ជាតិ
សេដ្ឋកិច្ច
ហេតុអ្វី​បានជា​ជនជាតិ​ចិន​ជាច្រើន​សម្រុក​មក​កម្ពុជា​ដើម្បី​«​‍​ឱកាស​មាស​»?
07, Dec 2019 , 8:29 am        
រូបភាព
ទិដ្ឋភាពនៃអគារខ្ពស់ៗនៅតំបន់កោះពេជ្រ ដែលកំពុងត្រូវបានសាងសង់ នៅជាប់ដងទន្លេបាសាក់ រាជធានីភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨។ Photo: Reuters
ទិដ្ឋភាពនៃអគារខ្ពស់ៗនៅតំបន់កោះពេជ្រ ដែលកំពុងត្រូវបានសាងសង់ នៅជាប់ដងទន្លេបាសាក់ រាជធានីភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨។ Photo: Reuters
ដោយ: VOA
​ភ្នំពេញ ៖ កោះ​ពេជ្រ​គឺជា​ឈ្មោះ​ដែល​គេ​ដាក់​ឲ្យ​កោះ​មួយ ដែល​កាលពីមុន​គ្រាន់តែ​ជា​កោះ​ទំនេរ​មួយ​នៅក្នុង​ទន្លេបាសាក់​។ ដោយសារ​តែមាន​ការចាក់​ដី​បំពេញ​ក្រោយ​ឆ្នាំ​២០០០​មក កោះ​នេះ​បានក្លាយ​ទៅជា​តំបន់​មួយ​ដែល​បង្ហាញ​ពី​មហិច្ឆតា​អភិវឌ្ឍ​កាន់តែខ្លាំង​ឡើង ក្នុង​រាជធានី​ភ្នំពេញ និង​លទ្ធផល​ដែល​អាច​កើតចេញពី​ការវិនិយោគ​របស់​ចិន​។​

 
​កម្មករសំណង់ បាន​ខិតខំ​ធ្វើការ​ទាំងថ្ងៃទាំងយប់ ហើយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ចិន បានប្រែក្លាយ​កោះ​មួយ​នេះ​ទៅជា​តំបន់​ដែលមាន​បណ្ដុំ​អគារ​តាម​រចនាបថ​បារាំង ដែលមាន​ផ្លូវធំៗ និង​ប្លុក​អគារ​ស្នាក់នៅ​ជា​ជួរៗ ដោយមាន​ខ្លោងទ្វារ​ដូចនឹង​ខ្លោងទ្វារ Arc de Triomphe ដ៏​ល្បីល្បាញ​ក្នុងប្រទេស​បារាំង​ដែរ​។​
 
​ប៉ុន្តែ​នៅក្បែរ​សំណង់​អគារ​ដ៏​ស្កឹមស្កៃ​ដែលមាន​ក្បូរ​ក្បាច់រចនា​ដ៏​ល្អ​វិចិត្រ​ទាំងនេះ មាន​កម្មករ​ខ្មែរ និង​ចិន​រស់នៅ ដោយ​កម្មករ​ខ្មែរ​ស្នាក់​នៅក្នុង​បន្ទប់​ដែល​ពោរពេញ​ទៅដោយ​សំរាម និង​សត្វ​កណ្ដុរ និង​កម្មករ​ចិន​ស្នាក់​នៅក្នុង​កុងតឺន័រ ដែល​យកទៅ​ច្នៃ​ធ្វើជា​បន្ទប់​គេង​។​
 
​ហេតុអ្វី​បានជា​កម្មករ​ចិន​ទាំងនេះ​មក​ប្រទេស​កម្ពុជា ទោះបីជា​ពួកគេ​មិនចេះ​ភាសា​ខ្មែរ​សូម្បី​តែមួយ​ម៉ាត់​?
 
​កម្មករ​ម្នាក់​វ័យ ៥០ ឆ្នាំ​ប្លាយ ដែល​ស្នាក់​នៅក្នុង​បន្ទប់​មួយ​ជាមួយនឹង​កម្មករ ៣ នាក់​ផ្សេងទៀត​និយាយថា​៖ «​គោលបំណង​សំខាន់​របស់​យើង​មក​ប្រទេស​កម្ពុជា គឺ​ដើម្បី​សប្បាយ និង​មើលឃើញ​ពិភព​ខាងក្រៅ​»​។​
 
​បន្ទប់​នីមួយៗ​មាន​គ្រែ​បន្តុប​គ្នា ហើយ​គេ​ទុក​ផ្នែក​ខាងលើ​ធ្វើជា​កន្លែង​ដាក់​របស់របរ​។ មានតែ​មេការ​របស់​ពួកគេ​គឺ​លោក Zhang តែប៉ុណ្ណោះ ដែលមាន​គ្រែ​ផ្ទាល់ខ្លួន​ដាច់ដោយឡែក​។​
 
​កម្មករ​ម្នាក់​ដែល​រីករាយ​នឹង​បង្ហាញ​យើង​ឲ្យ​ឃើញ​ពី​កន្លែង​ស្នាក់នៅ​របស់ខ្លួន បាន​និយាយថា​៖ «​យើង​មក​ទីនេះ ដោយ​ការ​ចង់ដឹង​ចង់​ឮ​តែប៉ុណ្ណោះ​។ យើង​អាច​រកប្រាក់​បាន​ខ្លះ ហើយ​អាចធ្វើ​ដំណើរ​បាន​ខ្លះ​ដែរ​»​។​
 
​កម្មករ​ទាំងនេះ​មកពី​ក្រុង Changsha នៃ​ខេត្ត Hunan ដែលជា​ទីក្រុង​មួយ​មាន​មនុស្ស​៧​លាន ៨​សែន នាក់​រស់នៅ​។​
 
