ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ពលរដ្ឋ​តំបន់​ផ្លូវ​រថភ្លើង ព្រួយបារម្ភ​ពី​សន្តិសុខ ខណៈ​មានការ​ចែកចាយ​គ្រឿងញៀន​អនាធិបតេយ្យ​
08, Dec 2019 , 6:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នកភូមិ​៣ និង​ភូមិ​២​ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ដែល​រស់នៅ​ជាប់​ផ្លូវ​រថភ្លើង បានបង្ហាញ​ការព្រួយបារម្ភ​ចំពោះ​បញ្ហា​អសន្តិសុខ​ក្នុងភូមិ ស្របពេល​មានការ​ចែកចាយ​គ្រឿងញៀន​នៅ​តំបន់​នេះ​ទាំងយប់​ទាំង​ថ្ងៃ ហាក់ដូចជា​ផ្សារ​លក់ទំនិញ​អ៊ីចឹង​ដែរ​។ សកម្មភាព​ទិញ​លក់​គ្រឿងញៀន​នេះ កំពុងតែ​រំខាន​ដល់​ការរស់នៅ​របស់​ពលរ​ដ្ឋ​តំបន់​បឹងកក់​នេះ​។

-

​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ លោក រ៉ឹ​ម ភា​រី ដូចតទៅ​៖


 
​នៅពេល​លោកអ្នក​ធ្វើដំណើរ​ដល់​ផ្លូវ​រថភ្លើង​ត្រង់ចំណុច​ភូមិ​៣ និង​ភូមិ​២​ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ដែល​ស្ថិតនៅ​ខាងត្បូង​បឹងកក់ លោកអ្នក​ប្រាកដជា​ឃើញ​មនុស្ស​ជាច្រើន រត់​ប្រសាច​លើផ្លូវ​រថភ្លើង ដើម្បី​លក់ និង​ទិញ​គ្រឿងញៀន ដូចជា​ទីផ្សារ​មួយ​ដូច្នេះ​ដែរ​។ អ្នកសារព័ត៌មាន​ថ្មីៗ ក៏ត្រូវ​បាន​ពួកគេ​ចាត់ទុកជា​អតិថិជន​ដែរ នៅពេល​អ្នកកាសែត​ថ្មីៗ​ជិះ​ម៉ូតូ​ទៅ​សម្ភាស​ពលរដ្ឋ​នៅ​តំបន់​ផ្លូវ​រថភ្លើង​នេះ​។ 


 
​នៅតាម​បេតុង​អម​ផ្លូវ​រថភ្លើង ដែល​នៅ​ម្ខាង​ជា​ផ្លូវ​រថភ្លើង និង​ខាងត្បូង​ផ្លូវ​រថភ្លើង សុទ្ធសឹង​ជា​ផ្ទះ​របស់​ពលរដ្ឋ ដែល​ផ្ទះ​ភាគច្រើន​មាន​ដំបូល​ប្រក់​ស័​ង្គ​សី និង​ក្រាល​ដោយ​ការ​ចាក់សាប​។ ពលរដ្ឋ​ខ្លះ​កំពុង​លក់ដូរ ខ្លះ​អង្គុយ​លើ​ម៉ូតូ​ចាំ​ឌុប​ម៉ូយ ខ្លះទៀត​អង្គុយ​ខាងមុខផ្ទះ  ស្របពេល​មាន​មនុស្ស​មួយចំនួន ក៏​ស្រែកហៅ​ម៉ូយ ដើម្បី​លក់​គ្រៀង​ញៀន​ទាំង​កណ្តាល​ថ្ងៃ​ដែរ​។​
 
