ជាតិ
ចិន ចង់​បង្កើត​មជ្ឈមណ្ឌល​បច្ចេក​វិទ្យា​កសិកម្ម​តំបន់​ត្រូពិច​នៅ​កម្ពុជា និង​ពង្រីក​សក្តានុពល​ផ្លែ​ដូង​
07, Dec 2019 , 6:59 pm        
រូបភាព
ប្រតិភូក្រុម​ហ៊ុន​ចិន និង​លោក​​ វេង​ សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុង​ជំនួប​គ្នា​នាថ្ងៃទី៣ ខែឆ្នូ រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ប្រតិភូក្រុម​ហ៊ុន​ចិន និង​លោក​​ វេង​ សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុង​ជំនួប​គ្នា​នាថ្ងៃទី៣ ខែឆ្នូ រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន​ចិន​មាន​គោលបំណង​បង្កើត​មជ្ឈមណ្ឌល​បច្ចេក​វិទ្យា​កសិកម្ម​តំបន់​ត្រូពិច​កម្ពុជា​-​ចិន ដើម្បី​ពង្រីក​សក្តានុពល​ដំណាំ​ដូង​នៅ​កម្ពុជា សម្រាប់​នាំចេញ​ទៅ​ក្រៅប្រទេស​នា​ថ្ងៃ​អនាគត​។ គោលបំណង​នេះ ត្រូវបាន​លើកឡើង​ដោយ​លោក Wang Yeqiao នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Hainan State Farms Holding Group Co., Ltd នៅ​ចំពោះមុខ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​ថ្ងៃទី​៤ ខែ​ឆ្នូ​។

 
​លោក Wang Yeqiao នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន បាន​បញ្ជាក់ថា មជ្ឈមណ្ឌល​បច្ចេកវិទ្យា​កសិកម្ម​នេះ នឹង​ផ្តល់​ជា​កន្លែង​សិក្សា​ស្រាវជ្រាវ ផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​បច្ចេកវិទ្យា​ទំនើប​លើ​ការដាំដុះ ប្រមូល​ផល ផលិត​ពូជ វិធានការ​ការពារ​ជំងឺ សត្វល្អិត និង​កែច្នៃ​ដំណាំ​ត្រូពិច​។​
 
​មុននឹង​លោក Wang Yeqiao ប្រាប់​ពី​បំណង​ចង់​បង្កើត​មជ្ឈមណ្ឌល​បច្ចេក​វិទ្យា​កសិកម្ម​តំបន់​ត្រូពិច​នេះ ដោយសារតែ​ក្រុមហ៊ុន​ចិន បាន​សិក្សា​អំពី​សក្តានុពល​លើ​វិស័យ​កសិកម្ម​កម្ពុជា ដែល​អាច​នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​ចិន និង​កម្ពុជា​ឲ្យ​កាន់តែ​រឹងមាំ និង​ឋិតថេរ​។ ក្រៅពីនេះ​ចិន​បាន​សម្លឹង​ឃើញ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​រីកចម្រើន​។ បើតាម​លោក Wang Yeqiao វិស័យ​ដំណាំ​ដូង​នៅ​កម្ពុជា អាច​វិនិយោគ​ជា​លក្ខណៈ​ឧស្សាហកម្ម​។ ជាពិសេស​ចិន ក៏​ចាប់អារម្មណ៍​លើ​ដំណាំ​ស្រូវ ស្វាយ ចេក និង​ដំឡូង​ផងដែរ​។​
 
​លោក Wang Yeqiao បានបញ្ជាក់​ដូច្នេះ​ថា​៖«​ប្រទេស​ថៃ​បានធ្វើការ​នាំចេញ​ផ្លែ​ដូង​ទៅកាន់​ទីផ្សារ​អន្តរជាតិ ជាពិសេស​ទីផ្សារ​ចិន​រាប់រយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ដោយឡែក​កម្ពុ​ជាមាន​ល​ក្ខ​ណ​:​ភូមិសាស្ត្រ​ទឹក ដី និង​ក្សេត្រ​បរិស្ថាន​មិន​ខុសពី​ប្រទេស​ថៃ​។ ដូច្នេះ​បើ​គម្រោង​នៃ​ការបង្កើត​មជ្ឈមណ្ឌល​នេះ ទទួលបាន​ជោគជ័យ នោះ​កម្ពុជា​ត្រូវបានគេទទួលស្គាល់​លើ​ឆាក​អន្តរជាតិ​កាន់តែ​ច្រើនឡើង​តាមរយ​:​ផលិតផល​កសិកម្ម​តំបន់​ត្រូពិច ជាពិសេស​ដំណាំ​ដូង​»​។ 
 