​កម្មករ​ទាំងនេះ​និយាយថា ពួកគេ​អាច​រកប្រាក់​នៅទីនេះ បាន​ច្រើនជាង​នៅ​ស្រុកកំណើត​បន្តិចបន្តួច​។ ពួកគេ​មាន​ជីវភាព​ល្អ​គួរ​សមនៅ​ក្រុង Changsha​។ លោក​មេការ Zhang មានផ្ទះ មាន​រថយន្ត​ផ្ទាល់ខ្លួន ហើយ​កូន​របស់លោក​ជា​និស្សិត​សាកលវិទ្យាល័យ​។​
 
​កម្មករ​ទាំងនេះ ត្រូវបាន​ថៅកែ​ចិន​ជួល​ឲ្យ​ដំឡើង​ថ្ម​ម៉ាប និង​ថ្ម​ក្រា​នី​ត​ក្នុង​អគារ​។ ពួកគេ​និយាយថា ការងារ​មិន​លំបាក​ទេ គឺ​គ្រាន់តែ​ត្រូវ​ការជំនាញ​ប៉ុណ្ណោះ​។ ក្រោយ​ចេញពី​ធ្វើការ ពួកគេ​ទទួលទាន​អាហារ​នៅ​ភោជនីយដ្ឋាន​ចិន​មួយ​ក្បែរ​កន្លែង​ស្នាក់នៅ​របស់​ពួកគេ​។ ថៅកែ​របស់​ពួកគេ ចេញ​ប្រាក់​ឲ្យ​ភោជនីយដ្ឋាន​នោះ​ចំនួន ១​ម៉ឺន​រៀល​សម្រាប់​អាហារ​មួយពេល​ក្នុង​កម្មករ​ម្នាក់​។​
 
​មិនមាន​បន្ទប់ទឹក​នៅ​ក្នុង​កន្លែង​ស្នាក់នៅ​របស់​ពួកគេ​នោះទេ​។ ពួកគេ​ត្រូវ​ងូតទឹក​នៅ​ខាងក្រៅ និង​នៅ​ទីវាល​។​
 
​ពួកគេ​ក៏​គ្មាន​វិទ្យុ​ស្ដាប់ ឬ​ទូរទស្សន៍​មើល​ដែរ ដូច្នេះ​ព័ត៌មាន និង​ការកម្សាន្ត​ទាំងអស់ គឺ​ចេញពី​ទូរស័ព្ទ​ទំនើប [​ស្មា​ត​ហ្វូ​ន​] របស់​ពួកគេ​។ ពួកគេ​ចំណាយ​ប្រាក់ ៨​ដុល្លារ​ក្នុង​មួយខែ សម្រាប់​បង់ថ្លៃ​សេវា​អ៊ីនធឺណិត ដើម្បី​អាចទាក់ទង​ជាមួយនឹង​គ្រួសារ​របស់​ពួកគេ​នៅ​ស្រុកកំណើត​បាន​។​
 
​កម្មករ​ទាំងនេះ គ្មាន​គម្រោង​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា​ទេ​។​
 
​កម្មករ​ម្នាក់​និយាយថា​៖ «​នៅពេល​យើង​មក​ទីនេះ កូនប្រុស កូនស្រី និង​កូនប្រសា (​ស្រី​) របស់ខ្ញុំ មិន​ចង់​ឲ្យ​ខ្ញុំ​មក​ទេ​។ ពួកគេ​មិន​ចង់​ឲ្យ​ខ្ញុំ​មក​កន្លែង ដែល​ឆ្ងាយ​ពី​ផ្ទះ​នោះទេ​»​។​
 
​កម្មករ​ម្នាក់ទៀត​ដែល​អង្គុយ​នៅលើ​គ្រែ​ពីរ​ជាន់​របស់គាត់ និង​កំពុង​មើល​ទូរស័ព្ទ​និយាយថា​៖ «​ខ្ញុំ​មក​ទីនេះ គឺ​ដោយសារតែ​ចង់ដឹង ចង់ឃើញ​ប៉ុណ្ណោះ​។ ខ្ញុំ​នឹងមិន​មក​ទេ បើ​ខ្ញុំ​បានដឹងថា ខ្ញុំ​នឹងត្រូវ​រស់នៅ​ទីនេះ​។ កន្លែង​នេះ​ក្រ​ពេក​»​។​
 
​លោក​មេការ Zhang ក៏បាន​ចូលមក ហើយ​និយាយថា «​ស្អី​គេ ក្រ​ពេក​? តើ​កន្លែង​នេះ​មិន​ដូច​ប្រទេស​ចិន​កាលពី ២០ ឆ្នាំមុន​ទេ​ឬ​»?


កម្មករម្នាក់កំពុងសម្អាតទីធ្លារមុខការដ្ឋានសំណង់ដ៏ធំមួយ នៅតំបន់កោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨។
 
​ងាយស្រួល​រកប្រាក់​ជាង​នៅ​ចិន​
 
​លោក Zhao ដែល​មកពី​ក្រុង Lianyungang នៃ​ខេត្ត Jiangsu បានមក​ខេត្ត​ព្រះសីហនុ​នៅ​ខែឧសភា​។ លោក​ជា​អ្នកបច្ចេកទេស​អគ្គិសនី​នៅ​ក្រុមហ៊ុន​សំណង់​ចិន​មួយ ដែល​កំពុង​អនុវត្ត​គម្រោង​នៅក្នុង​ខេត្ត​ព្រះសីហនុ​។ លោក​ទទួលបាន​ប្រាក់ខែ​ជាង​១០.០០០​យ័ន​[​ស្មើ​ជាង ១៤០០​ដុល្លារ​អាមេរិក​] ក្នុង​១​ខែ ដែល​ចំនួន​នេះ​លើស​ប្រាក់ខែ​ដែល​លោក​អាច​ទទួលបាន​នៅក្នុង​ប្រទេស​ចិន​បន្តិច​។​
 
