ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកស្រី ខា ស្រស់ បង្កើត​ក្រុម​របាំ​អត្តសញ្ញាណ​កួយ ដើម្បី​ឲ្យ​មាន​អ្នក​បន្តវេន​
08, Dec 2019 , 11:00 am        
រូបភាព
 អ្នក​ស្រី ខា ស្រស់ គ្រូបង្រៀន​របាំ​ប្រពៃណី​កួយ​
អ្នក​ស្រី ខា ស្រស់ គ្រូបង្រៀន​របាំ​ប្រពៃណី​កួយ​
​ភ្នំពេញ​៖ មកពី​ភូមិ​ទន្សោង ឃុំ​សៀម​បូរ ស្រុក​សៀម​បូរ ខេត្តស្ទឹងត្រែង អ្នកស្រី ខា ស្រស់ ជា​ជនជាតិដើម​ភាគតិច​កួយ បាន​បង្កើត​ក្រុម​របាំ​ប្រពៃណី​កួយ ដើម្បី​បណ្ដុះបណ្ដាល​ក្មេងជំនាន់ក្រោយ​ឱ្យ​ថែរក្សា​បន្ត​។ មុន​បង្កើត​ក្រុម​របាំ អ្នកស្រី ខា ស្រស់ សង្កេតឃើញថា​ជនជាតិ​កួយ ជាពិសេស​យុវជន ហាក់​មិនបាន​ចាប់អារម្មណ៍​ពី​តម្លៃ​សិល្បៈ​វប្បធម៌​របស់ខ្លួន​ឡើយ​។ ប៉ុន្តែ​ក្រោយពី​ព្យាយាម​បញ្ជ្រាប​ទស្សនៈ​ស្នេហា​សិល្បៈ​ប្រពៃណី​សម្គាល់​អត្តសញ្ញាណ ដោយ​អ្នកស្រី ស្រស់ ក្មេងៗ​ជាច្រើន​នាក់​សប្បាយចិត្ត​មក​រៀន​សិល្បៈ​ពី​អ្នកស្រី​។​



​ដើម្បី​ជ្រាប​ច្បាស់​ពី​ស្ថានភាព​ផ្ទេរ​ចំណេះដឹង​សិល្បៈ​អត្តសញ្ញាណ​ជនជាតិ​កួយ តទៅ​នេះ​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖

 
 
​ក្នុង​ពិព័រណ៍​រូបថត​ក្រោម​ចំណងជើង​ថា "​វីរជន​សិល្បៈ​លាក់​មុខ​" នៃ​មហោស្រព​សិល្បៈ​ដើម្បី​សន្តិភាព គេ​ឃើញ​មាន​សិល្បករ​សិល្បការិនី តំណាង​រាជធានី​ខេត្ត​ទាំង​២៥ ដែល​ភាគច្រើន​មាន​វ័យ​ចំណាស់ អង្គុយ​នៅ​ចំពោះមុខ​រូបថត​របស់ខ្លួន តាំង​តម្រៀប​គ្នា​លើ​កន្ទេល​ខ្មែរ​ដែល​ទំនង​ត្បាញ​ពី​ស្លឹកត្នោត​។ ដើម​ជ្រៃ​បែកមែក​សាខា នៅ​កណ្ដាល​សំណង់​អគារសិក្សា​នៃ​វិទ្យាស្ថាន​ភាសាបរទេស​(IFL) បាន​ជួយ​បាំង​កំដៅ​ព្រះអាទិត្យ​កំពុង​ពេញកម្លាំង​នា​ម៉ោង​ប្រមាណ​២​រសៀល ឱ្យ​គ្រូសិល្បៈ​គ្រប់រូប​ត្រជាក់ចិត្ត​ចែករំលែក​បទពិសោធ​ទៅកាន់​អ្នកចូលរួម​។ 
 
​ក្នុងចំណោម​វីរជន​សិល្បៈ​មកពី​២៥​រាជធានី​ខេត្ត អ្នកស្រី ខា ស្រស់ ជនជាតិដើម​ភាគតិច​កួយ តំណាងឱ្យ​វីរជន​សិល្បៈ​លាក់​មុខ​មកពី​ខេត្តស្ទឹងត្រែង​។ ក្នុង​សម្លៀកបំពាក់​ប្រពៃណី​ជនជាតិដើម​ភាគតិច​កួយ អាវ​ពណ៌​ស្វាយបែក​ក្រហម​ក​មូល អង្គុយ​នៅ​ចំពោះមុខ​រូបថត​របស់ខ្លួន ដែល​ដាក់តាំង​ក្នុង​ពិព័រណ៍ អ្នកស្រី ខា ស្រស់ ថា​ក្មេងជំនាន់ក្រោយ​រួម​ជាតិ​ជា​មូ​យ​អ្នកស្រី មិនសូវ​បាន​យកចិត្តទុកដាក់​ចំពោះ​ភាសា​និង​វប្បធម៌​ទំនៀមទម្លាប់​របស់ខ្លួន​ឡើយ​៖«​ខ្ញុំ​បានរៀបចំ​ក្រុម​របាំ​ប្រពៃណី​ជនជាតិដើម​កួយ​។ ខ្ញុំ​បាន​នាំ​ក្រុម​សិល្បៈ​នេះ​ទៅលេង​ដល់​កោះ​កង់ កំពង់សោម កំពង់ចាម ក្រចេះ តាំងពី​ឆ្នាំ​២០១០​។ ខ្ញុំ​បង្កើត​ក្រុម​នេះ ដោយសារតែ​ខ្ញុំ​មើលឃើញថា ប្រពៃណី​ជនជាតិ​កួយ​ស្ទើរតែ​បាត់បង់​ទៅហើយ ព្រោះ​ក្មេងជំនាន់ក្រោយ​គាត់​មិនចេះ​ភាសា​ទេ​»​។ 
 
