ជាតិ
ស្ត្រី​ជនជាតិ​ទំពួន ប៉ោង ម៉ាត់ បង្កើត​ក្រុម​តម្បាញ​ពង្រីក​ទីផ្សារ​លក់ និង​អភិរក្ស​កេរដំណែល​ដូនតា​
07, Dec 2019 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ អ្នកស្រី ប៉ោង ម៉ាត់ ជនជាតិដើម​ភាគតិច​ទំពួន រស់នៅ​ខេត្តរតនគិរី បាន​បង្កើត​ក្រុម​តម្បាញ​ក្រមា ក្រណាត់ និង​សម្លៀកបំពាក់​ជនជាតិដើម​ភាគតិច ដើម្បី​ថែរក្សា​កេរដំណែល​របស់​ដូនតា​។ ស្ត្រី​វ័យ​៥៤​ឆ្នាំ​រូបនេះ បាន​ឲ្យ​ដឹងថា គោលបំណង​បង្កើត​ក្រុម​តម្បាញ​នេះ​ឡើង ដើម្បី​បង្រៀន​កូនចៅ​ជំនាន់​ក្រោយ​ឲ្យ​ចេះ​ត្បាញ និង​ចង់​ផ្សព្វផ្សាយ​ក្រមា សម្លៀកបំពាក់​របស់​ជ​ន​ជាតិ​ដើម​ភាគតិច ខណៈដែល​ផលិតផល​តម្បាញ​របស់​ពួកគាត់​ប្រឈម​នឹង​បាត់បង់​។​

 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​ជនជាតិដើម​ភាគតិច​ទំ​ពូន អ្នកស្រី ប៉ោង ម៉ាត់ អ្នក​ត្បាញ​ក្រមា​ដូចតទៅ​៖

 
 
«​ពី​ដើម​ពួក​ខ្ញុំ​ត្បាញ​រៀងខ្លួន​តាម​គ្រួសារ ឥលូវ​ខ្ញុំ​បង្កើត​ក្រុម ដើម្បី​លក់​ផលិតផល​អត្តសញ្ញាណរ​បស់​ជនជាតិដើម​ភាគតិច​ទំពួន​។ បើ​យើង​អត់​ត្បាញ​ទេ យើង​អត់​ខំ អត់​ពង្រីក​អត្តសញ្ញាណ​ហ្នឹង ខ្លាច​ក្មេងជំនាន់ក្រោយ​អត់​ស្គាល់​»​។ នេះ​ជា​សម្ដី​របស់​អ្នកស្រី ប៉ោង ម៉ាត់ ដែល​បាន​ពន្យល់​ពី​មូលហេតុ​បង្កើត​ក្រុម​តម្បាញ​នេះ​ឡើង​។​
 
​ការបង្កើត​ក្រុម​តម្បាញ​នេះ បានធ្វើ​ឲ្យ​ផលិតផល​តម្បាញ​របស់​ជនជាតិដើម​ភាគតិច​ទំពួន​មាន​ទីផ្សារ​លក់​ជាង​មុន ដោយ​ក្នុង​មួយខែ​អ្នកស្រី​អាច​រកចំណូលបាន​២០០​ដុល្លារ​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ នៅក្នុង​កម្មវិធី​ពិព័រណ៍​ផលិតផល និង​ម្ហូបអាហារ​ជនជាតិដើម​ភាគតិច កាលពី​ចុងខែ​តុលា ឆ្នាំ​២០១៩ អ្នកស្រី ម៉ាត់ បាន​ឲ្យ​ដឹងថា ផលិតផល​ដែល​ត្បាញ​ពី​កប្បាស​អាច​លក់បាន​តម្លៃ​ថ្លៃ​ជាង​ផលិតផល​ដែល​ត្បាញ​ពី​សរសៃអំបោះ​។ ក្រណាត់​ដែល​ត្បាញ​ពី​កប្បាស អ្នកស្រី​អាច​លក់​ក្រណាត់​មួយ​តម្លៃ​១០០​ដុល្លា ខណៈ​ក្រណាត់​ត្បាញ​ពី​អំបោះ​បានត្រឹមតែ​១០​ម៉ឺន​រៀល​ប៉ុណ្ណោះ​។​
 
​ទោះបី​តម្បាញ ដែល​ត្បាញ​ពី​កប្បាស​លក់បាន​តម្លៃ​ថ្លៃ​ជាង តម្បាញ​ធ្វើ​ពី​អំបោះ​ក៏ដោយ ប៉ុន្តែ​អ្នកស្រី ប៉ោង ម៉ាត់ នៅតែ​បារម្ភ​ពី​ការបាត់បង់​តម្បាញ​ពី​កប្បាស ដោយសារ​សព្វថ្ងៃ គេ​និយម​ដាំ​ចន្ទី ក្រ​ឈូ និង​ដំឡូង​ជាង​ដាំ​កប្បាស​។​
 
​កាន់តែ​បារម្ភ​ជាង​ទៅទៀត ស្ត្រី​ជនជាតិដើម​ភាគតិច​ទំពួន វ័យ​៥២​ឆ្នាំ រស់នៅ​ខេត្តរតនគិរី រូបនេះ មិន​ចង់​ឲ្យ​ផលិតផល​តម្បាញ​ដែលជា​កេរដំណែល​ពី​ដូនតា​របស់ខ្លួន​បាត់បង់​ឡើង ហើយ​អ្នកស្រី​ចង់ឃើញ​យុវជន​ជនជាតិដើម​ភាគតិច​ជំនាន់​ក្រោយ​យកចិត្តទុកដាក់​ថែរក្សា និង​ផ្សព្វផ្សាយ​ផលិតផល​ប្រ​ពី​ណី​របស់ខ្លួន​ឲ្យ​បាន​កាន់តែច្រើន និង​ទូលំទូលាយ​ជាង​នេះ​។ 
 
​ក្តីបារម្ភ​នេះ​បាន​ជំរុញ​ឲ្យ​ស្រី្ត​ជនជាតិដើម​ភាគតិច​ទំពួន ម៉ោង ប៉ាត់ លះបង់​ពេលវេលា​ដោយ​មិន​ស្តាយស្រណោះ ដើម្បី​បង្រៀន​យុ​ជន​ជន​តិ​ដើម​ភាគតិច​ឲ្យ​ចេះ​តម្បាញ​ផលិត​ផលិត​អត្ត​សញ្ញាញ ដែលជា​កេរដំណែល​ដូនតា និង​ឲ្យ​ពួកគាត់​បាន​ដល់​ដឹង​ពី​វប្បធម៌ ប្រពៃណី​របស់ខ្លួន​កាន់តែ​បាន​ស៊ីជម្រៅ​៕

Tag:
 ​វីដេអូ​
  ក្រមា​
  ជនជាតិភាគតិច​
  រតនគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com