​ពេល​ត្រូវបាន​គេ​សួរថា ហេតុអ្វី​បានជា​លោក​មក​ប្រទេស​កម្ពុជា លោក​និយាយថា​៖ «​នេះ​ជា​បទពិសោធន៍​កម្រ​មួយ​! ខ្ញុំ​មិន​ដែរ​បាន​ចេញពី​ប្រទេស​ចិន​នោះទេ ហើយក៏​មិន​ដែរ​បាន​ជិះ​យន្តហោះ​ពីមុន​ដែរ ហើយ​ខ្ញុំ​ចង់​មានបទពិសោធន៍​ជិះ​យន្តហោះ​»​។​
 
​ការមកដល់​របស់​ក​ម្មករ​ចិន​ទាំងនេះ​បានធ្វើ​ឲ្យ​មាន​ការផ្ដល់សេវា​គ្រប់បែបយ៉ាង រាប់​ចាប់ពី​សេវា​ភោជនីយដ្ឋាន ដល់​សេវា​ម៉ាស្សា​ជាដើម​។ នេះ​គ្រាន់តែ​រាប់​ត្រួសៗ​ប៉ុណ្ណោះ​។ សេវា​ទាំងនេះ​ត្រូវបាន​ផ្ដល់​ដោយ​ជនជាតិ និង​សម្រាប់​ភ្ញៀវ​ចិន​។ ការណ៍​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុងស្រុក ខឹងសម្បា និង​ត្អូញត្អែរ ដោយសារតែ​ពួកគេ​មិនអាច​រកស៊ី​បាន​។​
 
​ពេលដែល​ការចំណាយ​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ ក្នុង​ខេត្ត​ព្រះសីហនុ កាន់តែ​ថ្លៃ​ទៅៗ និង​មាន​ជនជាតិ​ចិន​ច្រើន​នៅទីនេះ អ្នកខ្លះ​ចាប់ផ្ដើម​សម្រុក​ទៅ​ក្រុង​ប៉ោយប៉ែត ដែលជា​ក្រុង​ជាប់​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ​។ ប៉ោយប៉ែត គឺជា​ក្រុង​ដែល​ពេញនិយម​ជាងគេ​ទី​២ សម្រាប់​ការលេង​ល្បែងស៊ីសង បន្ទាប់ពី​ក្រុងព្រះសីហនុ​។​
 
​មិនមាន​តួលេខ​ផ្លូវការ​ពី​ចំនួន​ជនជាតិ​ចិន​នៅ​ក្រុង​ប៉ោយប៉ែត​នោះទេ​។ ទោះជា​យ៉ាងណាក្ដី ការប៉ាន់ស្មាន​មួយ​បាន​ឲ្យ​ដឹងថា មាន​ជនជាតិ​ចិន​ប្រមាណ ១០.០០០ នាក់​ក្នុង​ក្រុង​ប៉ោយប៉ែត មិន​ថា​ជា​អ្នកធ្វើការ​នៅក្នុង​វិស័យ​សំណង់ ឬ​ល្បែងស៊ីសង ឬ​ផ្ដល់​សេវា​នានា​ដល់​ជន​ជាតិចិន​ទាំងនេះ​ទេ​។ អាជីវកម្ម​ភាគច្រើន​ប្រមូលផ្ដុំ​នៅលើ​ផ្លូវ​មួយ​ឆ្ងាយ​ពី​ផ្លូវធំ​។ ពលរដ្ឋ​ក្នុងស្រុក​ហៅ​ផ្លូវ​នោះ​ថា ផ្លូវ​ចិន​។​
 
​លោក Zhou ដែល​បាន​ចាក​ចេញពី​ក្រុងព្រះសីហនុ មក​ក្រុង​ប៉ោយប៉ែត​ក្នុងពេល​ថ្មីៗ គ្រប់គ្រង​កន្លែង​មួយ​ដែល​ធ្វើជា​កន្លែង​ប្ដូរប្រាក់​ផង និង​ជា​កន្លែង​ផ្ដល់ព័ត៌មាន​ផង​នៅលើ​ផ្លូវ​ចិន​នេះ​។ លោក​ក៏​បើក​ភោជនីយដ្ឋាន​មួយ​នៅ​ខាងក្រោយ​កន្លែង​ដែល​លោក​ជួល​គេ​នេះដែរ​។ អតិថិជន​ស្ទើរតែ​ទាំងអស់​របស់លោក ជា​ជន​ជាតិចិន ដែល​ធ្វើការ​លើ​គម្រោង​សាងសង់​នៅក្នុង​ក្រុង​ប៉ោយប៉ែត​។​
 
​លោក​គិតថា ការណ៍​ដែល​ជន​ជាតិចិន​ជាច្រើន​មក​ប្រទេស​កម្ពុជា គឺ​ដោយសារតែ​គោលនយោបាយ​របស់​កម្ពុ​ជា​។​
 
​លោក​បាន​និយាយថា​៖ «​នៅទីនេះ ប្រទេស​កម្ពុជា​ចាប់ផ្ដើម​មាន​គោលនយោបាយ​បើកចំហ​។ យើង​ដែលជា​ជនជាតិ​ចិន ត្រូវបាន​ស្វាគមន៍​ឲ្យ​ធ្វើការ​វិនិយោគ​នៅទីនេះ​។ យើង​ឃើញ​ជនជាតិ​ចិន​ជាច្រើន​មក​ទីនេះ​រួចហើយ ដូច្នេះ​យើង​ក៏​មក​ទី​នេះដែរ​ដើម្បី​រកប្រាក់​»​។​
 
​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ការិយាល័យ​របស់លោក Zhou មាន​ភោជនីយដ្ឋាន​មួយទៀត​ដែល​លក់​មាន់​បំពង​។ អ្នករត់​តុ​វ័យ​កណ្ដាល និង​មាន​រូបរាង​ស្គមស្គាំង​ម្នាក់​អង្គុយ​នៅ​ពីមុខ​ភោជនីយដ្ឋាន​នោះ​។ លោក​និយាយថា លោក​មកពី​តំបន់ភ្នំ​ក្នុង​ខេត្ត Fujian​។​
 
