កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ កុំភ្លេចជំនួបពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្ពុជា vs វៀតណាម នៅម៉ោង៧ល្ងាចនេះ! លោក Felix Dalmas និងលោក Park Hang-Seo នាសន្និសីទសារព័ត៌មានមុនការប្រកួត។ រូបថត FFC
× ក្រុមកីឡាបាល់ទាត់អាយុក្រោម២២ឆ្នាំកម្ពុជា នឹងបង្ហាញជាប្រវត្តិសាស្ត្រនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដោយត្រូវប៉ះជាមួយវៀតណាម នាម៉ោង៧ល្ងាចថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០១៩ នេះ នៅកីឡដ្ឋាន Rizal Memorial ក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ជំនួបមួយគូទៀត មីយ៉ាន់ម៉ា ត្រូវតទល់ជាមួយឥណ្ឌូណេស៊ី នាវេលាម៉ោង៣រសៀល។
«យើងត្រៀមខ្លួនបានល្អ ហើយយើងតែងតែមានសង្ឃឹម និងឆន្ទៈចង់ឈ្នះរាល់ការប្រកួត»។ នេះជាការលើកឡើងរបស់លោក Felix Dalmas គ្រូបង្វឹក U22 កម្ពុជា នាសន្និសីទសារព័ត៌មាន មុនការប្រកួតមួយថ្ងៃ។ គ្រូសញ្ជាតិអាហ្សង់ទីនរូបនេះ បានបន្ថែមថា វាជាឱកាសដ៏ល្អបន្ថែមទៀតសម្រាប់កម្ពុជាដែលត្រូវលេងជាមួយក្រុមវៀតណាមដែលមានទេពកោសល្យ និងគ្រូបង្វឹកពោរពេញដោយបទពិសោធន៍។
លោក Felix បាននិយាយជាមួយនឹងសារលើកទឹកចិត្តថា៖ «កីឡាបាល់ទាត់គឺអ្វីៗ អាចកើតឡើងទាំងអស់។ មនុស្សមិនច្រើនទេដែលគិតថា យើងឈានមកដល់វគ្គនេះ ហើយសម្រាប់ការប្រកួតនេះ អ្វីៗក៏អាចទៅរួចដូចគ្នា»។
រីឯលោក Park Hang-Seo គ្រូបង្វឹក U22 ឯណោះវិញ លោកទទួលស្គាល់ថា ជាការប្រកួតដ៏លំបាកព្រោះកម្ពុជាដែលស្ថិតនៅក្នុងពូល A បានលេងតិចជាងមួយប្រកួត។ លោកបានបន្ថែមថា៖ «ពួកគេចំណេញពេលសម្រាកបានមួយថ្ងៃ តែយើងនឹងប្រឹងប្រែងដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ»។
ខណៈកម្ពុជាទើបមានឱកាសបង្ហាញខ្លួនលើកដំបូងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វៀតណាមនឹងមានវត្តមានជាលើកទី១៦ ដោយពួកគេធ្លាប់បានឈ្នះជើងឯកតែមួយលើកប៉ុណ្ណោះ នាព្រឹត្តិការណ៍បើកឆាកកីឡាស៊ីហ្គេមលើកដំបូងនៅឆ្នាំ១៩៥៩ ដែលកាលណោះក្នុងនាមជាវៀតណាមខាងត្បូង។ ក្នុងចំណោមការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ១៥លើកកន្លងមក ក្រៅពីបានមេដាយមាស១លើក វៀតណាមបានមេដាយប្រាក់ដល់ទៅ៧លើក និងមេដាយសំរឹទ្ធ៥លើក។
នេះជាជំនួបលើកទី៤រវាងកម្ពុជា និងវៀតណាម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដោយវៀតណាមបានឈ្នះទាំង៣លើកកន្លងមក ក្នុងលទ្ធផល ៤-០ នាឆ្នាំ១៩៩៥, ៦-១ នាឆ្នាំ២០០៩ និង៤-១ កាលពីឆ្នាំ២០១៧ ៕
Tag:
បាល់ទាត់
SEAGames
ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com