ្គិសនី Luang Prabang ដែល​អាច​ផលិត ថាមពល​បាន ១៤៦០​មេ​ហ្គា​វ៉ា​ត់​និង​ត្រូវ​ចំណាយ​ថវិកា​អស់​៣​ពាន់​លាន​ដុល្លារ​។ គម្រោង​សង់​ទំនប់​វា​រី​អគ្គិសនី​នេះ​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំក្រោយ​។​
 
​អាង​ស្តុក​ទឹក​របស់​ទំនប់​វា​រី​អគ្គិសនី​នេះ​នឹង​ជន​លិច​ផ្នែក​ខ្លះ​ឬ​ភូមិ​ទាំង ២៣​នៅក្នុង​តំបន់​ទាំងមូល​ដែលជា​ទីជម្រក​របស់​អ្នកស្រុក​ប្រមាណ​១០.០០០​នាក់ ហើយ​អ្នកភូមិ​ទាំងនេះ​បានទទួល​ដំណឹង​ឲ្យ​រៀបចំ​ចាក​ចេញពីផ្ទះ​សម្បែង​រប​ស់​ពួកគេ​រួចហើយ​។​
 
​ក្រុម​អ្នកភូមិ​បាន​និយាយថា ទាំង​មន្ត្រី​រដ្ឋាភិបាល​និង​បុគ្គលិក​ក្រុមហ៊ុន​បាន​សន្យាថា និង​ចេញថ្លៃ​សងជំងឺចិត្ត​ពេញ​ថ្លៃ​ឲ្យ​ពួកគេ ប៉ុន្តែ​អ្នកភូមិ​មិន​ទុកចិត្ត​លើ​ការសន្យា​នេះឡើយ​។​
 
​កសិករ​ម្នា​ក់នៅ​ភូមិ Houaygno ដែល​កំពុង​ទទួលទាន​អាហារ​ថ្ងៃត្រង់​នៅលើ​សំ​យ៉ាប​ផ្ទះ​បែរមុខ​ទៅ​ទន្លេ​បាន​និយាយថា​«​យើង​មិន​ទុកចិត្ត​ពួកគេ​ទេ ពីព្រោះ​យើង​បានឮ​អំពី​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ដែល​ពួកគេ​បាន​សង់​កាលពីមុន ដោយបាន​សន្យាថា នឹង​សងជំងឺចិត្ត​ឲ្យ​អ្នកភូមិ ប៉ុន្តែ​អ្នកភូមិ​មិនបាន​ទទួល​អ្វី​ទាល់តែ​ស‍ោះ​»​។​
 
​នៅលើ​ច្រាំងទន្លេ កម្មករ​មួយក្រុម​កំពុង​ជីក​ខួង​ដី​ដោយ​ម៉ាស៊ីន​ប្រើ​ប្រេងម៉ាស៊ូត ដើម្បី​បោះបង្គោល​ទំនប់​។​
 
​អ្នកយកព័ត៌មាន​រប​ស់ VOA កាលពីដើម​ខែវិច្ឆិកា បាន​ទៅ​មើល​ភូមិ​ពីរ​កន្លែង​ដែល​ត្រូវបាន​ជន​លេច​ដោយ​គម្រោង​សង់​ទំនប់​វា​រី​អគ្គិសនី​នេះ គឺ​ភូមិ Houaygno និង​ភូមិ Khokkham និង​បាន​និយាយ​ជាមួយ​អ្នកស្រុក​ប្រហែល​ជាង​១០​នាក់​។ ពួកគេ​ខ្លះ​គ្មាន​សង្ឃឹមថា​នឹងមាន​ជីវភាព​ប្រសើរឡើង​នោះទេ ប្រសិនបើ​រដ្ឋាភិបាល​ត្រូវ​ជម្លៀស​ពួកគេ​ទៅ​រស់នៅ​តំបន់​ផ្សេង​នោះ​។ ពួកគេ​ភាគច្រើន​ព្រួយបារម្ភ​ថា​នឹងមាន​ជីវភាព​កាន់តែ​ដុនដាប់​ជាង​នេះ​។ អ្នកភូមិ​តិចតួច​ប៉ុណ្ណោះ​ជឿថា​អាជ្ញាធរ​នឹង​គោរព​តាម​ការសន្យា ឬ​ជឿថា​ច្បាប់​នឹង​ជួយ​ពួកគេ​បាន​។​
 
VOA សុំ​មិន​បញ្ចេញ​ឈ្មោះ​របស់​អ្នកភូមិ​ទាំងនេះ​ដើម្បី​ការពារ​ពួកគេ​ពី​ការ​សងសឹក​ពី​សំណាក់​រដ្ឋាភិបាល​។​
 