​លោក​បាន​និយាយ​ដោយ​រាង​ខ្លាចរអា​ថា​៖ «​យើង​មក​ទីនេះ ដើម្បី​រកប្រាក់​»​។​
 
​អ្នកធ្វើការ​ជាមួយ​លោក​និយាយថា ប្រាក់ខែ​របស់​ពួកគេ​លើស​ប្រាក់ខែ​ដែល​ពួកគេ​អាច​រកបាន​នៅក្នុង​ប្រទេស​ចិន ចំនួន​១​ភាគ​៣​។​
 
​លោក Zhang ដែល​ទើបតែ​បើក​រង្គសាល​មួយ​ក្នុង​ក្រុងព្រះសីហនុ ក៏​គិតថា ការរក​ប្រាក់​នៅក្នុង​ប្រទេស​កម្ពុជា មាន​ភាពងាយស្រួល​ជាង​នៅ​ប្រទេស​ចិន​។​
 
​លោក​និយាយថា​៖ «​មិនសូវមាន​ការប្រកួត​ប្រជែង​ទេ​នៅទីនេះ​។ ឱកាស​ចំណេញ​មាន​ខ្ពស់ជាង​នៅក្នុង​ប្រទេស​ចិន​បន្តិច​»​។​
 
​ចាប់តាំងពី​លោក​បានមក​ក្រុងព្រះសីហនុ​កាលពី​ប៉ុន្មាន​ឆ្នាំមុន អ្នកគ្រប់គ្រង​ភោជនីយដ្ឋាន​មកពី​ខេត្ត Fujian រូបនេះ ឥឡូវ​ក្លាយជា​ម្ចាស់​ភោជនីយដ្ឋាន​ចិន​មួយ និង​ហាង​លក់​សម្ភារៈ​សំណង់​មួយ​ដែរ​។ ភរិយា​របស់លោក​ជួយ​លោក​ក្នុង​ការប្រកប​អាជីវកម្ម​នៅទីនេះ ខណៈដែល​កូន​របស់​ពួកគេ​ស្ថិតនៅ​ប្រទេស​ចិន​ជាមួយនឹង​ជីដូន​ជីតា​របស់គេ​។​
 
​លោក Zhang និយាយថា លោក​បាន​សម្រេចចិត្ត​មករក​ស៊ី​នៅទីនេះ បន្ទាប់ពី​ជាប់ចិត្ត​ជាមួយនឹង​ប្រទេស​កម្ពុជា​។​
 
​លោក​និយាយថា​៖ «​ខ្ញុំ​មក​ទីនេះ​ជា​អ្នក​ទេសចរណ៍​។ ខ្ញុំ​មាន​អារម្មណ៍មិនល្អ​ចំពោះ​កន្លែង​នេះ​ទេ ពេល​ខ្ញុំ​ចុះ​ពី​យន្តហោះ​ភ្លាម​។ ប៉ុន្តែ​បន្ទាប់ពី​ឃើញ​ឆ្នេរសមុទ្រ និង​ដឹង​ពី​ប្រទេស​នេះ​កាន់តែច្រើន ខ្ញុំ​ចង់​ស្នាក់នៅ និង​សាកល្បង​រកស៊ី​នៅទីនេះ​»​។​


ទិដ្ឋភាពនៃសំណង់អគារខុនដូដ៏ធំមួយនៅតំបន់កោះពេជ្រ ទីក្រុងភ្នំពេញ​ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨។


ទូកដឹកអ្នកទេសចរបរកាត់សំណង់អគារខ្ពស់ៗនៅតំបន់កោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩។
 
ចិន​និង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​
 
​សម្រាប់​ជនជាតិ​ចិន​ជាច្រើន អាជីវកម្ម​ដែល​អាច​រកប្រាក់​បាន​ច្រើន​និង​មាន​ភាព​ទាក់ទាញ​បំផុត គឺ​អាជីវកម្ម​អចលនទ្រព្យ​ដែល​កំពុងតែ​វិ​វត្ត​ទៅមុខ​របស់​កម្ពុជា​។ នេះ​គឺជា​វិស័យ​មួយ​ដែល​អាច​រកប្រាក់​បាន​ច្រើន និង​ទាមទារ​ឲ្យ​មានការ​វិនិយោគ​ដោយមាន​ដើមទុន​ច្រើន​។ ដូច្នេះ អ្នក​អភិវឌ្ឍ​អចលនទ្រព្យ​នៅ​កម្ពុជា​ភាគច្រើន គឺជា​ក្រុមហ៊ុន​ធំៗ សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ និង​បុគ្គល​ដែលមាន​ប្រាក់​ច្រើន​។​
 
​ក្រុមហ៊ុន New Landmark ជា​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​មួយ​ដែលមាន​ទីស្នាក់ការ​កណ្ដា​ល​នៅ​ក្រុង Wuhan ខេត្ត Hubei​។ ក្រុមហ៊ុន​នេះ​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​សំណង់​ចិន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ ដើម្បី​សាងសង់​អគារ​ស្នាក់នៅ​[​ជា​បន្ទប់ៗ​] និង​សណ្ឋាគារ នៅក្នុង​ក្រុងព្រះសីហនុ​។​
 
​មកដល់ពេលនេះ ពួកគេ​សាងសង់​អគារ​ស្នាក់នៅ​ដែលមាន ៣.៦០០​ខ្នង និង​មាន​បន្ទប់​សណ្ឋាគារ​ជាង ៤០០ បន្ទប់​នៅ​ទីក្រុង ហើយ​រហូតមក​ដល់ពេលនេះ ក្រុមហ៊ុន​នេះ​បាន​លក់​អគារ​ស្នាក់​នៅបាន​ជាង ៤០០ ខ្នង​ហើយ​ក្នុង​រយៈពេល ៤​ខែ ចុងក្រោយ​នេះ​។ អ្នកទិញ​ភាគច្រើន គឺជា​ជនជាតិ​ចិន​។ នេះ​បើ​យោងតាម​លោក Fei Lu ដែលជា​នាយក​គម្រោង​ក្រុមហ៊ុន​នេះ​។​
 