​ពលរដ្ឋ​នៅ​ភូមិ​៣​ក្នុង​សង្កាត់​ស្រះចក លោក សេង សុផល បាន​អះអាងថា បច្ចុប្បន្ន​សកម្មភាព​ចែកចាយ​គ្រឿងញៀន​នៅតែ​បន្តសកម្មភាព​ទាំងថ្ងៃទាំងយប់ បើទោះបី​កន្លងមក សមត្ថកិច្ច​បាន​ចុះមក​ចាប់​ជា​បន្តបន្ទាប់​ក៏ដោយ​។ ក្នុង​វ័យ​៥០​ឆ្នាំ លោក សេង សុផល ដែល​រស់នៅ​តំបន់​នេះ​ជាង​១០​ឆ្នាំ​មកហើយ​នោះ បាន​អះអាង​យ៉ាង​ដូច្នេះ​ថា​៖ «​រស់នៅ​ទីនេះ​មិនសូវ​ល្អ​ប៉ុន្មាន​ទេ វា​មាន​អា​ពួក​លក់​គ្រឿងញៀន តែ​អ្នកលក់ លក់​តែ​គេ យើង​នៅ​ធម្មតា យើង​នៅក្នុង​ស្រុក​នេះ​មិន​អី​ទេ អ្នកលក់​ច្រើនតែ​មកពី​ក្រៅ អ្នក​នៅក្នុង​ស្រុក​នេះ អត់​មាន​នរណា​លក់​ទេ គ្រាន់តែ​វា​ចេញចូលៗ ខ្លាច​ដែរ​ហ្នឹង​។ កូន​ខ្ញុំ​មកពី​រៀន​ចូល​ផ្ទះ​បាត់​ហើយ ខ្ញុំ​មានការ​បារម្ភ​ដែរ​រឿង​សន្តិសុខ ព្រោះ​មាន​ការកាប់ចាក់​គ្នា​អ៊ីចឹងទៅ​»​។​


 
​លោក សេង សុផល ក្រៅពី​លក់ដូរ​បន្តិចបន្តួច លោក​ក៏​ឆ្លៀត​រត់​ម៉ូតូឌុប​នៅទីនេះ​ផង តែ​លោក​មិន​ឌុប​អតិថិជន​ដែល​មក​ទិញ​គ្រឿងញៀន​នោះទេ​។ លោក​បន្ថែមថា​៖«​គេ​អ្នកលក់​អ្នក​ដូរ យើង​អត់​សូវ​ហ៊ាន​ឌុប​ដែរ​។ យើង​ឌុប​តែ​អ្នក​ស្គាល់​ក្នុងភូមិ ឬ​អ្នកជិតខាង​។ អ្នកទិញ ខ្ញុំ​អត់​ឌុប​ទេ ព្រោះ​ខ្លាច​ពេល​យើង​ចេញទៅ ប៉ូលីស​ចាប់ ដោយ​ទាំង​យើង​ដែរ​។ ជួនកាល វា​មិន​ដែលថា​អត់​នោះទេ យើង​ឌុប​បាន​មួយ​អ៊ីចឹងទៅ យើង​ចេះតែ​ប្រថុយ ពេល​ដឹងថា​វា​មាន​គ្រឿងញៀន យើង​លែង​ហ៊ាន​ហើយ​»​។  
 
​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​លោក សេង សុផល ពលរដ្ឋ​ម្នាក់ទៀត​បាន​ឆ្លៀតពេល​ផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ​ទាំង​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​។ កញ្ញា ប៊ី ជា​ឈ្មោះ​ក្រៅ​របស់​នាង​។ ក្នុង​វ័យ​២៧​ឆ្នាំ ប៊ី ដែល​កំពុង​រៀបចំ​លក់​បាយ កាហ្វេ និង​នំចំណី​បន្តិចបន្តួច បាន​អះអាងថា បើទោះបី​ទីនេះ មានការ​ចែកចាយ​គ្រឿង​ច្រើន​ក៏ដោយ តែ​បច្ចុប្បន្ន ចំពោះ​ការ​លួច​ឆក់​ប្លន់​នៅ​ភូមិ​នេះ មិនមាន​នោះទេ​។​
 