​កសិករ​ម្នា​ក់បាន​និយាយថា​«​ខ្ញុំ​បានឮ​ពី​អ្នកភូមិ​នៅ​ទំនប់​វា​រី​អគ្គិសនី Xayaburi ដែល​ត្រូវបាន​គេ​សន្យាថា​នឹង​ជួយ ប៉ុន្តែ​អ្នកភូមិ​ទាំងនោះ​មិនបាន​ទទួល​ជំនួយ​អ្វី​ទាល់តែសោះ​»​។​
 
​ទំនប់​វា​រី​អគ្គិសនី Xayaburi​ដែល​ស្ថិតនៅ​ខ្សែទឹក​ខាងក្រោម​ទំនប់​Houaygno គឺជា​ទំនប់​វា​រី​អគ្គិសនី​ទីមួយ​ដែល​រដ្ឋាភិបាល​ឡាវ​បានអនុម័ត​ឲ្យ​សាងសង់​នៅលើ​ទន្លេមេគង្គ​កាលពី​ឆ្នាំ​២០១០​។ កាលពី​ថ្ងៃទី​៣១ ខែកក្កដា​ទំនប់​វា​រី​អគ្គិសនី Luang Prabang បាន​ក្លាយជា​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ទី​៥​។ គម្រោង​៤​ទៀត​ស្ថិតនៅក្នុង​ប​ញ្ចី​ដែល​ត្រូវអនុម័ត​ឲ្យ​សាងសង់ ដែល​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ទាំងនេះ គឺជា​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ឡាវ​ក្លាយជា​«​អាគុយ​របស់​ទ្វីបអាស៊ី​» ។ ថាមពល​ភាគច្រើន​បានមកពី​ទំនប់​វា​រី​អគ្គិសនី​ទាំងនេះ​នឹង​លក់​ទៅ​ឲ្យ​ប្រទេសជិតខាង​នានា​ដែល​នឹង ចេញថ្លៃ​សង់​ទំនប់​វា​រី​អគ្គិសនី​ន​ស្ទើរតែ​ទាំងអស់​។​
 
​គណៈកម្មការ​ទន្លេមេគង្គ​ហៅ​កាត់​ថា MRC ដែលជា​ស្ថាប័ន​អន្តររដ្ឋាភិបាល​សម្រាប់​ប្រទេស​នានា​ដែលមាន​ផ្លូវ​នាវាចរណ៍​រួមគ្នា​នៅ​សមុទ្រ​ចិន​ខាងត្បូង​បាន​ព្រមាន​អំពី​ការខូចខាត​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន សង្គម​និង​សេដ្ឋកិច្ច ប្រសិនបើ​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ទាំងអស់​ត្រូវបាន​អនុម័ត​ឲ្យ​ដំណើរការ រួមទាំង​ការថយចុះ​បរិមាណ​ត្រី​ផងដែរ​។ ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​កំពុង​ជំរុញ​ឲ្យ​ប្រទេស​ឡាវ​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ដើម្បី​បញ្ចៀស​គ្រោះមហន្តរាយ​ដល់​ពលរដ្ឋ​រាប់លាន​នាក់​ដែល​រស់​នៅតាម​បណ្តោយ​ទន្លេមេគង្គ​ក្រោម​។​
 
​ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​ក៏បាន​រអ៊ូរទាំ​ផងដែរ​ថា សហគមន៍​នានា​ដែល​រង​ការប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​ដោយសារ​ទំនប់​វា​រី​អគ្គិសនី​ទាំងនេះ មិនត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូលរួម​ក្នុង​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ទេ ហើយក៏​ប្រហែលជា​មិនត្រូវ​បាន​គេ​ផ្តល់​សំណង​ឲ្យ​ផងដែរ​។​
 
​ក្នុងនាម​ជា​សមាជិក​គណកម្មការ​ទន្លេមេគង្គ រដ្ឋាភិបាល​ឡាវ​ត្រូវបញ្ជូន​របាយការណ៍​នៃ​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ណា​ដែល​ខ្លួន​បានអនុម័ត​ឲ្យ​ចាប់ផ្តើម​ដំណើរការ​ប្រឹក្សា​ដែលមាន​រយៈពេល​៦​ខែ ដើម្បី​ប្រមូល​មតិយោបល់​មុននឹង​ចាប់ផ្តើម​សាងសង់​។ សហគមន៍​នានា​ដែល​រង​ផលប៉ះពាល់ មាន​ហេតុផល​ដែល​ត្រូវ​ព្រួយបារម្ភ​។​
 