​មាន​វ័យ​៦៥​ឆ្នាំ​គ្រូរបាំ​ប្រពៃណី​កួយ ដែលមាន​សក់ខ្មៅ​សម្បុរ​ស្រអែម​រូបនេះ បាន​ប្រឹងប្រែង​បង្ហាត់បង្រៀន​សិល្បៈ​ទៅដល់​ក្មេងជំនាន់ក្រោយ រហូត​រដ្ឋាភិបាល​កម្ពុ​ជា​បង្កើត​មន្ទីរ​វប្បធម៌​ក្រៅ​ប្រព័ន្ធ​ឱ្យ​អ្នកស្រី​មាន​កន្លែង​បង្ហាត់​សិស្ស​ត្រឹមត្រូវ ដើម្បី​លើកទឹកចិត្ត​៖«​ខ្ញុំ​ក៏​អរគុណ​រដ្ឋាភិបាល​ដែរ គាត់​បាន​ទៅ​បង្កើត​មន្ទីរអប់រំ​ក្រៅ​ប្រព័ន្ធ​នៅ​ខេត្តស្ទឹងត្រែង ដើម្បីឱ្យ​ខ្ញុំ​រៀបចំ​ប្រវត្តិ​របស់​ជនជាតិដើម​ភាគតិច​កួយ ដូចជា​ប្រពៃណី វប្បធម៌ ភាសា​។ នៅ​ឆ្នាំ​២០១៨ ខ្ញុំ​បានរៀបចំ​ក្រុម​របាំ​នេះ​ឡើង​។ ខាង​មន្ទីរអប់រំ​ក្រៅ​ប្រព័ន្ធ​គាត់​បាន​ជួយ​មេក្រូ ជួយ​អំភ្លី ទ្រ ស្គរ អាគុយ និង​ជួយ​ប្រាក់​តិចតួច​សម្រាប់​ក្រុម​របាំ​នេះ​»​។​
 
​មាន​សិស្ស​ហាត់​ជាប់លាប់​ប្រហែល​២០​រូប អ្នកស្រី ស្រស់ អះអាង​ទាំង​ភ្នែក​សំឡឹង​ឆ្ងាយ ថា​មូល​ហេតុដែល​អ្នកស្រី​ខំ​បង្ហាត់​និង​ផ្សព្វផ្សាយ​ពី​ប្រពៃណី​វប្បធម៌ របស់​ជនជាតិដើម​ភាគតិច​កួយ ក៏​ព្រោះ​ខ្លាច​ក្មេងជំនាន់ក្រោយ​ភ្លេច​ថា​ខ្លួន​ជា​អ្នកណា​៖«​ខ្ញុំ​នាំ​ក្មេងជំនាន់ក្រោយ​ឱ្យ​គាត់​ដឹងថា កាលពីដើម​យាយ​តា​យើង​មាន​របាំ មាន​ពិធី​សែន​ស្រុក សែនយ​កស្រូវ​ឡើង សែន​ភូមិ និង​មានបុណ្យ​ភូមិ​។ មួយរយៈ​មុន​យើង​មិនមាន​ប្រវត្តិ​ទេ តែ​ពេលនេះ​មាន​និស្សិត​គាត់​ចងក្រង​ឯកសារ​ពី​ប្រវត្តិ​របស់​ជនជាតិដើម​ភាគតិច​កួយ ទាំង​ខេត្តក្រចេះ និង​ខេត្ត​ផ្សេងៗ​ដើម្បី​ថែរក្សា​ប្រពៃណី​របស់​យើង​»​។​
 
​អង្គុយ​ក្ដោប​ដៃ​ចូលគ្នា​ហើយ​ផ្ទៃមុខ​ញញឹម ស្ត្រី​មកពី​ខេត្តស្ទឹងត្រែង​រូបនេះ សប្បាយចិត្ត​នៅពេលដែល​ឃើញ​កុមារា​កុមារី​ជនជាតិ​កួយ ចាប់អារម្មណ៍​ចូលមក​រៀន​របាំ​ប្រពៃណី​កាន់តែ​ច្រើនឡើងៗ​៖«​ក្មេងជំនាន់ក្រោយ​គាត់​មិនសូវ​យក​ភាសាជាតិ​មក​និយាយ​ទេ ព្រោះ​គាត់​រើសអើង​ខ្លួនឯង​។ ខ្ញុំ​បើក​បង្រៀន​នេះ​មាន​ក្មេង​តូចៗ​មកសុំ​រៀន​ច្រើនណាស់ ដូច្នេះ​ខ្ញុំ​ផ្សព្វផ្សាយ​តាម​ក្មេងៗ​បាន​ទៀត​»​។​
 
