អន្តរជាតិ
ICC បានទាត់ចោលពាក្យបណ្តឹងរបស់ហ្វីលីពីនប្រឆាំងចិនពាក់ព័ន្ធសមុទ្រចិនខាងត្បូង ប្រធានាធិបតីហ្វីលីពីនរ៉ូឌ្រីហ្គោ ឌូទើតេ (ខាងឆ្វេង) ចាប់ដៃជាមួយប្រធានាធិបតីចិន ស៊ី ជិនភីងនៅក្នុងប្រទេសចិន កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ។ រូបភាព៖ AFP
× តុលាការព្រហ្មទណ្ឌអន្តរជាតិ ឬ ICC នៅថ្ងៃទី៥ ខែធ្នូ បានច្រានចោលពាក្យបណ្តឹងរបស់អតីតមន្ត្រីហ្វីលីពីនពីររូបលើប្រទេសចិន។ តាមរយៈសំណុំរឿងមួយនេះ អតីតមន្ត្រីហ្វីលីពីន បានប្តឹងចិនពីការប្រព្រឹត្ត «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» នៅក្នុងសមុទ្រចិនខាងត្បូង។
អតីតមន្ត្រីហ្វីលីពីនពីររូប លោក Albert del Rosario អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និង លោកស្រី Conchita Carpio-Morales អតីតព្រះរាជអាជ្ញារអមតុលាការប្រឆាំងអំពើពុករលួយ បានដាក់ពាក្យប្តឹង ទីក្រុងប៉េកាំង ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិពីការប្រព្រឹត្តបទ «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។
បើតាមការសំអាងរបស់មន្ត្រីទាំងពីរ ចិន បានហាមឃាត់ជនជាតិហ្វីលីពីន ពីការទាញយកធនធានធម្មជាតិ ការនេសាទបែបបុរាណនៅក្នុងសមុទ្រចិនខាងត្បូង ដែលជាផ្នែកមួយនៃទឹកដីរបស់ហ្វីលីពីន ខណៈពេលទីក្រុងប៉េកាំង បានគាំទ្រសកម្មភាពនេសាទខុសច្បាប់ ដែលប្រព្រឹត្តដោយជនជាតិចិន។ ការណ៍នេះ វាមិនត្រឹមតែជាការរំលោភបំពានច្បាប់សមុទ្រ ឬ UNCLOS ឆ្នាំ១៩៨២ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កឲ្យមានការកើនឡើងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទៀត។ នេះបើតាមពាក្យបណ្តឹងរបស់លោក Del Rosario និងលោកស្រី Carpio-Morales ដែលបានដាក់ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ កាលពីថ្ងៃទី ២១ ខែមីនា។
យ៉ាងណាក៏ដោយ តុលាការ ដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ បានទាត់ចោលសំណុំរឿងមួយនេះ ដោយសារខ្វះយុត្តាធិការ។ តាមរយៈរបាយការណ៍របស់ខ្លួនស្តីពី «ការសកម្មភាពត្រួតពិនិត្យជាបឋម ឆ្នាំ២០១៩» តុលាការព្រហ្មទណ្ឌអន្តរជាតិ បានគូសបញ្ជាក់ថា ខ្លួនមិនអាចដោះស្រាយបញ្ហានេះឡើង ដោយសារតែខ្វះយុត្តាធិការបុគ្គល និងទឹកដី។
ក្នុងករណីនេះ តុលាការទីក្រុងឡាអេ បានពន្យល់ថា រឿងទាំងនោះ គឺកើតនៅក្រៅសមុទ្រដែនដីរបស់ហ្វីលីពីន ឬទឹកដីរបស់ហ្វីលីពីន។ ដូច្នោះតុលាការ គ្មានសមត្ថកិច្ច ក្នុងការដោះស្រាយបញ្ហានេះឡើយ។
ជាការឆ្លើយតបទៅនឹងសេចក្តីសម្រេចរបស់តុលាការ លោក Del Rosario និងលោកស្រី Carpio-Morales បានសន្យាថា ខ្លួននៅតែបន្តស្វែងរកភស្តុតាងដដែល។ ជាក់ស្តែង អតីតមន្ត្រីជាន់ខ្ពស់ហ្វីលីពីនទាំងពីរ បានអះអាងថា ព្រះរាជអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ មិនបានលើកបណ្តឹងចោលទេ ហើយព្រះរាជអាជ្ញានៅតែចាំទទួលភស្តុតាង ដើម្បីដំណើរនីតិវិធីសំណុំរឿងមួយនេះ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៣ ហ្វីលីពីន ក៏បានដាក់ពាក្យប្តឹងចិនទៅតុលាការមជ្ឈិត្តកម្មអចិន្ត្រៃយ៍ នៅទីក្រុងឡាអេដែរ ពាក់ព័ន្ធទៅនឹងបញ្ហាសមុទ្រចិនខាងត្បូងនេះ។ ទើបតែនៅឆ្នាំ២០១៦ទេ តុលាការមជ្ឈិត្តកម្ម បានចេញសេចក្តីសម្រេចឲ្យហ្វីលីពីនឈ្នះក្តីលើបញ្ហានេះ ប៉ុន្តែត្រូវបានទីក្រុងប៉េកាំងទាត់ចោលសេចក្តីសម្រេច ៕
© រក្សាសិទ្ធិដោយ thmeythmey.com