ជាតិ
អ្នកស្រី រ៉អេនី នេសាទត្រី១០ឆ្នាំ មិនដែលខ្សត់ត្រីដូចឆ្នាំនេះទេ អ្នកស្រី យ៉ រ៉អេនី កំពុងឈរលក់ត្រីឆ្កោតធំៗដែលរកលើកដំបូង បន្ទាប់ពីចុះនេសាទអស់ជាង១ខែកន្លងមក នៅកំពង់ចម្លងភ្នំពេញ_អរិយក្សត្រ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩
× ភ្នំពេញ៖ ត្រីដែលរស់នៅតាមដងទន្លេនានា កាន់តែថយចុះ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារ តែការនេសាទខុសច្បាប់ និងការប្រែប្រួលអាកាស ជាដើម។ អ្នកស្រី យ៉ា រ៉អេនី ដែលជាអ្នកនេសាទត្រីក្នុងទន្លេសាប អស់រយៈពេល១០ឆ្នាំ ក្នុងទន្លេសាប នៅម្តុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល បានត្អួញត្អែរថា ត្រីឆ្នាំ២០១៩នេះ គឺខ្សត់ខ្លាំងណាស់ ដែលអ្នកស្រីដែលជួបប្រទះកន្លងមក។
កំពុងឈរនៅចំហៀងផ្លូវចេញ_ចូល នៃកំពង់ចម្លងភ្នំពេញ_អរិក្សត្រ នាម៉ោងជិត៧ព្រឹក កាលពីថ្ងៃ៥ធ្នូ ដោយដៃសងខាងកាន់ត្រីឆ្កោតធំ២ក្បាល និងហៅអ្នកធ្វើដំណើរឱ្យជួយទិញត្រីនោះ ដែលអ្នកស្រី រ៉អេនី នេសាទបាន។ ត្រីឆ្កោតទាំង២ក្បាល ដែលអ្នក យ៉ា រ៉អេនី រកបាននោះ ១ក្បាល មានទម្ងន់ជាង២គីឡូក្រាម និងមួយក្បាលទៀត មានទម្ងន់ជាង១គីឡូក្រាម។
អ្នកនេសាទត្រីជនជតិខ្មែរ_ឥស្លាមរូបនេះ និយាយប្រាប់សារព័ត៌មានថ្មីៗ ថា ចាប់ពេលបើករដូវនេសាទវិញ តាំងដើមខែវិច្ឆិកា មក អ្នកស្រី ទើបតែរកត្រីឆ្កោតធំបាន២ក្បាលនេះ ប៉ុណ្ណោះ។ « រយៈពេលជាង១ខែមកនេះ ខ្ញុំរកបានតែត្រីតូចៗ ហើយមិនសូវសំបូរទៀត...និយាយទៅគឺខ្សត់ត្រីជាងរាល់ឆ្នាំតែម្តង។ រកត្រីឆ្នាំនេះ ខ្ញុំអាចរកចំណូលត្រឹម១ម៉ឺនទៅ២ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយថ្ងៃ។ ចំនួនប្រាក់នេះ យើងមិនគិតទៅលើការរកត្រីធំៗទេ ព្រោះ ត្រីធំៗ ឆ្នាំនេះយើងរកមិនបាន»។ នេះជាការលើកឡើងរបស់អ្នកស្រី យ៉ា រ៉អេនី តាំងមិនសូវសប្បាយចិត្ត ដោយអ្នកស្រីបានអះអាងថា បើធៀបនឹងឆ្នាំមុនៗ ស្រីអ្នក អាចរកចំណូលបានយ៉ាងហោច១០ម៉ឺនរៀលក្នុងថ្ងៃ។
បើតាមអ្នកស្រី យ៉ា រ៉អេនី ក្នុងរដូវនេសាទឆ្នាំនេះ អ្នកស្រីបានចំណាយប្រាក់អស់៥០០ដុល្លារ ដើម្បីទិញឧបករណ៍នេសាទថ្មី និងរបស់របរជួសជុលឧបករណ៍នេសាទមួយចំនួនទៀត ដូចជា មងតូច_ធំ អួន ម៉ាស៊ីន និងប្រេង ជាដើម ដើម្បីត្រៀមការការនេសាទ ដែលកំពុងមកដល់នេះ។ ប៉ុន្តែការនេសាទត្រីឆ្នាំនេះ បែរជាធ្វើឱ្យអ្នកស្រី រ៉អេនី ខកចិត្តព្រោះ ក្នុងទន្លេមិនសូវមានត្រី សម្រាប់នេសាទៅវិញ។ «រដូវនេសាទឆ្នាំនេះ កុំថាឡើយរកត្រីធំមិនបាន សូម្បីតែត្រីតូចៗ ក៏ខ្សត់ដែរ»។ នេះជាការអះអាងរបស់អ្នកស្រីវ័យ២៨ឆ្នាំរូបនេះ ដោយជ អ្នកស្រីបន្ថែម ថា ប្រសិនអ្នកស្រី និងសា្វម៉ី នៅតែនេសាទត្រី មិនបានទៀត អ្នកស្រី នឹងឈប់ប្រកបមុខរបរនេះ ហើយវិលទៅស្រុកកំណើតនៅឯខេត្តកំពង់ចាម ដើម្បីស៊ីឈ្នួលគេវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com