​លោក​បាន​និយាយថា ឱកាស​ចំណេញ​ពី​ការវិនិយោគ គឺជា​ការពិចារណា​ដ៏​សំខាន់​មួយ​សម្រាប់​ក្រុមហ៊ុន​ក្នុងការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ក្នុងប្រទេស​កម្ពុជា​។​
 
​លោក​បាន​និយាយថា​៖ «​នៅ​ក្រុងព្រះសីហនុ ដូច​មនុស្ស​ជាច្រើន​បានលើកឡើង​អ៊ីចឹង វា​ស្រដៀង​ទៅនឹង​ក្រុង Shenzhen ក្នុង​ទសវត្សរ៍​១៩៨០ និង​១៩៩០ ដែរ​។ ដោយសារតែ​ជោគជ័យ​របស់​ក្រុង Shenzhen មនុស្ស​ជាច្រើន​ដែលមាន​គំនិត​ធ្វើ​អាជីវកម្ម ឬ​មាន​ប្រាក់ ចង់​វិនិយោគ​នៅទីនេះ​»​។​
 
​លោក Lu បាន​បន្ថែមថា​៖ «​ក្នុង​ដែនដី​ដែល​ពោរពេញ​ដោយ​សក្ដានុពល​នៅ​គ្រប់​វិស័យនេះ ឱកាស​មាន​កាន់តែ​ធំ​»​។​
 
​រដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ញឹកញាប់ រង​ការរិះគន់​ចំពោះ​ងាក​ទៅគ្រប់​គ្រង​តាមបែប​ឯក​បក្ស និង​ប្រកាន់យក​ការដឹកនាំ​បែប​ផ្ដាច់ការ​តាម​ចិន​ដោយ​ចំហ​។ ទោះជា​យ៉ាងណាក្តី សម្រាប់​ជនជាតិ​ចិន​ភាគច្រើន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កាន់អំណាច​យូរ​ឆ្នាំ និង​ទំនាក់ទំនង​ជិតស្និទ្ធ​របស់លោក​ជាមួយនឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង គឺជា​មូលហេតុ​សំខាន់​មួយ​ក្នុងចំណោម​មូលហេតុ​ផ្សេងទៀត​ដែល​ពួកគេ​មក​វិនិយោគ​នៅ​កម្ពុជា​។​
 
​លោក Lu និយាយថា​៖ «​ប្រទេស​កម្ពុ​ជាមាន​ទំនាក់ទំនង​ដ៏​ល្អ​ជាមួយនឹង​ប្រទេស​ចិន​។ កត្តា​ដូចជា​ឥរិយាបថ​របស់​កម្ពុជា​ចំពោះ​ប្រទេស​ចិន ទំនាក់ទំនង​ផ្នែក​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​ទាំងពីរ និង​គោលនយោបាយ​បើកចំហ​របស់​កម្ពុជា បាន​ជំរុញ​ឲ្យ​អ្នកវិនិយោគ​ចិន​គ្រប់​ប្រភេទ​មក​ទីនេះ ដែល​វា​ស្រដៀង​នឹង​សម័យ​ដែល​មនុស្សម្នា​នាំគ្នា​សម្រុក​រុករក​មាស​អ៊ីចឹង​ដែរ​»​។​
 
​លោក Yang ដែលជា​ម្ចាស់​សណ្ឋាគារ​ផ្កាយ​៥ នៅ​ក្រុង Ezhou ខេត្ត Hubei មាន​គម្រោង​វិនិយោគ​កន្លែង​លំហែកាយ​តារា​សាគរ ដែល​នឹង​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Union Development Group ដែលជា​ក្រុមហ៊ុន​ចិន​មាន​មូលដ្ឋាន​នៅក្នុង​ក្រុង Tianjin​។​
 
​លោក Yang បាន​និយាយថា​៖ «​ខ្ញុំ​មាន​មិត្ត​ភ័ក្ដិ​ម្នាក់​ដែល​វិនិយោគ​ក្នុង​គម្រោង​នេះ​។ គាត់​ប្រាប់​ខ្ញុំ​ថា កន្លែង​នេះ​ល្អ​ណាស់ សក្ដិសម​សម្រាប់​ទេសច​រណ៍ ការ​លំហែកាយ និង​ផ្ទះ​ស្នាក់​នៅពេល​ចូលនិវត្តន៍​។ ដូច្នេះ​យើង​មក​ពិនិត្យមើល​ទីនេះ​»​។​
 
​លោក​បន្ថែមថា​៖ «​នេះ​ជា​លើក​ទី​១​ដែល​ខ្ញុំ​មក​ទីនេះ​។ ខ្ញុំ​មាន​អារម្មណ៍​ថា កន្លែង​នេះ​ល្អ​ណាស់​។ បរិស្ថាន​ក៏​ល្អ​ដែរ​»​។​
 
​លោក Lin ដែលជា​បុគ្គលិក​ចូលនិវត្តន៍​របស់​ក្រុមហ៊ុន​សំណង់​មួយ​នៅ​ក្រុង Xiamen ខេត្ត Fujian បានសម្រេច​ចិត្ត​វិនិយោគ​ទឹកប្រាក់​ជិត ១០០​លាន​យ័ន [​ស្មើ​ជាង​១៤​លាន​ដុល្លារ​អាមេរិក​] ដើម្បី​សាងសង់​សណ្ឋាគារ​កម្ពស់ ១៤​ជាន់ ក្បែរ​ឆ្នេរ​អូរ​ឈើទាល បន្ទាប់ពី​បានមក​ទីនេះ​ប៉ុន្មាន​ដង​។ លោក​កំពុង​រង់ចាំ​លិខិតអនុញ្ញាត​ពី​រដ្ឋាភិបាល​ដើម្បី​សាងសង់​អគារ​របស់លោក​។​
 
