រដ្ឋសភាអាមេរិកដែលគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យ បានបោះជំហានទៅមុខមួយទៀតហើយក្នុងការប៉ុនប៉ងដកតំណែងប្រធានាធិបតី ដូណាល់ ត្រាំ ដែលជាប់ចោទពីបទពឹងបរទេសដើម្បីប្រយោជ៍ផ្ទាល់ខ្លួន។ ប្រធានរដ្ឋសភា ណាន់ស៊ី ផេឡូស៊ី នៅថ្ងៃទី៥ ខែធ្នូ បានបង្គាប់ឲ្យគណៈកម្មាធិការយុត្តិធម៌សភា ផ្ដើមនីតិវិធីដកតំណែងតាមរយៈការសរសេរមាត្រាដកតំណែង (Article of Impeachment) ដែលកំណត់ពីទោសទណ្ឌរបស់លោក ត្រាំ រួចបញ្ជូនឲ្យសភាអនុម័ត។
បន្ទាប់ពីការបើកសវនាការសាធារណៈជាបន្តបន្ទាប់រួចមក រដ្ឋសភាអាមេរិក ក៏ឈានដល់ដំណាក់កាលមួយទៀតក្នុងនីតិវិធីដកតំណែងលោក ដូណាល់ ត្រាំ ពីតំណែងប្រធានាធិបតី។ ដោយព្រមានពីការប្រឈមុខរបស់ប្រជាធិបតេយ្យនៅអាមេរិក អ្នកស្រី ណាន់ស៊ី ផេឡូស៊ី បានបញ្ជាឲ្យគណៈកម្មាធិការយុត្តិធម៌របស់សភា ចាប់ផ្ដើមសរសេរមាត្រាដកតំណែង។ វា នឹងបើកផ្លូវដល់ការសម្រេចចិត្តដកហូតតំណែងពីលោក ត្រាំ ឬយ៉ាងណា។
ក្នុងសេចក្ដីថ្លែងការណ៍តាមទូរទ្សន៍នៅថ្ងៃទី៥ ខែធ្នូ អ្នកស្រី ផេឡូស៊ី មេដឹកនាំកំពូលបក្សប្រជាធិបតេយ្យ បានចោទប្រធានាធិបតីមកពីបក្សសាធារណរដ្ឋពីបទបំពានអំណាច ពុករលួយ និងពឹងបរទេសឲ្យជួយដើម្បីឈ្នះឆ្នោត។ ប្រធានសភាអាមេរិករូបនេះបន្តថា៖ «ថ្ងៃនេះ ខ្ញុំស្នើឲ្យប្រធានគណៈកម្មាធិការរបស់យើង ផ្ដើមនីតិវិធីនៃមាត្រាដកតំណែង។» អ្នកស្រី ផេឡូស៊ី ចង់សំដៅដល់លោក Jerrold Nadler ដែលជាប្រធានគណៈកម្មាធិការយុត្តិធម៌រដ្ឋសភា និងមានសិទ្ធិសរសេរការចោទប្រកាន់ជាផ្លូវការ។
ចំណុចកណ្ដាលនៃសំណុំរឿងនេះ គឺការជជែកតាមទូរសព្ទរវាងលោក ត្រាំ និងសមភាគីអ៊ុយក្រែន ដែលក្នុងនោះលោក ត្រាំ ស្នើឲ្យទីក្រុងកៀវបើកការស៊ើបអង្កេតលើលោក ចូ បៃឌិន បេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតឆ្នាំ២០២០ ។ ការណ៍នេះ ក៏នាំឲ្យបក្សប្រជាធិបតេយ្យ បើកការស៊ើបអង្កេតមួយនៅខែកញ្ញាដោយសង្ស័យថា លោក ត្រាំ កំពុងឲ្យបរទេសចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងអាមេរិក។
លោក ត្រាំ រងការចោទអ្វីខ្លះ?
