ភ្នំពេញ៖ អាមេរិក នៅតែបារម្ភពីវត្តមានកងទ័ពបរទេសឈរជើងនៅកម្ពុជា ដែលអាចគំរាមកំហែងដល់សន្តិសុខប្រទេស និងក្នុងតំបន់។ ការអះអាងជាថ្មី តាមរយៈស្ថានទូតអាមេរិកនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅអ្នកនាំពាក្យកងទ័ពកម្ពុជា ដែលបានបកស្រាយខុសពីសម្តីដើមរបស់លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ក្នុងជំនួបលោក វង្ស ពិសេន អគ្គមេបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ជុំវិញបញ្ហាមូលដ្ឋានទ័ពបរទេស កាលពីថ្ងៃទី៣ ធ្នូ កន្លងមក។
ក្រោយជំនួបពិភាក្សាគ្នា រយៈពេល២ថ្ងៃ ពោលគឺនៅថ្ងៃទី៥ ធ្នូ អ្នកនាំពាក្យកងយោធពលខេមរភូមិន្ទ បានសរសេរលើហ្វេសប៊ុកផ្លូវការខ្លួន ដោយបានស្រង់សម្តីទូតអាមេរិក លោក W.Patrick Murphy ជុំវិញភាពវិជ្ជមានរបស់កម្ពុជា ដែលបង្ហាញពីភាពត្រឹមត្រូវខ្លួន ក្នុងការនាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចុះទៅត្រួតពិនិត្យដល់កន្លែង ដែលសង្ស័យថា មានមូលដ្ឋានកងទ័ពចិនឈរជើង។ មិនតែប៉ុណ្ណោះអ្នកនាំពាក្យកងទ័ពកម្ពុជា ថែមទាំងអះអាងថា ទូតអាមេរិក ទទួលស្គាល់ការចុះផ្សាយព័ត៌មាននានា ជារឿងប្រឌិតទៀតផង។
«ឯកអគ្គរដ្ឋទូតបានចាត់ទុកការផ្សាយពត៌មាន(មូលដ្ឋានទ័ពបរទេស)នេះគឺជាការមិនពិត ហើយដែលចង់ធ្វើឲ្យ(កម្ពុជា)បាត់បង់ស្ថេរភាពតែប៉ុណ្ណោះ»។ នេះបើតាមហ្វេសប៊ុករបស់អគ្គមេបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដែលចុះផ្សាយពីជំនួបលោក W.Patrick Murphy និងលោក វង្ស ពិសេន មេបញ្ជាការកងទ័ព។
ផ្ទុយពីការបកស្រាយខាងលើនេះ ទូតអាមេរិកប្រចាំកម្ពុជា បានអះអាងថា ខ្លួនមិនបាននិយាយអ្វីដូចការបកស្រាយរបស់អ្នកនាំពាក្យកងយោធពលខេមរភូមិន្ទឡើយ។ ស្ថានទូតអាមេរិក ចាត់ទុកការបកស្រាយរបស់អ្នកនាំពាក្យកងទ័ពកម្ពុជាថា ជាសកម្មភាពមិនសមរម្យ ដែលបំភ្លៃសម្តីរបស់លោក W.Patrick Murphy។ បើតាមស្ថានទូតអាមេរិក លោក Murphy នៅតែបង្ហាញក្តីព្រួយបារម្ភជុំវិញបញ្ហាមូលដ្ឋានទ័ពបរទេសនៅកម្ពុជា ប្រាប់ទៅលោក វង្ស ពិសេន។
«ថ្វីបើលោកឯកអគ្គរដ្ឋទូតមានការផ្លាស់ប្តូរយោបល់គ្នាល្អ ជាមួយលោកអគ្គមេបញ្ជាការក្តី តែអ្នកនាំពាក្យរបស់កងយោធពលខេមរភូមិន្ទ មិនបាននិយាយត្រឹមត្រូវនៅក្នុងសេចក្តីថ្លែងការណ៍អំពីមូលដ្ឋានយោធាបរទេសនោះទេ។ ដើម្បីជាការបញ្ជាក់ឲ្យបានច្បាស់ លោកឯកអគ្គរដ្ឋទូត និងសហរដ្ឋអាមេរិកនៅតែមានកង្វល់ចំពោះព័ត៌មានចុះផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ស្តីពីលទ្ធភាពដែលអាចមានមូលដ្ឋានយោធាបរទេសនៅកម្ពុជា។ បើមានដូច្នេះមែន គឺអាចគំរាមកំហែងដល់អធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា និងស្ថិរភាពតំបន់»។ នេះជាការបកស្រាយរបស់ស្ថានទូតអាមេរិក តបទៅនឹងការចុះផ្សាយរបស់អគ្គមេបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទកម្ពុជា។
បកស្រាយបែបនេះហើយ ស្ថានទូតអាមេរិក ក៏បានរម្លឹកពីជំហររបស់លោក Murphy ដែលជួបជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជាកន្លងមកថា លោកទូតអាមរិក តែងតែថ្លែងសារស្តីពីកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ព្រមទាំងកង្វល់របស់អាមេរិក និងអន្តរជាតិ ស្តីពីការដាក់ទីតាំងយោធាបរទេស និងភាពចាំបាច់សម្រាប់ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងប្រយុទ្ធប្រឆាំងអំពើពុករលួយជាដើម។
ស្ថានទូតអាមេរិក បានសរសេរនៅលើហ្វេសប៊ុកខ្លួនដូច្នេះថា៖«យើងមានបំណងមុតមាំក្នុងការជៀសវាងការនិយាយខុស ដែលធ្វើឲ្យខូចដល់ការប្តេជ្ញាចិត្ត ដែលត្រូវបានសម្តែងឡើងរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកឯកអគ្គរដ្ឋទូត ក្នុងការធ្វើការជាមួយគ្នា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា»។
កាលពីថ្ងៃទី២៦ កក្កដា ឆ្នាំ២០១៩ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាតិ បានដឹកនាំក្រុមអ្នកកាសែតជាតិ និងអន្តរជាតិ ទៅត្រួតពិនិត្យទីតាំងមូលដ្ឋានទ័ពសមុទ្ររាម នៅខេត្តព្រះសីហនុ ដើម្បីបញ្ចប់កាសរសង្ស័យរបស់អាមេរិក និងកាសែតបរទេស ដែលចុះផ្សាយថា មានមូលដ្ឋានកងទ័ពចិនឈរជើងនៅទីនោះ។ ដ្បិតមានការបង្ហាញបែបនេះក្តី ប៉ុន្តែក្តីសង្ស័យនៅតែកើតមាន ដោយសារតែមូលដ្ឋានទ័ពនោះ ស្ថិតនៅក្នុងគម្រោងនៅឡើយ។
តែយ៉ាងណាសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានអះអាងថា កម្ពុជាមិនអនុញ្ញាតឱ្យកងទ័ពបរទេសណា បង្កើតមូលដ្ឋានឈរជើងនៅកម្ពុជា ដែលប្រាសចាកពីរដ្ឋធម្មនុញ្ញាកម្ពុជាឡើយ៕