សៀមរាប៖ គម្រោងសហគ្រិននារីសកម្ម (WE Act) គឺជាគម្រោងអនុវត្តរយៈពេល៥ឆ្នាំ ក្រោមជំនួយពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្ដរជាតិ (USAID) ដើម្បីជួយឱ្យស្ដ្រីខ្មែរវ័យក្មេងនៅតាមតំបន់ទីប្រជុំជន អាចឈ្វេងយល់ពីវិថីឆ្ពោះទៅទទួលបានសិទ្ធិអំណាច និងភាពជោគជ័យក្នុងនាមជាសហគ្រិននិងជាស្ដ្រីអ្នកដឹកនាំ ក្នុងសហគមន៍របស់ពួកគេ។ គម្រោងនេះ នឹងជំរុញឱ្យស្ដ្រីមានភាពរឹងមាំក្នុងការបង្កើតអាជីវកម្មដោយខ្លួនឯង។
ព័ត៌មានពិស្ដារ សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ
នាពេលបច្ចុប្បន្ននេះ ស្ដ្រីជាច្រើនបានចេញធ្វើអាជីវកម្មដោយខ្លួនឯង ក្នុងនោះមានទាំងខ្នាតតូចនិងមធ្យម។ យោងតាមរបាយការណ៍ពីអង្គការ ផេក (Pact) ដែលគាំទ្រនិងលើកកម្ពស់សហគ្រិនស្ដ្រីកម្ពុជា ស្ដ្រីជាង ៦០ភាគរយនៅកម្ពុជាមានអាជីវកម្មផ្ទាល់ខ្លួន ប៉ុន្តែភាគច្រើនជាអាជីវកម្មខ្នាតតូច។ ស្ដ្រីជាម្ចាស់អាជីវកម្មខ្នាតតូចឬមធ្យម ដែលមានបុគ្គលិកចាប់ពី១០នាក់ ឬច្រើនជាងនេះ មានត្រឹមតែ២៦ភាគរយប៉ុណ្ណោះ ហើយក្នុងនោះជាង២ភាគរយតែប៉ុណ្ណោះដែលចុះបញ្ជីផ្លូវការ។ តួលេខនេះបង្ហាញពីឧបសគ្គមិនទាន់បានដោះស្រាយ ចំពោះសហគ្រិនស្ដ្រី ដែលជាគម្លាតសេវាកម្មនិងជាឱកាសដ៏ធំមួយសម្រាប់គាំទ្រឱ្យបានទូលំទូលាយបន្ថែមទៀតដល់ការរីកចម្រើននៃអាជីវកម្មរបស់ស្ដ្រីដែលជាតួអង្គសេដ្ឋកិច្ចដ៏សំខាន់។
ដើម្បីជំរុញកិច្ចការទាំងនេះ អង្គការ ផេក បានបើកសម្ពោធការិយាល័យនិងគម្រោងសហគ្រិននារីសកម្ម ដែលហៅថា WE Act នៅខេត្តសៀមរាប សម្រាប់គាំទ្រសហគ្រិនស្ដ្រីទៅលើវិស័យទាំងនេះ។ គម្រោងនេះ ក៏នឹងធ្វើឱ្យមានភាពងាយស្រួលដល់សហគ្រិនទាំងអស់ ដើម្បីទទួលបានការប្រឹងសារមួយទាក់ទងនឹងអាជីវកម្មពួកគេផងដែរ។
លោក Carlos Lamadrid នាយកបេសកម្ម និងជាតំណាងទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្ដរជាតិ បានលើកឡើងក្នុងពិធីនៅថ្ងៃទី២៦ វិច្ឆិកា នោះថា គម្រោង WE Act មានបំណងជំរុញសក្កានុពលដល់សហគ្រិនស្ដ្រីវ័យក្មេង ដើម្បីឱ្យពួកគេមានភាពជាដៃគូ មានធនធាន និងសមត្ថភាពរឹងមាំលើផ្នែកអាជីវកម្មពួកគេ។ តាមរយៈអ្នកបកប្រែ លោក Carlos បន្ថែមថា គម្រោងនេះនឹងជួយបង្កើនសំឡេងស្ដ្រីនៅក្នុងសហគមន៍ ក៏ដូចជាបង្កើនសិទ្ធិជាមូលដ្ឋានដើម្បីរៀបចំគោលការណ៍នានាទាក់ទងនឹងអាជីវកម្មរបស់ពួកគេ។
