អន្តរជាតិ
ឥណ្ឌា​៖ យ៉ាងហោចណាស់​មនុស្ស​៣០​នាក់​ស្លាប់​ដោយសារ​ការឆេះ​រោងចក្រ​នៅ​ញូវដែលី​
08, Dec 2019 , 1:59 pm        
រូបភាព
រូបភាព៖ Indian Express
រូបភាព៖ Indian Express
​អគ្គិភ័យ បាន​លេប​ត្របាក់​រោងចក្រ​មួយកន្លែង​នៅ​តំបន់​Aanaj Mandi ក្នុង​ទីក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា នា​ព្រឹក​ព្រលឹម​ថ្ងៃទី​៨ ខែធ្នូ ដែល​បង្ក​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៣០​នាក់ បាន​បាត់​បង់ជីវិត​។ ចំណែក​មូលហេតុ​នៃ​អគ្គិភ័យ​នេះ មន្ត្រី​អគ្គិភ័យ​មិនទាន់​អាច​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ​។



​រោងចក្រ​មួយកន្លែង​នៅ​តំបន់​Aanaj Mandi ក្នុង​ទីក្រុង​ញូវដែលី ដែល​ផ្ទុក​ទៅដោយ​កាតា​ប​សិស្សសាលា ដប​ទឹក និង​សំភារៈ​ផ្សេងទៀត បាន​ឆេះ​យ៉ាង​សន្ធរ​សន្ធៅ នា​វេលា​ប្រមាណ​ជា​ម៉ោង​៥ ព្រឹក​។ ក្នុង​ឧបទ្ទវហេតុ​មួយ​នេះ វា​បាន​បង្ក​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​៣០​នាក់ ទទួលមរណភាព ខណៈពេល​មនុស្ស​ជាង ៥០​នាក់ ត្រូវបាន​ជួយសង្គ្រោះ និង​ដឹក​យកទៅ​មន្ទី​ពេទ្យ​ជិត​នោះ​ភ្លាមៗ​។ 
 
​បើតាម​មន្ត្រី​អគ្គិភ័យ ជនរងគ្រោះ ដែល​បានទទួល​មរណភាព​ទាំងនោះ គឺ​កំពុង​សម្រាន្ត​នៅ​អាគារ​កម្ពស់​៤-៥ ជាន់​មួយ​នេះ ហើយ​បាន​ស្លាប់​ដោយសារតែ​ការខ្វះ​អុកស៊ីសែន​។ ចំណែកឯ​មូលហេតុ​នៃ​ភ្លើង​ឆេះ​វិញ គេ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ថា​តើ​វា​បណ្តាលមកពី​មូលហេតុ​អ្វី​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​គ្រាន់​តែមាន​សេចក្តីរាយការណ៍​នា​វេលា ៥ និង ២២​នាទី ក្រុម​ពន្លត់​អគ្គិភ័យ បាន​បញ្ជូន​ឡានទឹក​ទៅ ៣០​គ្រឿង ដើម្បី​ពន្លត់ភ្លើង​ឆេះ​មួយ​នេះ​។ ប៉ុន្តែ​វា​បាន​បង្ក​ផ្តល់​វិបាក​យ៉ាងខ្លាំង​សម្រាប់​មន្ត្រី​ពន្លត់​អគ្គិភ័យ ព្រោះ​វា​ងងឹត និង​ខ្វះ​ភ្លើង​បំភ្លឺ​នៅក្នុង​តំបន់​មួយ​នេះ​។ យ៉ាងណាក៏ដោយ រហូតមកដល់​ពេលនេះ អគ្គិភ័យ ត្រូវបាន​គេ​ពន្លត់​រួចហើយ​។ 
 
​សូមបញ្ជាក់ថា អគារ​កម្ពស់​៤-៥​ជាន់​នេះ ត្រូវបាន​ប្រើប្រាស់​ដោយ​អ្នកក្រីក្រ​សម្រាប់​សម្រាន្ត​នាពេល​យប់ ហើយ​ភាគច្រើន​នៃ​អ្នក​ទាំងនោះ គឺជា​ជន​ចំណាកស្រុក និង​កម្មករ​។ ដោយសារតែ​រដ្ឋាភិបាល​ឥណ្ឌា គ្មាន​គម្រោង​ច្បាស់លាស់​ជុំវិញ​បញ្ហា​រឹតបន្តឹង​ច្បាប់ និង​គម្រោង​អាគារ និង​បទបញ្ញត្តិ​សុវត្ថិភាព វា​ជា​ញឹកញាប់ តែងតែ​បង្ក​ឲ្យ​មាន​ហេតុការណ៍​រហូតដល់​ស្លា​ប់​បែបនេះ ៕

Tag:
 ឥណ្ឌា​
  អគ្គិភ័យ​
© រក្សាសិទ្ធិដោយ thmeythmey.com