​លោក Lin និយាយ​នៅពេល​កំពុង​ដើរ​នៅលើ​ឆ្នេរ​ថា​៖ «​ខ្ញុំ​ពីដំបូង​មក​ទីនេះ តាម​ការណែនាំ​របស់​មិត្ត​ភ័ក្ដិ​ម្នាក់​។ គាត់​និយាយថា ក្នុង​គម្រោង​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​របស់​ចិន យើង​នឹង​មកដល់​ប្រទេស​កម្ពុជា​មុនគេ​»​។​
 
​លោក Lin និយាយថា ដើម្បី​មក​ប្រទេស​កម្ពុជា​បាន ជន​ជាតិចិន​ត្រូវការ​តែ​ទិដ្ឋាការ​ឆ្លងកាត់​ប៉ុណ្ណោះ​។ លោក​ថា នេះ​ជាការ​លើកទឹកចិត្ត​មួយ​បន្ថែមទៀត​។​
 
​ប៉ុន្តែ លោក​ហាក់ដូចជា​មានការ​ព្រួយបារម្ភ​បន្តិចបន្តួច​ពី​ការវិនិយោគ​របស់លោក​។ លោក​បាន​កត់សម្គាល់ថា នៅ​ក្រុងព្រះសីហនុ ភាគច្រើន​គឺ​ជនជាតិ​ចិន​ដែល​សង់​អគារ​ស្នាក់នៅ​សម្រាប់​ជន​ជាតិចិន​ដូចគ្នា​។​


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ Li Keqiang នាយករដ្ឋមន្ត្រីចិន នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ពុជា-ចិន នៅវិមានរដ្ឋាភិបាលចិន ក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩។
 
​ទំនាក់ទំនង​ល្អ ឱកាសល្អ​
 
​ក្រុមហ៊ុន Prince Real Estate (Cambodia) Group ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យ​ចិន​ដែល​មិនសូវ​ល្បីឈ្មោះ​មួយ បាន​ក្លាយជា​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ធំ​បំផុត​ក្នុងចំណោម​ក្រុមហ៊ុន​ធំៗ​ផ្សេងទៀត​ក្នុង​រយៈពេល​តែ​៤​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ក្រុមហ៊ុន​នេះ​បាន​អះអាងថា ខ្លួន​«​ជា​អ្នក​នាំមុខ​ផ្នែក​អចលនទ្រព្យ​នៅ​កណ្ដាល​ទីក្រុង​»​។​
 
​នៅ​កន្លែង​តាំង​បង្ហាញ​អគារ​ការិយាល័យ​របស់​ខ្លួន នៅ​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ អ្នកទិញ​មួយក្រុម​មកពី​ក្រុង​សៀង​ហៃ ទើបតែ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ទិញ​អាគារ​ស្នាក់នៅ​ជា​បន្ទប់ៗ​។​
 
​កិច្ចសន្យា​របស់​អ្នកស្រី Qin បង្ហាញថា អ្នកស្រី​យល់ព្រម​ទិញ​បន្ទប់​មួយ​ក្នុងតម្លៃ ១១៣.៥០០ ដុល្លារ ក្នុង​អគារ Prince International Plaza ដែលមាន​ទីតាំង​នៅតាម​មហាវិថី​សហព័ន្ធរុស្ស៊ី​។ បើ​គិត​ជា​ម៉ែត្រការ៉េ វា​មានតម្លៃ​២.២៧០ ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ ដែល​តម្លៃ​នេះ​ថោក​ខ្លាំងណាស់ បើ​ប្រៀបធៀប​ទៅនឹង​អចលនទ្រព្យ​នៅ​ក្រុង​សៀង​ហៃ​។​
 
​នេះហើយ​ជា​មូល​ហេតុដែល​អ្នកស្រី​មាន​គម្រោង​ទិញ ១០​បន្ទប់​បន្ថែមទៀត ពេល​អ្នកស្រី​មក​ប្រទេស​កម្ពុជា​លើក​នេះ​។ បន្ទប់​ទាំងអស់​ដែល​អ្នកស្រី​ទិញ គឺ​សម្រាប់​ការវិនិយោគ​។​
 
​អ្នកទិញ​ម្នាក់ទៀត​គឺ​អ្នកស្រី Cao យល់ព្រម​បង់ប្រាក់​ជិត ១៦៥.០០០ ដុល្លារ​សម្រាប់​បន្ទប់ ដែលមាន​ទំហំ ៩៣ ម៉ែត្រការ៉េ​ក្នុង​អគារ​ដូចគ្នានេះ​។ អ្នក​ទាំងពីរ​ទទួលបាន​ការបញ្ចុះ​តម្លៃ​ខ្លះ ហើយ​បាន​បង់ប្រាក់​កក់​ចំនួន ២.០០០ ដុល្លារ សម្រាប់​ថ្លៃ​ទិញ​បន្ទប់​នីមួយៗ​។​
 
​ពួកគេ​មក​ទីនេះ ដោយសារ​បុរស​ម្នាក់​ដែល​ធ្វើជា​ភ្នាក់ងារ​អចលនទ្រព្យ​របស់​ពួកគេ​។ ភ្នាក់ងារ​នោះ​និយាយថា លោក​បាន​ខាតបង់​ប្រាក់​រាប់លាន​យ័ន [​ស្មើ​រាប់សែន​ដុល្លារ​] នៅ​ក្រុង​សៀង​ហៃ ហើយ​ភរិយា​របស់លោក​បាន​លែងលះ​ជាមួយ​លោក​។ មួយឆ្នាំ​ក្រោយមក លោក​បានមក​ប្រទេស​កម្ពុជា​តាមរយៈ​មិត្ត​ភ័ក្ដិ​របស់លោក ហើយ​បានចាប់ផ្ដើម​អ្វីដែល​លោក​ហៅថា​«​ជីវិត​ទី​២»​របស់លោក​។​
 