លោកបន្តថា៖« ខិតខំប្រឹងប្រែងរបស់ខ្ញុំ ផ្តោតលើការពង្រឹងសហគ្រិនភាពសម្រាប់សហគ្រិនស្ដ្រីចាប់ពីការកែទម្រង់ទៅលើក្របខណ្ឌនយោបាយនានាដើម្បីឱ្យស្ដ្រីអាចចូលរួមប្រកួតប្រជែងទៅលើភាពស្មើភាពគ្នាជាមួយនឹងសមភាពបុរសដើម្បីផ្តល់លទ្ធភាពទទួលការហិរញ្ញវត្ថុនិងដើមទុនស្មើគ្នានឹងបុរសដែរ។ ម្យ៉ាងទៀតគម្រោងនេះបានរួមបញ្ចូលទាំងការណែនាំ និងកម្មវិធីបង្វឹកដោយសហគ្រិនទាំងបុរសនិងស្ដ្រីក្នុងការធ្វើសមារហណកម្មជាមួយគ្នានៅក្នុងសហគមន៍សហគ្រិនដើម្បីបង្កើតនូវអាជីវកម្មផ្សេងៗ»។
ការដាក់សម្ពោធគម្រោងសហគ្រិននារីសកម្មនៅខេត្តសៀមរាប នឹងផ្ដល់ភាពងាយស្រួលដល់សហគ្រិននៅទីនេះ ដែលកន្លងមកគម្រោងជាច្រើនបានប្រមូលផ្តុំនៅរាជធានីភ្នំពេញ។ លោក Carlos យល់ថា កន្លងមកទាំងសហគ្រិនស្ដ្រី និងបុរសត្រូវធ្វើដំណើរឆ្ងាយទៅកាន់ទីក្រុងដើម្បីទទួលអត្ថប្រយោជន៍និងសេវានានា តែពីពេលនេះទៅ ពួកគេអាចទទួលបានសេវាកម្មទាំងនោះនៅខេត្តសៀមរាបបាន។
កញ្ញា ដានី សហគ្រិននារីដែលបានចូលរួមក្នុងពិធីដាក់ដំណើរការគម្រោងសហគ្រិននារីសកម្មនៅពេលនោះដែរ ចាប់អារម្មណ៍ចំពោះគម្រោងនេះជាខ្លាំង។ ម្ចាស់អាជីវកម្មផ្នែកសាឡននេះយល់ថា គម្រោងនេះនឹងជួយលើកកម្ពស់ដល់ស្ដ្រីក៏ដូចជាលើកទឹកចិត្តពួកគេឱ្យមានភាពរឹងមាំផ្នែកអាជីវកម្ម និងបង្កើតបណ្ដាញទំនាក់ទំនងក្នុងអាជីវកម្មពួកគេឱ្យកាន់តែរឹងមាំ។
ចំណែកកញ្ញា ហោ ស៊ុនស្រស់ ម្ចាស់សិប្បកម្មរុក្ខៈ ដែលកែច្នៃកំប្លោកធ្វើជាសម្ភារប្រើប្រាស់ផ្សេងៗមានកាបូបជាដើមនោះ ក៏ចាប់អារម្មណ៍ទៅនឹងគម្រោងខាងលើនេះដែរ។ កញ្ញា ស្រស់ យល់ថា គម្រោងនេះមានសារសំខាន់ និងជាគម្រោងដំបូងដែលធ្វើការលើកកម្ពស់សហគ្រិនស្ដ្រីនៅខេត្តសៀមរាប។ កញ្ញាជឿថា គម្រោងនេះនឹងជួយឱ្យសហគ្រិនស្ដ្រីមានបណ្ដាញជាមួយគ្នា និងបានរៀនសូត្រចែករំលែកចំណេះដឹងដល់គ្នាទៅវិញទៅមក។
សម្រាប់កញ្ញា ដានី ការបង្កើតទំនាក់ទំនងគឺពិតជាមានសារសំខាន់ណាស់ដើម្បីឱ្យអាជីវកម្មមួយមានការរីកចម្រើន។ កញ្ញាបន្តថា ការបង្កើតទំនាក់ទំនងមិនថាទៅលើអ្នកជោគជ័យឬមិនទាន់ជោគជ័យទេ គឺសំខាន់សម្រាប់សហគ្រិនគ្រប់រូបគួរធ្វើ ព្រោះថាពួកគេទាំងនោះហើយនឹងជួយគាំទ្ររាល់អាជីវកម្មរបស់យើង។
ចំណែកអាជីវកម្មរបស់កញ្ញា ស្រស់ ដែលធ្វើការជាមួយស្ដ្រីនៅតាមសហគមន៍ ក៏មានការលំបាកខ្លះដែរ ដែលកញ្ញាបានលើកមកចែករំលែក។ ជាម្ចាស់អាជីវកម្មដែលធ្វើការជាមួយស្ដ្រីនៅជនបទ គឺពិបាកក្នុងការផ្លាស់ប្ដូរបរិបទការរស់នៅ។ កញ្ញា ស្រស់ ពន្យល់ថា ស្ដ្រីទាំងនោះងាយនឹងបោះបង់ការខិតខំប្រឹងប្រែង ទន់ជ្រាយ ពេលជួបបញ្ហាម្ដងៗ។ បន្ថែមពីនោះ បរិយាកាសខាងក្រៅក៏មានច្រើនដែរ ដូចជាការចំណាយច្រើន និងកង្វះថវិកាក្នុងការពង្រីកអាជីវកម្ម និងការចុះបញ្ជីអាជីវកម្មជាដើម៕