កីឡាអន្តរជាតិ
អន្តរជាតិ
ស៊ី​ហ្គេម​៖ សិង្ហ​បុរី បង្ហាញ​កីឡាករ U22 ដែល​លួច​ដើរលេង​យប់ និង​គ្រោង​ដាក់ពិន័យ​តឹងរឹង​
06, Dec 2019 , 5:35 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​សិង្ហ​បុរី (FAS) នៅ​ថ្ងៃទី​៦​ធ្នូ​នេះ​បានបង្ហាញ​ឈ្មោះ​កីឡាករ​បាល់ទាត់​ទាំង​៦​រូប​ដែល​លួច​ដើរលេង​ដល់​យប់​ជ្រៅ រំលោភ​បម្រាម​គោចរ អំឡុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ហ្វីលីពីន​។ អ្នក​ទាំង​៦ ប្រឈម​នឹង​ការដាក់ទណ្ឌកម្ម​យ៉ាង​តឹងរ៉ឹង​ចំពោះ​សកម្មភាព​របស់​ពួកគេ​។​


 
​កីឡាករ​ទាំង​៦​រូបនោះ មានដូចជា Tajeli Salamat, Joshua Pereira, Zulqarnaen Suzliman, Zharfan Rohaizad, Kenji Rusydi និង Lionel Tan​។ ពួកគេ​នឹងត្រូវ​ប្រឈមមុខ​ការពិន័យ​ដោយ​គណៈកម្មាធិការ​វិន័យ​របស់ FAS នៅពេល​វិលត្រឡប់​ទៅ​ប្រទេស​សិង្ហ​បុរី​វិញ ក្រោយ​ចប់​ព្រឹត្តិការណ៍​កីឡា​តំបន់​អាស៊ាន​លើក​ទី​៣០ (SEA Games2019)​។​
 
FAS បានលើកឡើង​ពី​កំហុស​របស់​អត្ត​ព​លិ​ក​ទាំង​៦​ថា​៖«​ពួកគេ​ត្រូវបាន​គេ​រកឃើញថា​ល្មើ​សនឹង​ច្បាប់​គោចរ អំឡុង​កំពុង​បំពេញភារកិច្ច​ជាតិ​នៅ​ស៊ី​ហ្គេម​នាទី​ក្រុង​ម៉ានីល​។ សកម្មភាព​របស់​ពួកគេ​ផ្ទុយ​នឹង​ក្រមសីលធម៌​ដែល​កីឡាករ​ជាតិ​ទាំងអស់​ត្រូវគោរព ហើយ​ពួកគេ​ក៏ត្រូវ​ចូលខ្លួន​ដោះស្រាយ​ជាមួយ FAS ផងដែរ​»​។ 
 
​ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​សិង្ហ​បុរី​បន្ថែមថា ពួកគេ​នឹង​ប្រឈមមុខ​នឹង​ការដាក់ទណ្ឌកម្ម​យ៉ាង​តឹងរឹង​ពី FAS ប្រសិន​មិនបាន​បង្ហាញ​ភាពត្រឹមត្រូវ ឬ​បកស្រាយ​ដែល​គួរ​ទទួលយកបាន​ទេនោះ​។​
 
​ជុំវិញ​ករណីនេះ គ្រូបង្វឹក U22 សិង្ហ​បុរី​លោក Fandi Ahmad ក៏បាន​សម្តែង​ការខកចិត្ត​ទៅលើ​កូនក្រុម​ខ្លួន​យ៉ាងខ្លាំង​ដែរ​។ លោក Ahmad ថា​ទង្វើ​របស់​កីឡាករ​បែបនេះ​គឺជា «​ការដើរថយក្រោយ​រប​ស់​ក្រុម​»​។​
 
​បើតាម​ប្រភព​ច្បាស់ការ​ចំនួន​ពីរ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ទូរទស្សន៍ Channel NewsAsia ថា​ហេតុ​ការដែល​ផ្ទុយ​នឹង​ច្បាប់​របស់​កីឡាករ​ទាំង​៦​រូប បានកើត​ឡើង​នៅ​យប់​ថ្ងៃទី​១​ធ្នូ ពោលគឺ​ក្រោយ​ក្រុម​សិង្ហ​បុរី​ចាញ់​ថៃ ៣-០ ក្នុងជំនួប​វគ្គ​ជម្រុះ​ពូ​ល B​។​
 
​ក្រុមកីឡា​បាល់ទាត់​សិង្ហ​បុរី​បាន​ធ្លាក់​ចេញពី​ការប្រកួត​ត្រឹម​វគ្គ​ចែក​ពូ​ល ក្រោយ​រកបាន​ជ័យជម្នះ​តែមួយ​លើក​ប៉ុណ្ណោះ ដោយ​ក្នុងនោះ​ឈ្នះ​ព្រុយ​ណេ​ក្នុងជំនួប​ចុងក្រោយ​ក្នុង​លទ្ធផល ៧-០៕
 


Tag:
 SEA Games
  សិង្ហ​បុរី​
© រក្សាសិទ្ធិដោយ thmeythmey.com