ជាតិ
អតីតយុទ្ធជន១០១គ្រួសារ ដែលគ្មានលំនៅដ្ឋាន ទទួលបានផ្ទះនិងដីធ្លីនៅឧត្តរមានជ័យ
× ភ្នំពេញ៖ សមាគមអតីតយុទ្ធជនកម្ពុជា បានផ្ដល់ផ្ទះ និងដីធ្លីដល់អតីតយុទ្ធជន១០១គ្រួសារ នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ សមាគមអតីតយុទ្ធជន បានជូនដំណើរអតីតយុទ្ធជនទាំង១០១គ្រួសារនោះ ទៅកាន់ខេត្តឧត្តរមានជ័យ ដោយក្នុងនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ស ថេត ស្នងការរាជធានីភ្នំពេញ បានឧបត្ថម្ភថវិកា និង សម្ភារមួយចំនួនទៀតដល់ពួកគេ។
គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះផ្សាយថា កន្លងមកអតីតយុទ្ធជនទាំង១០១គ្រួសារនោះ រស់នៅក្នុងរាជធានីភ្នំពេញ ដោយគ្មានផ្ទះ និងទីជម្រកពិតប្រាកដ។ ពួកគេ រស់នៅក្នុងតំបន់អនាធិបតេយ្យ និងជួលផ្ទះរស់នៅបណ្តោះអាសន្នក្នុងជីវភាពលំបាក។ ក្រោយមក ពួកគេ បានដាក់សំណើទៅសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ដើម្បីសុំឲ្យផ្តល់ផ្ទះ និងដីធ្លី ដល់ពួកគេ។
បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ផ្ទះទាំងនោះ ត្រូវបានសាងសង់ឡើងពីឈើប្រក់ស័ង្កសី មានទំហំ៤ម៉ែត្រ គុណនឹង៦ម៉ែត្រ ដោយមានបំពាក់ភ្លើងសូឡា និងអណ្ដូងស្នប់ផងដែរ៕
Tag:
អតីតយុទ្ធជន
ដីធ្លី
សង្គមកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com