កីឡាជាតិ
ជាតិ
​ម៉ារ៉ាតុន​ដើម្បី​មនុស្សធម៌​នៅ​អង្គរវត្ត ទាក់ទាញ​បាន​អត្ត​ព​លិ​កជាង​១​ម៉ឺន​នាក់​ពី​៨៥​ប្រទេស​
08, Dec 2019 , 10:19 am        
រូបភាព
ដោយ:
អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ​ជាង​១​ម៉ឺន​នាក់​បាន​ចូលរួម​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ ដើម្បី​មនុស្សធម៌ នៅ​បរិវេណ​រមណីយដ្ឋាន​អង្គរ​ក្នុង​ខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៩​នេះ​។ ចំនួន​នេះ​កើនឡើង​២០​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ខណៈ​អត្ត​ព​លិ​ក​បរទេស​មកពី​ចក្រភព​អង់គ្លេស​ឈរ​លំដាប់​ទី​១​មាន​អ្នកចូលរួម​ច្រើនជាងគេ ដែល​តាម​ពីក្រោយ​ដោយ​ជប៉ុន អាមេរិក និង​បារាំង​។

 

ព្រលឹម​ស្រាងៗ​កីឡាករ​ជាតិ និង​អន្តរជាតិ​អមដោយ​ស្លាក​លេខ​សំគាល់​យ៉ាងច្រើន​កុះករ​បានមក​ជួបជុំគ្នា​នៅមុខ​បរិវេណ​អង្គរតូច ដើម្បី​ត្រៀមខ្លួន​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​អង្គរ លើ​វិញ្ញាសា​រៀងៗ​ខ្លួន​។ អត្ត​ព​លិ​ក​ខ្លះ​ធ្វើដំណើរ​ដោយ​រថយន្ត ម៉ូតូ និង​រ៉ឺម៉ក​កង់​បី តែ​ភាគច្រើន​តាមរយៈ​ថ្មើរជើង ដើម្បី​ជាការ​កម្តៅ​សាច់ដុំ​មុន​ការប្រកួត​។​


 ប្រភព ហាប់ គឹមអាន

​អត្ត​ព​លិ​ក​ជាតិ​និង​អន្តរជាតិ​ចំនួន​១២,១៧៥​នាក់​មកពី​៨៥​ប្រទេស​បាន​ចូលរួម​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​លើក​ទី​២៤​ឆ្នាំនេះ​។ អត្ត​ព​លិ​ក​កម្ពុ​ជាមាន​ជាង​៧​ពាន់​នាក់ ខណៈ​បរទេស​ជាង​៤​ពាន់​នាក់ ដោយ​អត្ត​ពលិកម​ក​ពី​ចក្រភព​អង់គ្លេស​ឈរ​លំដាប់​ទី​១​មាន​អ្នកចូលរួម​ច្រើនជាងគេ ដែល​ឈរ​ពីក្រោយ​ដោយ​ជប៉ុន អាមេរិក និង​បារាំង​។ ចំនួន​នេះ​កើនឡើង​២០​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន ដែលមាន​អត្ត​ព​លិ​ក​ចូលរួម​ចំនួន​១០,៥០០​នាក់​។ នេះ​បើតាម​របាយការណ៍ ដែល​អាន​ដោយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។​
 
​ដើម្បី​រក្សា​សុវត្ថិភាព ជួយ​សម្រួល​ដល់​ការរត់​របស់​អត្ត​ព​លិ​ក និង​បង្កើន​គុណភាព​នៃ​ការរៀបចំ គណៈកម្មការ​រៀបចំ​បាន​បិទផ្លូវ​ទាំងស្រុង​មិន​ឲ្យ​ធ្វើដំណើរ​មួយចំនួន​នៅ​បរិវេណ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ​។ ផ្លូវ​ទាំងនេះ នឹង​បើក​ឲ្យ​ដំណើរការ​វិញ​បន្ទាប់ពី​ចប់​នៃ​ការរត់​ចម្ងាយ​២១​គីឡូម៉ែត្រ​។  
 
​ពាក់ព័ន្ធ​នឹង​គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះ គឺធ្វើឡើង​ដើម្បី​ស្វែងរក​មូលនិធិ​ជួយ​ដល់​ជនពិការ​ដោយសារ​គ្រាប់មីន មន្ទីរពេទ្យ​គន្ធបុប្ផា និង​អង្គការ​សប្បុរសធម៌​នានា​នៅ​កម្ពុជា​។ លើសពីនេះ ដើម្បី​ការពារ​បរិស្ថាន​នៅ​បរិវេណ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ និង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​ទស្សនា​តំបន់​ទេសចរណ៍​នានា​នៅ​ខេត្តសៀមរាប​។ ព្រឹត្តិការណ៍​នេះ ក៏បាន​រួមចំណែក​ជួយ​រក​ចំណូល​ជូន​រដ្ឋ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​ផងដែរ​៕  
 
 

Tag:
 ​វ៉ា​ត់ ចំរើន​
  ថោង ខុន​
  Half Marathon
© រក្សាសិទ្ធិដោយ thmeythmey.com