​តាមរយៈ​គម្រោង​បង្កើត​មជ្ឈមណ្ឌល​បច្ចេក​វិទ្យា​កសិកម្ម​នេះ លោក Wang Yeqiao ជឿជាក់ថា​ផ្លែ​ដូង​កម្ពុជា នឹងមាន​សក្តានុពល​នាំចេញ​ទៅកាន់​ទីផ្សារ​ចិន​នាពេល​អនាគត​។ លោក Wang Yeqiao យល់ឃើញថា កម្ពុ​ជាមាន​ផលិតផល​នេះ​នៅក្នុង​ដៃ​ហើយ គ្រាន់តែ​នៅ​មិនទាន់​ត្រូវបាន​គេ​ឲ្យ​តម្លៃ​ទៅលើ​ការអនុវត្ត​បច្ចេកទេស​ដាំ​ដុះ ប្រមូល​ផល វេច​ខ្ចប់ ចងក្រង​កំលាំង​ផលិត និង​នាំចេញ​តែប៉ុណ្ណោះ​។ «​ប្រសិន​បញ្ចូល​បច្ចេកទេស​ដាំ​ដុះ​សមស្រប​មួយ​ឲ្យ​អ្នក​ផលិត និង​រៀបចំ​ក្រុម ឬ​សហគមន៍​ផលិត យើង​ស​ង្ឈឹ​ម​ថា​ផ្លែ​ដូង​នឹងមាន​ទីផ្សារ​នៅ​ថ្ងៃ​អនាគត​ដែល​ធានាបាន​បរិមាណ គុណភាព តម្លៃបន្ថែម ការកែច្នៃ និង​ការប្រកួតប្រជែង​»​។  
 
​ឆន្ទៈ​បង្កើត​សួន​បច្ចេកវិទ្យា​កសិកម្ម​ដំណាំ​ត្រូពិច​កម្ពុជា​-​ចិន និង​ការវិនិយោគ​លើ​ដំណាំ​ដូង​នៅ​កម្ពុជា​របស់​ខេត្ត​ហាយ​ណាន នេះ វា​ស្រប​ពេលដែល​ក្រសួង ក៏ដូចជា​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោលនយោបាយ​យកចិត្តទុកដាក់​លើ​ការងារ​ស្រាវជ្រាវ បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​បច្ចេកវិទ្យា​កសិកម្ម​ទាន់​សម័យ​ដល់​អ្នក​ផលិត ដើម្បី​ធានាបាន​បរិមាណ គុណភាព តម្លៃបន្ថែម ការកែច្នៃ ប្រកួតប្រជែង និង​មាន​ទីផ្សារ​នាំចេញ​។ នេះ​ជាការ​បញ្ជាក់​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​
 
​បើតាម​លោក វេ​ង សាខុន សួន​កសិកម្ម​នេះ មិន​គ្រាន់តែ​ជា​ថ្នាល​សាបព្រោះ​នូវ​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​កសិកម្ម​វៃឆ្លាត​ប៉ុណ្ណោះ​ទេ តែ​វា​នឹង​ជួយ​ប្រាប់​ទៅ​ប្រទេស​នៅក្នុង​តំបន់ និង​អន្តរជាតិ​ថា កសិផល​កម្ពុ​ជាមាន​ស​ក្តា​នុព​ល​សម្រាប់​ប្រកួតប្រជែង​ទីផ្សារ​នាំចេញ ខណៈ​រដ្ឋាភិបាល​កំពុង​អនុវត្ត​គោលនយោបាយ​ជំរុញ​ការនាំចេញ ផលិតផល​កសិកម្ម នាពេល​បច្ចុប្បន្ន និង​អនាគត​។​
 
«​ពិតណាស់​កម្ពុជា​មា​នស​ក្តា​នុព​ល​លើ​ដំណាំ​នេះ ប្រសិនបើ​យើង​បញ្ចូល​បច្ចេកទេស​ដាំ​ដុះ​សមស្រប​មួយ​ឲ្យ​អ្នក​ផលិត និង​រៀបចំ​ក្រុម ឬ​សហគមន៍​ផលិត​។ យើង​សង្ឃឹមថា​ផលិតផល​ដូង​នឹងមាន​តម្លៃបន្ថែម​ខ្ពស់ ដោយសារ​មាន​តម្រូវការ​ទីផ្សារ​»​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​កសិកម្ម ដែល​បាន​បន្ថែមថា ក្រសួង នឹង​ផ្តល់​កិច្ចសហការ​ពេញលេញ ដើម្បី​ជួយ​សម្រួល​ដល់​ការវិនិយោគ សម្រាប់​គម្រោង​កិច្ចសហប្រតិបត្តិការ​នេះ​៕
 

Tag:
 ចិន​
 ​ដំណាំ​
 ​កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com