​ពួក​អ្នកភូមិ​ដែល​ត្រូវបាន​បណ្តេញចេញ​ដើម្បី​សាងសង់​ទំនប់​វា​រី​អគ្គិសនី​មួយទៀត​នៅ​ទន្លេ Nam Khan​នៅ​ភាគ​ខាងជើង​ប្រទេស​ឡាវ តាម​បណ្តោយ​ដង​ទន្លេមេគង្គ​បាន​ប្រាប់ VOA នាពេល​ថ្មីៗ​នេះ​ថា ពួក​អាជ្ញាធរ​បាន​សន្យាថា​នឹង​ផ្តល់ប្រាក់​ឧបត្ថម្ភ​ឲ្យ​អ្នកភូមិ​រយៈពេល​ពីរ​ឆ្នាំ ប៉ុន្តែ​ពួកគេ​ធ្វើតាម​ការសន្យា​បានតែ​មួយឆ្នាំ​ប៉ុណ្ណោះ​។ ពួក​អាជ្ញាធរ​បាន​សង់ផ្ទះ​ថ្មី​ឲ្យ​ប្រជាជន ប៉ុន្តែ​មិនបាន​ផ្តល់​ដីស្រែ​ចំការ​ថ្មី​ឲ្យ​អ្នកភូមិ​ទេ​។​
 
​ពលរដ្ឋ​នៅក្នុង​ភូមិ Houaygno និង​ភូមិ Khokkham បាន​និយាយថា ពួក​មន្ត្រី​បាន​សន្យាថា​នឹង​សង់ផ្ទះ​ថ្មី​ឲ្យ​ពួកគេ សង​ថ្លៃ​ដីស្រែ​ចំការ​ឲ្យ​ពួកគេ និង​ផ្តល់ប្រាក់​ឧបត្ថម្ភ​រយៈពេល​៣​ឆ្នាំ​ដល់​អ្នកភូមិ ប៉ុន្តែ​ពួកគេ​មិនបាន​និយាយ​ជាក់លាក់​អំពី​ចំនួន​ប្រាក់​ទេ​។​
 
​ពលរដ្ឋ​ខ្លះ​នៅ​ភូមិ Khokkham មាន​ក្តីរំភើប​បន្តិច ដែល​ទីតាំង​ថ្មី​ដែល​ផ្តល់​ឲ្យ​ពួកគេ​ដើម្បី​សង់ផ្ទះ​នោះ នៅ​ជិត​ផ្លូវ​ដែល​មមាញឹក និង​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​ទិន្នផល​ស្រែចំការ​របស់​ពួកគេ​។​
 
​កសិករ​ក្នុងភូមិ​ម្នាក់​បាន​និយាយថា​«​តំបន់​នោះ​នៅ​ជិត​ផ្លូវធំ ដូច្នេះ​ប្រហែល​ជាមាន​ភាពងាយស្រួល​ក្នុងការ​លក់ដូរ និង​ងាយស្រួល​សម្រាប់​គ្រួសារ​របស់ខ្ញុំ​»​។ ប៉ុន្តែ​លោក​នៅ​មិនទាន់​ទុកចិត្ត​លើ​ការប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល​នៅឡើយ​ទេ​។​
 
​កសិករ​ដដែល​នោះបាន​និយាយ​បន្តថា​៖ «​វា​ល្អ​ណាស់​ប្រសិនបើ​រដ្ឋាភិបាល​ផ្តល់ប្រាក់ រយៈពេល​បី​ឆ្នាំ​ដល់​ពួកយើង ប៉ុន្តែ​យើង​ប្រហែលជា​ទទួលបាន​តែមួយ​ឆ្នាំ​ប៉ុណ្ណោះ​»​។​
 
​អ្នកភូមិ​ជា​ស្ត្រី​ម្នាក់​ដែល​ចិញ្ចឹម​ពពែ និង​ជ្រូក​ដើម្បី​លក់ បាន​និយាយថា ពួក​មន្ត្រីរាជការ​បាន​មកដល់​ភូមិ​របស់​អ្នកស្រី​ប្រហែលជា​១​ឆ្នាំមុន ដើម្បី​វាស់វែង​ផ្ទះ និង​ទ្រព្យសម្បត្តិ​របស់​អ្នកភូមិ ដើម្បី​វាយតម្លៃ​លើ​សំណង​ដែល​អ្នកភូមិ​ត្រូវ​ទទួលបាន​។​
 
