ទិវា​បរិស្ថាន​ទន្លេសាប​បំផុស​ឱ្យ​អ្នក​ឃុំ​កំពង់​ឃ្លាំង​កាន់តែ​យល់ដឹង​ពី​​បញ្ហា​បរិស្ថាន​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ទិវា​បរិស្ថាន​ទន្លេសាប​បំផុស​ឱ្យ​អ្នក​ឃុំ​កំពង់​ឃ្លាំង​កាន់តែ​យល់ដឹង​ពី​​បញ្ហា​បរិស្ថាន​
07, Dec 2019 , 3:34 pm        
រូបភាព
​សៀមរាប​៖ ប្រជា​សហគមន៍​ឃុំ​កំពង់​ឃ្លាំង ដែលមាន​ភូមិសាស្ដ្រ​ជាប់​បឹង​ទន្លេសាប​ក្នុង​ខេត្តសៀមរាប កាន់តែ​យល់ដឹង​ពី​បញ្ហា​បរិស្ថាន បន្ទាប់ពី​មានកម្ម​វិធី​អប់រំ កម្មវិធី​សម្អាត​បរិស្ថាន​ក្នុងភូមិ​ជាច្រើនលើក​មក​។ សហគមន៍​នេះ កាន់តែ​យល់ដឹង​ពី​គុណវិបត្តិ​នៃ​សំរាម​ប្លា​ស្ទិ​ក និង​យល់​ពី​សារប្រយោជន៍​ពេល​សហគមន៍​មាន​បរិស្ថាន​ស្អាត​។ បរិស្ថាន​ស្អាត នឹង​ជួយ​ដល់​សហគមន៍​នេះ​មាន​ភាព​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ​ថែម​មួយកម្រិត​ទៀត និង​ធ្វើឱ្យ​សហគមន៍​នេះ​ទាញ​ប្រយោជន៍​បាន​កាន់តែច្រើន​ពី​វិស័យ​ទេសចរណ៍ ក្រៅពី​ពឹង​ផ្អែកលើ​ការនេសាទ​។

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​

 
 
​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ អ្នក​ឃុំ​កំពង់​ឃ្លាំង មានការ​យល់ដឹង​ពី​បញ្ហា​សំរាម​ប្លា​ស្ទិ​ក​កាន់តែច្រើន​។ ពួកគេ​បានបង្ហាញ​ការចូលរួម ការចង់ឱ្យ​សហគមន៍​មាន​ភាព​ស្អាត បរិស្ថាន​ល្អ ជាទី​គាប់​ភ្នែក​របស់​ទេសចរ​ទាំងពួង​។ សហគមន៍​នេះ កាន់តែ​ខិតជិត​ទៅរក​សហគមន៍​ទេសចរណ៍ធម្មជាតិ​មួយ​ដ៏​ទាក់ទាញ​នាពេល​អនាគត​។​


 
​ទិវា​បុណ្យ​បរិស្ថាន​រដូវ​ទឹកសម្រក ត្រូវបាន​ធ្វើជា​ទៀងទាត់​នា​អំឡុង​ខែវិច្ឆិកា និង​ខែធ្នូ នាពេល​ដែល​ទឹក​ទន្លេសាប​ផ្តើម​រំកិល​ខ្លួន ហូរ​ចាក់​ទៅ​ផ្នែក​ខាងលើ​នៃ​ទន្លេមេគង្គ​និង​ទន្លេបាសាក់​។ ទឹក​ស្រក​ទៅ​ក៏ពិតមែន តែ​មិនបាន​នាំ​សំរាម​ប្លា​ស្ទិ​ក​ដែល​កឿង​ជាប់​នឹង​ដីល្បាប់​ទៅជា​មួយ​នោះទេ​។ សំរាម​ប្លា​ស្ទិ​ក​ដែល​សេសសល់​ទាំងនោះ​មាន ថង់​ប្លា​ស្ទិ​ក សំបក​ដប​ប្លា​ស្ទិ​ក និង​ប្រភេទ​សម្ភារ​ប្រើប្រាស់​ធ្វើ​ពី​ស្លោ​យ៉ាងច្រើន​សន្ធឹក​។​
 