​ភ្នែក​មើលមុខមើលក្រោយ ទំនង​ខ្លាច​អ្នក​ចែកចាយ​គ្រឿងញៀន​នៅតាម​ផ្លូវ​រថភ្លើង​ផង កញ្ញា​ពន្យល់​ដូច្នេះ​ថា​៖ «​និយាយ​ទៅ អ្នក​នៅ​នេះ វា​មិន​ហ៊ាន​ធ្វើ​អ្វី​អ្នក​នៅក្នុង​ហ្នឹង​ទេ បើ​ខាងក្រៅ​ខ្ញុំ​អត់​ដឹង​ទេ​។ តែបើ​ប្រជាជន​នៅក្នុង​ភូមិ​នេះ វា​អត់​ដែល​ប៉ះពាល់​ទេ​។ រឿង​សន្តិសុខ ដូច​មិន​អី​ដែរ គេ​នៅតែ​គេ យើង​នៅតែ​យើង​»​។​
 
​តាមពិតទៅ ពលរដ្ឋ​នៅ​តំបន់​ជាប់​ផ្លូវ​រថភ្លើង​នេះ មួយចំនួន​បានរស់នៅ​ក្នុង​ភាពមិនច្បាស់លាស់ ដោយសារ ពួកគេ​កំពុង​រស់នៅ​ផ្ទះ ដែល​មិនទាន់មាន​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​។ ក្រៅពី​បារម្ភ​ការបណ្តេញចេញ ពួកគេ​ក៏​ទទួលរង​ថ្ម​បាក់​មួយចំនួនទៀត ដូចជា បញ្ហា​គ្រឿងញៀន និង​អសន្តិសុខ​នៅ​តំបន់​នេះ ដែល​បាន​យាយី​ដល់​ការរស់នៅ​ពួកគេ​។​
 
​លោកតា លីម ហេង អាយុ​៨៥​ឆ្នាំ កំពុង​រស់នៅ​ក្នុងផ្ទះ​តូច​មួយ ដែលមាន​ដំបូង​ប្រក​ស័​ង្គ​សី និង​ក្រាល​ក្តារ ដោយ​ក្នុងផ្ទះ​មាន​លក់​ភេសជ្ជៈ និង​នំ​កូនក្មេង​តិចតួច​។ រស់នៅ​ជាមួយ​ភរិយា និង​ចៅស្រី​ម្នាក់ លោក លី ហេង បាន​អះអាងថា អ្នករស់នៅ​ជាប់​ផ្លូវ​រថភ្លើង​នេះ មាន​បញ្ហា​ប្រឈម​ជាច្រើន ដូចជា បញ្ហា​គ្រោះថ្នាក់​បណ្តាលមកពី​រថ​ភ្លើង ការ​ចែកចាយ​គ្រឿងញៀន​ទាំងយប់​ទាំង​ថ្ងៃ និង​សន្តិសុខ​សុវត្ថិភាព​។ 
 
​លោកតា​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ « បញ្ហា​សន្តិសុខ​វិញ ខ្ញុំ​មានការ​បារម្ភ ព្រោះ​មនុស្ស​ខូច តែងតែរ​ត់ម​កបោះ​គ្រឿងញៀន​ចូល​ផ្ទះ​យើង ជួនកាល​លោត​លើ​ដំបូង​ផ្ទះ​យើង ផ្លោះ​យករួចខ្លួន វា​ចេះតែ​បារម្ភ​ហើយ​កូន យើង​រស់នៅក្នុង​តំបន់​នេះ​។ បើតាម​គ្រួសារ​អ៊ំ​គ្មានទេ​គ្រឿងញៀន​នោះ មានតែ​ការសិក្សា​រៀនសូត្រ​»​។​
 
