ឆ្លើយតបនឹងសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្នុងវិស័យវាយនភ័ណ្ឌ នាដើមខែធ្នូ ឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តគម្រោងវិនិយោគថ្មីៗចំនួន ៣ ទៀត សរុបទុនវិនិយោគជិត ៩ លានដុល្លារ។ តាមរយៈការវិនិយោគនេះ នឹងជួយបង្កើតការងារថ្មីដល់ ប្រជាពលរដ្ឋកម្ពុជាជាង ៣,០០០ នាក់ បន្ថែមទៀត។
បើយោងតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១.“QUAN MING HANDBAG (CAMBODIA) INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៦ ភូមិឬស្សីជ្រោយ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ជាមួយទុនវិនិយោគប្រមាណ ៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,២៤៤ កន្លែង។
២.“GD NEW SKY LEATHER PRODUCTS CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូប និងខ្សែក្រវាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃថ្កូវ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.៨ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៥០៦ កន្លែង។
៣. “TAO AND KIVEN GARMENT CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៦៩៨ កន្លែង។
ការនាំចេញកើនឡើងត្រឹម ៩ ខែឆ្នាំនេះ
ពាក់ព័ន្ធនឹងវិស័យកាត់ដេរនៅកម្ពុជា គេមើលឃើញថា លំហូរវិនិយោគនៅតែមានជាបន្តបន្ទាប់ ចំណែកការនាំចេញសម្រាប់ឆ្នាំ២០១៩ ក៏មានកំណើនគួរឲ្យកត់សម្គាល់ បើទោះបីជាកម្ពុជា កំពុងប្រឈមនឹងការត្រូវបានដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ឬហៅថា អ្វីគ្រប់យ៉ាងលើកលែងតែអាវុធដោយសហគមអ៊ឺរ៉ុប។
បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញផលិតផលវាយនភណ្ឌកាត់ដេរ និងស្បែកជើង ដែលមានតម្លៃជាង ៧.៩៧ ពាន់លានដុល្លារ ពោលគឺកើនឡើង ១៣.១៨ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលស្នើនឹងជាង ៩ រយលានដុល្លារ។
ផលិតផលវាយនភណ្ឌកាត់ដេរ និងស្បែកជើង បាននាំចេញទៅអាមេរិកគិតជាទឹកប្រាក់ ២.៥ ពាន់លានដុល្លារ សហភាពអឺរ៉ុបចំនួន ២,៤ ពាន់លានដុល្លារ ចក្រភពអង់គ្លេសចំនួន ៦៧០ លានដុល្លារ ជប៉ុនចំនួន ៧១១ លានដុល្លារ ប្រទេសសមាជិកអាស៊ានចំនួន ១២១ លានដុល្លារ និងបណ្តាប្រទេសផ្សេងទៀតចំនួន ១.៥ ពាន់លានដុល្លារ។ នេះបើតាមការអះអាងរបស់របាយការណ៍ដដែល៕
អត្ថបទពាណិជ្ជកម្ម