​នា​ថ្ងៃទី​១ ធ្នូ សហគមន៍​កំពង់​ឃ្លាំង​ដោយមាន​ការគាំទ្រ​ពី​អង្គការ​អភិវឌ្ឍន៍​បាន​ប្រារព្ធ​ទិវា​បុណ្យ​បរិស្ថាន​បឹង​ទន្លេសាប​រដូវ​ទឹកសម្រក​។ ទិវា​នេះ​ធ្វើឡើង​ក្នុង​បំណង​អប់រំ​ពលរដ្ឋ​ឱ្យមាន​ចំណេះដឹង​ទាក់ទង​នឹង​សំរាម​ប្លា​ស្ទិ​ក ចេះ​ទុកដាក់​វេច​ខ្ចប់​ឱ្យបាន​ត្រឹមត្រូវ ការកែច្នៃ និង​សង្គ្រោះ​បឹង​ទន្លេសាប​ចេញពី​ការបំពុល​ដោយ​ប្លា​ស្ទិ​ក​។​


 
​មេឃុំ​កំពង់​ឃ្លាំង លោក ទូច សុ​ផុន បានឱ្យដឹងថា សហគមន៍​លោក​ប្រារព្ធ​ទិវា​សម្អាត​បរិស្ថាន​នេះ​ឡើង ក្នុង​បុព្វហេតុ​ចង់ឱ្យ​សហគមន៍​មាន​ភាពស្រស់ស្អាត គ្មាន​សំរាម និង​ពញាក់​ស្មារតី​ពលរដ្ឋ​ឱ្យមាន​ចំណេះដឹង​ជុំវិញ​បញ្ហា​បរិស្ថាន​។ លោក​បន្តថា រីករាយ​ពេល​មាន​អង្គការ​ដៃគូ​ចូលរួម​ក្នុង​យុទ្ធនាការ​បរិស្ថាន​នេះ ដ្បិតថា​បញ្ហា​សំរាម​លោក​មិនអាច​ដោះស្រាយ​តែម្នាក់ឯង​នោះទេ​។​


 
​ទាក់ទង​នឹង​បញ្ហា​សំរាម​នេះ លោក​មេឃុំ​កំពង់​ឃ្លាំង​យល់ថា ការសម្អាត​បរិស្ថាន​គឺ​សំខាន់​ណាស់ ព្រោះថា​សំរាម​ប៉ះពាល់​ដល់​សុខភាព​មនុស្ស និង​ការបំពុល​ប្រព័ន្ធ​ជីវៈចម្រុះ​ក្នុង​ទឹក​ដែលមាន​ត្រី ក៏ដូចជា​ប្រភពទឹក​ដែលជា​ធនធាន​សំខាន់​សម្រាប់​អ្នកភូមិ​។ ជាមួយគ្នា​នោះ ពេលណា​បរិស្ថាន​ស្អាត ភាព​ទាក់ទាញ​ក្នុង​វិស័យ​ទេសចរណ៍​ក៏​ទៅ​ជាមួយគ្នា​នោះដែរ ទេសចរ​នឹង​កោតសរសើរ​ពី​ការយកចិត្តទុកដាក់​លើ​ការគ្រប់គ្រង​បរិស្ថាន​នៅ​តំបន់​នេះ​។​
 
​ប្រធាន​អង្គ​ការមូល​និ​ធី​ទំពាំង​ស្នង​ឫស្សី លោក ស៊ា សុផល ដែល​បាន​សហការ​ចូលរួម​រៀបចំ​ទិវា​បរិស្ថាន​បឹង​ទន្លេសាប បានឱ្យដឹងថា នេះ​ជា​ឆ្នាំ​ទី​២​ហើយ​ដែល​អង្គការ​លោក​បា​នស​ហ​ការចូលរួម​សម្អាត​បរិស្ថាន​នៅ​កំពង់​ឃ្លាំង​នា​រដូវ​ទឹកសម្រក​។ លោក សុផល កត់សម្គាល់​ឃើញថា សំរាម​នៅ​ឆ្នាំនេះ​មិនសូវ​សម្បូរ​ច្រើន​ទេ ព្រោះ​របប​ទឹក​ទាប​និង​លិច​ភូមិ​លឿន គឺ​ទឹក​ឡើង​លឿន​ហើយ​ស្រក​ទៅវិញ​ក៏​លឿន​ដែរ ទើប​មិនសូវមាន​សំរាម​ទើរ​លើ​មែកឈើ​។ យ៉ាងណា សំរាម​ប្លា​ស្ទិ​ក​កឿង​កក​ច្រើន​នៅជាប់​ដីល្បាប់ ហើយ​អង្គការ​លោក សុផល នឹងធ្វើ​យុទ្ធនាការ​ម្ដងទៀត មុននឹង​រដូវ​ទឹក​ឡើង​។ 
 