​ភ្នាក់ងារ​រូបនេះ​បាន​និយាយថា​៖ «​ខ្ញុំ​លក់បាន​៥​ឬ​៦​បន្ទប់ ដែលមាន​តម្លៃ​១០​លាន​យ័ន [​ស្មើ​១​លាន​៤​សែន​ដុល្លារ ] ជា​រៀងរាល់ថ្ងៃ​យ៉ាង​ស្រួល​»​។​
 
​លោក​និយាយថា លោក​លក់​បន្ទប់​បាន​រាប់រយ​ក្នុង​១​ឆ្នាំ ហើយ​អ្នកទិញ​ទាំងអស់​សុទ្ធតែជា​ជនជាតិ​ចិន​។​
 
​ចំពោះ​មូលហេតុ​ដែល​ជន​ជាតិចិន​ជាច្រើន​ចង់​មក​វិនិយោគ​ផ្នែក​អចលនទ្រព្យ​ក្នុងប្រទេស​កម្ពុជា ភ្នាក់ងារ​រូបនេះ​ពន្យល់ថា​៖ «​ដោយសារតែ​នេះ​ជា​ឱកាសល្អ​មួយ ហើយ​ប្រទេស​ចិន​ទទួលបាន​ប្រយោជន៍​ពី​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ប្រទេស​កម្ពុជា​។ សូម្បីតែ​ក្រុមហ៊ុន​របស់​រដ្ឋ​ក្នុងប្រទេស​ចិន​ក៏​មក​ទីនេះ​ដែរ​»​។​
 
​ក្នុង​បន្ទប់ទទួលភ្ញៀវ​ក្នុង​ការិយាល័យ​របស់​ក្រុមហ៊ុន Prince Group លោក Yu ដែល​មកពី​ខេត្ត Hubei និយាយថា លោក​បាន​លក់បាន​ជិត ១០០​បន្ទប់ ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​។​
 
​លោក​គិតថា មនុស្ស​ជាច្រើន​ចង់​ទិញ​បន្ទប់​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា ដោយសារតែ​វា​ពិបាកធ្វើ​អាជីវកម្ម​នៅ​ប្រទេស​ចិន ហើយ​ពួកគេ​ជឿថា មានឱកាស​ច្រើន​ក្នុងការ​រកប្រាក់​នៅទីនេះ ដោយសារតែ​ការពង្រីក​ក្រុង​ដែល​រីកលូតលាស់​ខ្លាំង​។​
 
​លោក​និយាយថា​៖ «​ជនជាតិ​ចិន​កំពុង​មក​ប្រទេស​ក្រីក្រ នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដើម្បី​ទិញ​អចលនទ្រព្យ​នៅ​ចំណុចកណ្ដាល​នៃ​ប្រទេស​។ ពេល​ប្រទេស​នោះ​បើកចំហ និង​ធ្វើ​សមាហរណកម្ម​ជាមួយនឹង​សកលភាវូបនីយកម្ម នឹងមាន​ការពង្រីក​ក្រុង​ជាមិនខាន​។ បន្ទាប់មក ចំណុចកណ្ដាល​នៃ​ក្រុង​នឹង​ក្លាយជា​កន្លែង​រកប្រាក់​បាន​ច្រើន ដូច្នេះ​អគារ​បន្ទប់​ស្នាក់នៅ​ទាំងអស់​នៅ​កណ្ដាល​ទីក្រុង នឹងមាន​តម្លៃ​ខ្ពស់​»​។​
 
​ភ្នាក់ងារ​រូបនេះ​បន្ថែមថា មាន​ហេតុផល​ផ្សេងៗ​ទៀត​ដែល​ជនជាតិ​ចិន​មក​វិនិយោគ​នៅ​កម្ពុជា​។​
 
​លោក​និយាយថា​៖ «​ប្រទេស​កម្ពុជា​ចាយប្រាក់​ដុល្លារ​។ ប្រទេស​នេះ​មិន​បារម្ភ​ថា សហរដ្ឋអាមេរិក​នឹង​បោះពុម្ព​ប្រាក់​ដុល្លារ​បន្ថែម និង​មិន​បារម្ភ​ពី​គោលនយោបាយ​ពង្រីក​ហិរញ្ញវត្ថុ​របស់​ធនាគារកណ្ដាល​របស់​ចិន​នោះទេ​»​។​
 
​ពេល​ត្រូវ​សួរថា តើ​ជន​ជាតិចិន​ទាំងនោះ​អាច​វេរ​ប្រា​ក់ដោយ​គេច​ផុតពី​វិធាន​ដ៏​តឹងរ៉ឹង​នៃ​ការគ្រប់គ្រង​លំហូរ​សាច់ប្រាក់​របស់រ​ដ្ឋា​ភិ​បាល​ក្រុង​ប៉េកាំង​ដោយ​របៀប​ណា លោក Yu និយាយថា ពួកគេ​មាន​មធ្យោបាយ​គ្រប់បែបយ៉ាង រួមមាន​ទាំង​ការ​វេរ​ប្រាក់​តាម​ធនាគារ​ដោយ​សម្ងាត់ និង BitCoin ប៉ុន្តែ​លោក​បាន​បដិសេធ​ពន្យល់​បន្ថែម​។​
 
​មនុស្ស​ជាច្រើន​សង្ស័យថា ជន​ជាតិចិន​មួយចំនួន​រួមទាំង​អ្នកបើក​កាស៊ីណូ​ផងដែរ កំពុង​កេងចំណេញ​ពី​ច្បាប់​ប្រឆាំង​ការលាង​លុយកខ្វក់​ដ៏​ធូររលុង​របស់​កម្ពុជា ដើម្បី​លាងលុយកខ្វក់​របស់ខ្លួន​។​
 