​អ្នកស្រី​បានលើកឡើង​ពី​ក្តីបារម្ភ​ថា «​រដ្ឋាភិបាល​បាន​និយាយថា ពួកគេ​នឹង​រក​កន្លែង​ថ្មី​ឲ្យ​ខ្ញុំ ប៉ុន្តែ​វា​ប្រហែលជា​មិន​គ្រប់គ្រាន់​ទេ ដូច្នេះ​ខ្ញុំ​ត្រូវតែ​ស្វែងរក​បន្ថែមទៀត​។ ខ្ញុំ​មិន​ចង់​ចេញពី​ទីនេះ​ទេ ប៉ុន្តែ​ខ្ញុំ​ត្រូវតែ​ចេញ ពីព្រោះ​រដ្ឋាភិបាល​បញ្ជា​ឲ្យ​ខ្ញុំ​ចេញ​»​។​
 
​ស្ត្រី​ម្នាក់ទៀត​បាន​និយាយថា នៅក្នុង​ភូមិ Houaygno ពួក​មន្ត្រី​ចុះមក​បង្ហាញ​អ្នកភូមិ​នូវ​វីដេអូ​អំពី​ផ្ទះ​ថ្មី​ស្អាត ដោយ​ពួកគេ​បាន​សន្យាថា​នឹង​សង់​ឲ្យ​អ្នកភូមិ​។ ប៉ុន្តែ​អ្នកស្រី​បារម្ភ​កាន់តែខ្លាំង​ថា​តើ​ដីស្រែ​ចំការ​ថ្មី​របស់​អ្នកស្រី​នឹង​នៅទីណា​។​
 
​អ្នកស្រី​បាន​និយាយថា «​ទីតាំង​ដីស្រែ​ចំការ​នឹង​កំណត់ថា​តើ​យើង​អាច​រស់នៅ​ទីនោះ​បានដែរ​ឬទេ​។ ខ្ញុំ​ពិតជា​មិន​ចង់​ចេញពី​ទីនេះ​ទេ ខ្ញុំ​មិនដឹងថា​កន្លែង​ថ្មី​ដែល​រដ្ឋាភិបាល​ឲ្យ​យើង​ទៅ​រស់នៅ​នោះ​ល្អ​ឬ​អាក្រក់​នោះទេ​»​។​
 
​បុរស​ម្នាក់​បាន​និយាយថា លោក​បាន​ទៅ​មើល​ទីតាំង​ថ្មី និង​ថា​នៅ​ទីនោះ​គ្មាន​ដី​គ្រប់គ្រាន់​សម្រាប់​អ្នកភូមិ​ទាំងអស់គ្នា​ទេ​។​
 
​ចំណែកឯ​ស្ត្រី​ម្នាក់ទៀត​ដែល​ស្គាល់​ទីតាំង​ថ្មី​នោះដែរ បាន​និយាយថា​«​គ្មាន​ដី​សម្រាប់ធ្វើ​ស្រែចំការ​ទេ​។​
​អ្នកស្រី​បាន​និយាយថា​«​ពួកគេ​យក​យើង​ទៅ​រស់​នៅលើ​ទួល​ប៉ុន្តែ​យើង​មិន​ចង់បាន​កន្លែង​នោះទេ​។ យើង​ចង់ទៅ​រស់នៅ​កន្លែង​ណា​ដែល​ជិត​ទឹក​។ នេះ​គឺជា​របៀបរបប​រស់នៅ​របស់​យើង​»​។​
 
​ស្ត្រី​រូបនោះ​បាន​និយាយ​បន្តថា ប្រាក់ឧបត្ថម្ភ​ដែល​ពួកគេ​បាន​សន្យាថា​នឹង​ឲ្យ​យើង​រយៈពេល​បី​ឆ្នាំ​រួមមាន​អង្ករ ២៥​គីឡូក្រាម​ក្នុង​មួយខែ​សម្រាប់​មនុស្សពេញវ័យ និង​១២​គីឡូក្រាម​សម្រាប់​កូនក្មេង​។ អ្នកស្រី​និយាយទៀតថា​«​ប៉ុន្តែ​ខ្ញុំ​មិន​ទុកចិត្ត​ពួកគេ​ទេ​។ ពេល​សង់​ទំនប់​វា​រី​អគ្គិសនី​រួចហើយ ពួកគេ​នឹង​រត់​បាត់​»​។​
 
​លោក Chansaveng Boungnong អគ្គនាយក​នាយកដ្ឋាន​គោលនយោបាយ​ថាមពល​និង​ផែនការ​នៃ​ក្រសួង​រ៉ែ​និង​ថាមពល​មិនបាន​ឆ្លើយតប​សំណួរ​របស់ VOA ទេ និង​បាន​បង្វែរ​ឲ្យ​ទៅ​សួរ​អ្នក​អភិវឌ្ឍ​គម្រោង​វិញ​។ ក្រុមហ៊ុន PetroVietnam Power​ក៏​មិនបាន ឆ្លើយតប​ទៅនឹង​សំណើរ​សុំ​អត្ថាធិប្បាយ​ដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com