អន្តរជាតិ
អាមេរិក និង​កូរ៉េខាងត្បូង ជជែក​គ្នា​ពី​បញ្ហា​ឧបទ្វីប​កូរ៉េ ស្របពេល​ឱសានវាទ​កូរ៉េខាងជើង​ជិត​មកដល់​
07, Dec 2019 , 10:29 pm        
រូបភាព
លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន (ខាងឆ្វេង) និងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅក្នុងជំនួបមួយ ក្នុងអំឡុងពេលមហាសន្និបាតអង្គការសហប្រជាតិកាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០១៩។ រូបភាព៖ Reuters
លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន (ខាងឆ្វេង) និងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅក្នុងជំនួបមួយ ក្នុងអំឡុងពេលមហាសន្និបាតអង្គការសហប្រជាតិកាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០១៩។ រូបភាព៖ Reuters
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​៧ ខែធ្នូ បាន​ពិភាក្សា​ជាមួយគ្នា ជុំវិញ​បញ្ហា​ការរំសាយ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ ក្នុងជំនួប​ពិភាក្សា​នេះ ប្រមុខរដ្ឋ​ទាំងពីរ បាន​ជជែក​គ្នា​តាម​ទូរ​សព្ទ​ជាង ៣០​នាទី ខណៈពេល​ឱសានវាទ​របស់​កូរ៉េខាងជើង ជិត​ដល់​ថ្ងៃ​កំណត់​។



​ក្នុង​សេចក្តីថ្លែងការណ៍​របស់​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បាន​ជឿថា ស្ថានភាព​នៅលើ​ឧបទ្វីប​កូរ៉េ កាន់តែ​ស្មុ​គ្រ​ស្មាញ​ជាង​មុន​។ បើតាម​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​រយៈពេល​ជាង ៣០​នាទី​នេះ ប្រធានាធិបតី​ទាំងពីរ បាន​លើកឡើងថា កិច្ចចរចា​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ទាំងអស់​ត្រូវតែ​រក្សា​ឲ្យ​បាន ដើម្បី​សន្តិភាព​នៅលើ​ឧបទ្វីប​កូរ៉េ​។ ដោយ​យល់ឃើញថា ការផ្តោះប្តូរ​យោបល់​ជុំវិញ​បញ្ហា​ឧបទ្វីប​កូរ៉េ គឺ​សំខាន់ ដូច្នេះ​មេដឹកនាំ​ទាំងពីរ​សម្រេច​ឲ្យ​មាន​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​នេះ​បន្ថែមទៀត ប្រសិនបើ​ចាំបាច់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។ 
 
​ជាការ​ពិតណាស់ កិច្ចសន្ទនា​រវាង​ថ្នាក់ដឹកនាំ​កូរ៉េខាងត្បូង និង​អាមេរិក​នៅពេលនេះ គឺធ្វើឡើង​ខណៈពេល​ថ្ងៃ​ឱសានវាទ​របស់​កូរ៉េខាងជើង​ជិត​មកដល់​។ បើតាម​ឱសានវាទ​ទីក្រុង​ព្យុងយ៉ាង អាមេរិក​ត្រូវតែ​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ចាស់ៗ ដែល​កូរ៉េខាងជើង​មិន​ពេញចិត្ត​ចេញ បើ​មិន​ដូច្នោះ​ទេ កូរ៉េខាងជើង​នឹង​ចាត់វិធានការ​ធំ​សម្បើម​មិន​ខាន ប៉ុន្តែ​មិនបាន​បញ្ជាក់​ច្បាស់លាស់​ទេ​ថា វិធានការ​នោះ​ជា​អ្វី​។ 
 
​បើទោះបី​លោក​ត្រាំ និង​មូ​ន បាន​ចំណាយ​ពេលវេលា​ជាង​កន្លះ​ម៉ោង​ក៏ដោយ ប៉ុន្តែ​ភាគី​ទាំងពីរ មិនបាន​និយាយ​ពី​រឿង​វិភាគ​យោធា​ឡើយ​។ នេះ​បើតាម​ការអះអាង​របស់​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​។ ជាការ​ពិត អាមេរិក បានទាមទារ​ឲ្យ​កូរ៉េខាងត្បូង​បង់​វិភាគទាន​យោធា​ជាង ៤​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ សម្រាប់​មូលដ្ឋានទ័ព​អាមេរិក នៅលើ​ទឹកដី​កូរ៉េខាងត្បូង​។​
 
​សូមបញ្ជាក់ថា ភាព​តានតឹង​នៅលើ​ឧបទ្វីប​កូរ៉េ នៅតែ​បន្ត​កើតមាន ខណៈពេល​កិច្ចព្រមព្រៀង​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​នៅតែ​មិនទាន់​រកឃើញ​។ ជាពិសេស​ថ្មីៗ​កន្លងទៅនេះ អាមេរិក និង​កូរ៉េ​ជើង បាន​ទាស់សម្តី​គ្នា​ថែមទៀត ជុំវិញ​បញ្ហា​ការប្រើ​ពាក្យ «​បុរស​រ៉ុក្កែត​»​របស់លោក​ត្រាំ ៕ 

Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com