ជាតិ
ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី​៨ រំពឹង​ទទួលបាន​អ្នកចូលរួម​១០​ម៉ឺន​នាក់​
09, Dec 2019 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ រំពឹង​ទទួលបាន​អ្នកទស្សនា​ត្រឹមតែ​១០​ម៉ឺន​នាក់ ដែល​ថយចុះ​ពី​ឆ្នាំមុន​ប្រមាណ​៣​ម៉ឺន​នាក់ ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី​៨ លើក​ហេតុផល​ដើម្បី​ងាយស្រួល​គ្រប់គ្រង​។ ពិព័រណ៍​សៀវភៅ​កម្ពុជា​ឆ្នាំនេះ ធ្វើឡើង​ក្រោម​ប្រធានបទ “​ផ្ដើម​ក្ដី​ស្រមៃ ដៃ​កាន់​សៀវភៅ​”​។​



​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​នូវ​វប្បធម៌​នៃ​ការអាន​សៀវភៅ ទៅក្នុង​សង្គម​ខ្មែរ ជាពិសេស​យុវជន​និង​យុវនារី​ខ្មែរ ដែលជា​ទំពាំង​ស្នង​ឫស្សី និង​ជា​ធនធានមនុស្ស​ដ៏​សំខាន់ ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ ពិព័រណ៍​សៀវភៅ​កម្ពុជា ក្រោម​ប្រធានបទ “​ផ្ដើម​ក្ដី​ស្រមៃ ដៃ​កាន់​សៀវភៅ​” មាន​តូប​លក់​សៀវភៅ​ចំនួន​១៩៣​តូប​។ ពិព័រណ៍​នេះ​នឹង​ប្រារព្ធ​ឡើង ពីថ្ងៃ​ទី​១៣​ដល់​ថ្ងៃទី​១៥​ខែធ្នូ នៅ​បណ្ណាល័យ​ជាតិ​។ នេះ​ជា​លើក​ទី​៨​ហើយ សម្រាប់​ការតាំងពិព័រណ៍​សៀវភៅ​កម្ពុជា ក្រោយពី​ទទួលបាន​ជោគជ័យ​៧​លើក​រួចមកហើយ​នោះ​។ 


 
​អ្នកស្រី ខ្លូត វីបុល​ឡា ប្រធាន​បណ្ណាល័យ​ជាតិ បានលើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា បណ្ណាល័យ​ជាតិ​បាន​ប្រឹងប្រែង​ដើម្បី​ធ្វើឱ្យ​ប្រាកដថា មនុស្ស​កាន់តែ​ច្រើនឡើង​ងាក​មក​អាន​សៀវភៅ​។ អ្នកស្រី​បន្ថែមថា ការតាំងពិព័រណ៍​សៀវភៅ ជា​មធ្យោបាយ​ដ៏​សំខាន់ ក្នុង​ការផ្ដល់​ភាពងាយស្រួល​ទៅដល់​អ្នកនិពន្ធ ក្នុងការ​ផ្សព្វផ្សាយ​ពី​សៀវភៅ​របស់ខ្លួន ឱ្យទៅ​ដល់ដៃ​អ្នកអាន​។​
«​ពិព័រណ៍​សៀវភៅ​នេះ ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការជួយ​ជំរុញឱ្យមាន​កំណើន​នៃ​ការអាន​សៀវភៅ​។ គោលបំណង​សំខាន់​ដែល​យើង​ប្រឹងប្រែង​រៀបចំ​ពិព័រណ៍​នេះ ក៏​ព្រោះតែ​យើង​មើលឃើញថា ការអាន​សៀវភៅ​វា​បាន​ជួយ​ច្រើន​ដល់​បុគ្គល​អ្នកអាន​ផង ដល់​ក្រុមគ្រួសារ​គាត់​ផង  ជាពិសេស​គាត់​អាចជួយ​អភិវឌ្ឍន៍​ប្រទេសជាតិ​ថែម​ទៀតផង​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី ខ្លូ​ត វីបុល​ឡា​។​
 
​ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី​៨ ក្រោម​ប្រធានបទ “​ផ្ដើម​ក្ដី​ស្រមៃ ដៃ​កាន់​សៀវភៅ​” នេះ សម្ដេចនាយក​រដ្ឋមន្ត្រី បាន​ឧបត្ថម្ភ​សៀវភៅ​ស្រី​ហិ​តោ​បទេស​ភាគ​១ ​និង​ភាគ​២​ ចំនួន​២​ម៉ឺន​ក្បាល ដោយ​មិន​គិតថ្លៃ​ផងដែរ​។​
 
​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​ទី​១ ពិព័រណ៍​សៀវភៅ​កម្ពុជា ​ទទួលបាន​អ្នកចូលរួម​ប្រមាណ​តែ​១​ពាន់​នាក់​តែប៉ុណ្ណោះ​។ ប៉ុន្តែ​នៅ​ឆ្នាំ​ទី​៧ ពិព័រណ៍​នេះ​ទទួលបាន​អ្នកចូលរួម​ប្រមាណ​ជាង​១៣​ម៉ឺន​នាក់​។ សម្រាប់​ឆ្នាំ​ទី​៨​នេះ ពិព័រណ៍​សៀវភៅ​កម្ពុជា​រំពឹង​ទទួលបាន​អ្នកចូលរួម​តែ ១០​ម៉ឺន​នាក់​តែប៉ុណ្ណោះ ក្រោម​ហេតុផល​ទីតាំង​តូច ​និង​ដើម្បី​ងាយស្រួល​គ្រប់គ្រង​៕
 

Tag:
 ពិព័រណ៍​
 ​សៀវភៅ​
  អក្សរសាស្ត្រ​
 ​អក្សរសិល្ប៍​
 
© រក្សាសិទ្ធិដោយ thmeythmey.com