មាត្រាដកតំណែង (Article of Impeachment) គឺជាសំណុំនៃការចោទប្រកាន់ប្រឆាំងមន្ត្រីសាធារណៈ ហើយដែលបើកផ្លូវដល់នីតិវីធីដកតំណែង។ សម្រាប់ករណីប្រធានាធិបតី នីតិវិធីដកតំណែង ផ្ដើមពីការបោះឆ្នោតលើមាត្រាដកតំណែងនេះនៅរដ្ឋសភា។ បន្ទាប់មក ព្រឹទ្ធសភាអាមេរិក នឹងបើកសវនាការជម្រះក្ដីថា ត្រូវដកតំណែង ឬមិនដក។ ករណីនេះ ប្រធានាធិបតី គឺជាចុងចោទ ឯរដ្ឋសភាជាដើមចោទ ដោយមានព្រឹទ្ធសភាជាអ្នកសម្រេចិត្ត។
ការស្នើរបស់លោក ត្រាំ ទៅកាន់ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលីនស្គី ឲ្យស៊ើបអង្កេតលើដៃគូរបស់ខ្លួន ត្រូវបានបក្សប្រជាធិបតេយ្យចាត់ទុកជាការបំពានអំណាច ដែលជាទោសមួយអាចដកតំណែងបាន។ លោក Noah Feldman សាស្ត្រាចារ្យសាកវិទ្យាល័យ Harvard ពន្យល់ថា សកម្មភាពរបស់លោក ត្រាំ បែបនេះ ជាការប្រើប្រាស់អំណាចប្រធានាធិបតីដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ហើយវាក៏ស្ថិតក្នុងចំណោមទោសធ្ងន់ធ្ងរដែលមានចែងក្នុងរដ្ឋធម្មនុញ្ញអាមេរិកផងដែរ
ក្រៅពីការបំពានអំណាច លោក ត្រាំ ក៏អាចប្រឈមមុខការចោទប្រកាន់លើករណីឯទៀតដូចជា ការបង្អាក់ដំណើរការយុត្តិធម៌ និងការបង្អាក់ដំណើរការស៊ើបអង្កេតរបស់សភាជាដើម ដែលទោសនេះសុទ្ធសឹងជាបទល្មើសធ្ងន់ធ្ងរ។
តាមរដ្ឋធម្មនុញ្ញអាមេរិក ប្រធានាធិបតី ឬអនុប្រធានាធិបតី និងមន្ត្រីស៊ីវិលទាំងអស់ គួរត្រូវបានចេញពីដកតំណែងចំពោះបទល្មើសដូចជា ទោសក្បត់ជាតិ ស៊ីសំណូក និងទោសធ្ងន់ធ្ងរផ្សេងទៀត។
ព្រឹទ្ធសភា ជាខ្នងបង្អែកលោក ត្រាំ
បើតាមទីភ្នាក់ងារព័ត៌មាន Reuters អ្នកស្រី ផេឡូស៊ី បានទទួលការគាំទ្រពីសមាជិកបក្សប្រជាធិបតេយ្យនៅក្នុងរដ្ឋសភាមុននឹងប្រកាសបើកការសរសេរមាត្រាដកតំណែងលោក ត្រាំ ។ បើប្រភពព័ត៌មានដែលទាក់ទងដំណើការនេះ មាត្រាដកតំណែងអាចលេចជារូបរាងនៅសប្ដាហ៍ក្រោយ ដោយក្រុមប្រជាធិបតេយ្យ នឹងសម្រុកធ្វើការទាំងចុងសប្ដាហ៍ដើម្បីសម្រេចឲ្យគោលដៅនេះ។ ជាការពិត មាត្រានេះ ទំនងមិនពិបាកឆ្លងរដ្ឋសភាឡើយ ព្រោះបក្សប្រជាធិបតេយ្យមានសំឡេងភាគច្រើនស្រាប់។
បញ្ហាប្រឈមសម្រាប់បក្សប្រជាធិបតេយ្យ គឺព្រឹទ្ធសភាដែលគ្រប់គ្រងដោយបក្សសាធារណរដ្ឋ។ កន្លងមក សមាជិកព្រឹទ្ធសភាអាមេរិកហាក់មិនគាំទ្រលើនីតិវិធីនេះឡើយ។ សម្រាប់លោក ត្រាំ ព្រឹទ្ធសភាជាបង្អែកចុងក្រោយរបស់លោក។ កន្លងមក លោក ត្រាំ បានទាមទារឲ្យរដ្ឋសភាបញ្ជូនសំណុំរឿងនេះទៅកាន់ព្រឹទ្ធសភាចាត់ការឲ្យបានឆាប់ ព្រោះលោកជឿជាក់ខ្លាំងលើសមាជិកបក្សសាធារណរដ្ឋ។ ក្នុង Twitter នៅថ្ងៃទី៥ ខែធ្នូ លោក ត្រាំ អះអាងថា បក្សសាធារណរដ្ឋរួបរួមខ្លាំងណាស់៕