​ខុសពី​ឆ្នាំទៅ​បន្ដិច ដ្បិតថា​យុទ្ធនាការ​សម្អាត​បរិស្ថាន​រដូវ​ទឹកសម្រក​ឆ្នាំនេះ ក៏បាន​ធ្វើ​នៅក្នុង​ស្ទឹង​សៀមរាប​ដែរ​។ អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី​បាន​ចាប់ដៃគ្នា​ជាមួយ​សង្កាត់​សៀមរាប ចុះ​បារ​សំរាម​ជាច្រើន​សន្ធឹក​ក្នុង​ស្ទឹង ដែល​ស្ទឹង​សៀមរាប​ជា​ប្រភពទឹក​សំខាន់​ហូរ​ចាក់​ទៅ​បឹង​ទន្លេសាប​។ យុទ្ធនាការ​នៅ​ឆ្នាំនេះ​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៨ វិច្ឆិកា ដោយបាន​ចុះ​សម្អាត​បរិស្ថាន​នៅ​ស្ទឹង​សៀមរាប សហគមន៍​មេ​ជ្រៃ សហគមន៍​ចុង​ឃ្នៀ​ស និង​ថ្ងៃ​បញ្ចប់​កម្មវិធី​នៅ​ថ្ងៃទី​១ ធ្នូ ជា​ទិវា​បរិស្ថាន​នៅ​សហគមន៍​កំពង់​ឃ្លាំង ដែលមាន​អ្នកចូលរួម​សរុប​ប្រមាណ​៦​ពាន់​នាក់​។​
 
​ក្រោយ​មានការ​ចុះ​អប់រំ​បរិស្ថាន និង​ប្រមូល​សំរាម​ប្លា​ស្ទិ​កជាប់ៗ​គ្នា​មក សហគមន៍​នេះ​មានការ​ប្រែប្រួល​។ មេឃុំ​កំពង់​ឃ្លាំង លោក ទូច សុ​ផុន កត់សម្គាល់ថា សហគមន៍​លោក​ប្រែ​មុខមាត់​ថ្មី បរិស្ថាន​កាន់តែ​ស្អាត ចំណែក​ទេសចរ​មាន​ចំនួន​កើនឡើង​។ តាម​ការពន្យល់​របស់​លោក​ឃុំ ប្រជាពលរដ្ឋ​ផ្តើម​យល់​ពី​ផលប៉ះពាល់​បរិស្ថាន ដូចជា​លែង​ដុត​សំរាម​ជាដើម​។ លោក ទូច សុ​ផុន មិន​ភ្លេច​អរគុណ​អង្គការ​ដៃគូ រួម​និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ដែល​បាន​ជួយ​កិច្ចការ​បរិស្ថាន​នៅក្នុង​សហគមន៍​នេះ​ទេ គឺ​ស្ថាប័ន​ទាំងនោះ​ហើយ​ទើប​ធ្វើឱ្យ​កំពង់​ឃ្លាំង​ប្ដូរ​មុខមាត់​ថ្មី​។​
 
​គួរ​បញ្ជាក់ថា យុទ្ធនាការ​សម្អាត​បរិ​ស្ថាន​រដូវ​ទឹកសម្រក​នៅ​ឆ្នាំនេះ សហគមន៍​បាន​ប្រមូល​សំរាម​សរុប​ជាង ២​ពាន់​កា​រ៉ុង ដែលមាន​អ្នកចូលរួម​ប្រមាណ​៦​ពាន់​នាក់​៕
 
 
 
 

Tag:
 សំរាម​
  ប្លា​ស្ទិ​ក​
  កំពង់​ឃ្លាំង​
  ស៊ា សុផល​
  ទូត សុ​ផុន​
© រក្សាសិទ្ធិដោយ thmeythmey.com