​អង្គុយ​ក្បែរ​សិល្បករ​សិល្បការិនី​ដទៃទៀត ដែល​កំពុង​ជជែក​គ្នា​ពីនេះ​ពី​នោះ ហើយ​ខ្លះទៀត​ចែករំលែក​បទពិសោធ​ពី​ជីវិត​ក្នុង​សិល្បៈ អ្នកស្រី ស្រស់ ដែល​ខំ​ថែរក្សា​សិល្បៈ​ប្រពៃណីជាតិ​ខ្លួន បាន​ប្រាប់​ពី​ឈ្មោះ​របាំ​ដែល​អ្នកស្រី​បង្ហាត់​សិស្ស​៖«​របាំ​ប្រពៃណី​មាន​របាំ​បុកស្រូវ របាំ​អញ្ជើញ​គ្រូ របាំ​ពេល​ទៅ​ចម្ការ​ស្រែ ដូចជា​បេះ​កប្បាស ដក​ដំឡូង​ជាដើម​។ យើង​មាន​ឧបករណ៍​ត្រក ខ្វេ​វ កាំបិត ជនី​ក និង​មា​នក​ញ្ចើ​ជាដើម​»​។​
 
​ទោះជា​យ៉ាងណា​គ្រូបង្រៀន​របាំ​រូបនេះ មិនបាន​បង្រៀន​ផ្តោតលើ​តែ​របាំ​នោះឡើយ តែ​អ្នកស្រី​ថែមទាំង​បង្រៀន​ភាសា​កួយ​ទៅ​សិស្សសិល្បៈ​ផងដែរ ព្រោះតែ​ក្មេងជំនាន់ក្រោយ​ជនជាតិដើម​ភាគតិច​កួយ​ខ្សោយ​ភាសា​កំណើត​៖«​ពេលព្រឹក​ក្នុង​៣​ម៉ោង​ខ្ញុំ​បង្រៀន​ភាសា​កួយ ព្រោះ​យើង​សម្ដែង​ពី​កួយ ច្រៀង​ក៏​កួយ និង​រាំ​របៀប​កួយ​។ ពេល​ល្ងាច​៣​ម៉ោង​ទៀត ខ្ញុំ​បង្រៀន​របាំ​។ ការបង្រៀន​ក៏​យ៉ាប់​ដែរ ព្រោះ​ខ្ញុំ​កាន់តែ​ចាស់​ហើយ​»​។​
 
​ផ្ទៃមុខ​បង្ហាញឱ្យឃើញ​ក្ដី​ព្រួយបារម្ភ នៅពេល​អ្នកស្រី ខា ស្រស់ និយាយ​ពី​គុណ​តម្លៃ​របស់​ជនជាតិដើម​ភាគតិច​កួយ អាច​នឹងត្រូវ​បាត់បង់ ព្រោះ​ប្រពៃណី​ទំនៀមទម្លាប់​បញ្ជាក់​អត្តសញ្ញាណ​មិនមាន​វត្តមាន​៖«​ពេលនេះ​ជនជាតិ​កួយ​ចង់​លិច​ហើយ​។ បើ​មិនមាន​អត្តសញ្ញាណ គឺ​មិនមាន​តម្លៃ​អ្វី​ទេ​។ បើ​យើង​មាន​គ្រប់បែបយ៉ាង មាន​អត្តសញ្ញាណ មាន​ប្រពៃណី យើង​មានតម្លៃ​។ អង្គការ និង​រដ្ឋាភិបាល ក៏​គាត់​ជួយ​ស្រង់​យើង​រហូត ឱ្យតែ​យើង​ថែរក្សា​ការពារ​បាន​»​។​
 
​ដ្បិត​បាន​ដំណើរការ​ថ្នាក់​បង្រៀន​របាំ​ប្រពៃណី​ដោយ​រលូន​ក្ដី ប៉ុន្តែ​អ្នកស្រី ខា ស្រស់ មាន​កង្វល់​ចំពោះ​ការធ្លាក់ចុះ​ការប្រើ​ភាសា​កួយ ហើយ​សម្លៀកបំពាក់​បែប​ប្រពៃណី ក៏​ស្ទើរតែ​បាត់បង់​៖«​សូម​បងប្អូន​ជនជាតិ​កួយ​ទាំងអស់ រួមគ្នា​ការពារ​ប្រពៃណី​កុំឱ្យ​បាត់បង់ ដើម្បី​បន្ត​ដល់​កូនចៅ​យើង​»៕

Tag:
 សិល្បករ​
 ​សិល្បៈ​បុរាណ​
 ​វប្បធម៌​
 ​ចំណេះ​
 ​កួយ​
 ​របាំ​
 ​អត្តសញ្ញាណ​
 ​បន្តវេន​
© រក្សាសិទ្ធិដោយ thmeythmey.com