​លោក ថុ​ន រដ្ឋា មកពី​អង្គការ​មាតា​ធម្មជាតិ និយាយថា​៖ «​អ្វីដែល​យើង​បានឮ​ពី​ម្នាក់​ទៅ​ម្នាក់​គឺថា ពួកគេ​មក​ទីនេះ​ដើម្បី​លាយ​លុយកខ្វក់​។ នេះ​ជា​មូលហេតុ​ដែល​ពួកគេ​មាន​ប្រាក់​ទិញ​ដី ជាមួយនឹង​សាច់ប្រាក់​ជាច្រើន និង​ជួល​កន្លែង​នោះ​វិញ​ក្នុងតម្លៃ​ខ្ពស់​មួយ​»​។​
 
​លោក Yu​ជឿថា មាន​កំណើន​ខ្លាំង​ក្នុង​វិស័យ​អចលនទ្រព្យ​ក្នុង​ខេត្ត​ព្រះសីហនុ ដោយសារតែ​ការផ្គត់ផ្គង់​មាន​ចំនួន​ច្រើន​ហួស ប៉ុន្តែ​លោក​ច្បាស់​ថា សម្រាប់​ហេតុផល​នយោបាយ រដ្ឋាភិបាល​ចិន​នឹងមិន​អនុញ្ញាត​ឲ្យ​បញ្ហា​នេះ​ផ្ទុះ​ក្នុងពេល​ឆាប់ៗ​នោះទេ​។​
 
​លោក Zhang ដែលជា​ម្ចាស់​រង្គសាល​មួយ និង​បាន​ទិញ​បន្ទប់​ស្នាក់នៅ​មួយ​នៅ​ក្រុងព្រះសីហនុ មិន​បារម្ភ​ពី​បញ្ហា​អចលនទ្រព្យ​នេះ​ទេ​។​
 
​លោក Zhang បាន​និយាយថា​៖ «​ឥឡូវនេះ ខ្ញុំ​មិន​គិតថា មាន​បញ្ហា​នោះទេ ប៉ុន្តែ​ប្រសិនបើ​គេ​សង់​អគារ​ជា​បន្ទប់ៗ​កាន់តែច្រើន​ទៅៗ​នាពេល​អនាគត វា​ពិបាក​នឹង​និយាយ​ណាស់​»​។​
 
​លោក​បន្ថែមថា​៖ «​វា​អាច​ដែរ​ដែលថា​ជនជាតិ​ចិន​កាន់តែច្រើន​ទៅៗ នឹង​មក​ទីនេះ​»​។​
 
​អ្វីដែល​លោក​ច្បាស់​គឺថា មិនមែន​ជនជាតិ​ចិន​គ្រប់គ្នា​ដែល​មក​វិនិយោគ​នៅទីនេះ​ទទួលបាន​ជោគជ័យ​នោះទេ​។ ក្នុងចំណោម​មិត្ត​ភ័ក្ដិ​របស់លោក​ដែល​ធ្វើ​អាជីវកម្ម ពួកគេ​ពាក់កណ្ដាល​បាន​ខាតបង់​ប្រាក់​។​
 
​លោក Zhang បាន​និយាយថា​៖ «​មនុស្ស​មួយចំនួន​កំពុង​ខាត​ប្រាក់ ប្រហែល​ដោយសារតែ​ពួកគេ​មក​វិនិយោគ​នៅទីនេះ​លឿន​ពេក ដោយ​មិនបាន​សិក្សា​ពី​ទីផ្សារ​ច្បាស់លាស់​។ ថ្លៃ​ជួល​នៅទីនេះ​អាច​ថ្លៃ​ជាង ឬ​ប្រហាក់ប្រហែល​នឹង​តម្លៃ​នៅ​ក្រុង​ធំៗ​និង​ក្រុង​លំដាប់​លេខ​១​ក្នុងប្រទេស​ចិន ប៉ុន្តែ​មនុស្ស​មួយចំនួន​មិនបាន​យកចិត្តទុកដាក់​ឱ្យ​ម៉ត់ចត់​ទេ គឺ​ពួកគេ​គ្រាន់តែ​ជួល​កន្លែង​ទាំងនេះ​ដែលមាន​ថ្លៃ​ជួល​ខ្ពស់​ទាំង​ងងឹត​ងងុល​ដើម្បី​ធ្វើ​អាជីវកម្ម ហើយ​ក្រោយមក​ក៏​ខាតបង់​ប្រាក់​របស់​ពួកគេ​»​។​
 
​ភោជនីយដ្ឋាន និង​កន្លែង​ផ្ដល់ព័ត៌មាន​របស់លោក Zhou នៅ​ក្រុង​ប៉ោយប៉ែត​ទើបតែ​បើក​ថ្មីៗ​នេះ​។ លោក​មិនដឹងថា តើ​អាជីវកម្ម​របស់លោក​នឹង​រកបាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ទូទាត់​ថ្លៃ​ជួល​ប្រចាំខែ​ចំនួន ១០.០០០​ដុល្លារ ឬ​យ៉ាងណា​នៅឡើយ​ទេ​។ ប៉ុន្តែ​លោក​នឹង​ព្យាយាម​ធ្វើ​ឲ្យ​អស់ពី​លទ្ធភាព​។​
 
​លោក​និយាយថា​៖ «​នៅ​ស្រុកកំណើត​របស់​យើង​គឺ​ខេត្ត Fujian យើង​មាន​ពាក្យស្លោក​មួយ​ថា​«​លះបង់​ខ្លួន​យើង នោះ​យើង​នឹង​ទទួលបាន​ជោគជ័យ​» ប្រសិនបើ​យើង​មិន​ហ៊ាន​សាកល្បង​ទេ តើ​យើង​ដឹង​យ៉ាងម៉េច​បាន ថា​តើ​យើង​នឹង​អាច​រកប្រាក់​បាន​ឬ​អត់​?»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com