​មាន​រាង​ស្គម​ស្កាំ ស្បែក​ជ្រាវ​ជ្រួញ លោកតា លីម ហេង ប្រាថ្នា​រស់នៅក្នុង​ភាពស្ងប់ស្ងាត់ តែ​មិនបាន​ដូច​បំណង​ឡើយ ដ្បិត​គ្រួសារ​លោកតា​កំពុង​រស់នៅក្នុង​តំបន់​មាន​សកម្មភាព​ចែកចាយ​គ្រឿងញៀន​។ ខណៈ​លោកយាយ​កំពុង​អង្គុយ​លើ​ក្តារ​ធ្វើ​ម្ហូប លោកតា​ឯនេះ​វិញ បាន​រៀប​រាប់ទាំង​ទឹកមុខ​ស្រពោន​ថា​៖ «​អ៊ំ​សុំ​ថា ពេលដេក​ឡើង ឲ្យ​មាន​ស្ងាត់​ខ្លះ​។ អ៊ំ​ចាស់ៗ​ហើយ ចង់តែ​បាន​ស្ងាត់ បើក​ធម៌​ស្តាប់​រាល់​យប់​រាល់​ព្រឹក ចង់​បានតែ​ស្ងាត់ ប៉ុន្តែ​ពេល​គេ​លក់​គ្រឿងញៀន​ហ្នឹង​ទៅ ម៉ូតូ​ផ្អើល​លិច​ផ្អើល​កើត ឈូ​លិច​ឈូ​កើត​។ សុំ​ឲ្យ​ក្មួយ​អ្នកកាសែត​សូមជួយ​ផង​ទៅ ហើយ​ខាង​សមត្ថកិច្ច​ខាង​គ្រឿងញៀន​ហ្នឹង សូមជួយ​ផង​ទៅ​»​។ 
 
​នៅក្នុង​ទីក្រុង​ភ្នំពេញ ដែលជា​ទីក្រុង​សម្បូរ​ដោយ​ផ្ទះថ្ម​ធំៗ មាន​ភ្លើងពណ៌​ល្អឆើត​ឆាយ មាន​អគារ​ខ្ពស់ៗ​ជាច្រើន ទំនងជា​ឋានសួគ៌​សម្រាប់​ពលរដ្ឋ​ទូទៅ ប៉ុន្តែ​ការរស់នៅ​តំបន់​រថភ្លើង​នៅ​ចំ​កណ្តាល​ក្រុងភ្នំពេញ​នេះ​វិញ បែរជា​ក្លាយជា​តំបន់​ចែកចាយ​គ្រឿង​យ៉ាង​អនាធិបតេយ្យ ដែល​ធ្វើ​ពលរដ្ឋ​រស់នៅក្នុង​តំបន់​នេះ មាន​ភាពភ័យខ្លាច​គ្រប់​ពេលវេលា​ទៅវិញ​។​
 
​ត្រង់ចំណុច​នេះ​លោក មាស វិ​រិ​ទ្ធ អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ថ្លែងថា មូលហេតុ​ដែលមាន​ការ​ចែកចាយ​សកម្ម​នៅក្នុង​តំបន់​ផ្លូវ​រថភ្លើង គឺ​បណ្តាល​មក​កន្លែង​ហ្នឹង មាន​ភូមិសាស្ត្រ​ស្មុគស្មាញ ហើយ​ធ្វើឱ្យ​សមត្ថកិច្ច​ពិបាក​បង្ក្រាប​។​
 
«​មក​កន្លែង​ហ្នឹង វា​ស្មុគស្មាញ ដូច្នេះ សមត្ថកិច្ច​ពិបាក​ចូលទៅ​ដល់​។ សមត្ថកិច្ច​ចូលទៅ វា​បែកៗ អ្នក​ដែល​ទិញ​គ្រឿងញៀន​ចូលទៅ​វា​ស្រួល​។ គេ​មាន​វិធី​ច្រើន​ក្នុងការ​ដោះស្រាយ​បញ្ហា ប៉ុន្តែ ការដោះស្រាយ​បញ្ហា មានពេលខ្លះ​ទៅ ក៏​ឆកល្វែង ទើប​មាន​អ្នក​ឆ្លៀតឱកាស​ធ្វើ​អ្វី​ផ្តេសផ្តាស​។ សួរ​ទៅ​មូលដ្ឋាន​ច្បាស់​ជាង​។ ចំណុច​សំខាន់ ខ្ញុំ​ដឹងថា ពិបាក​គ្រប់គ្រង​ដោយ​សមត្ថកិច្ច ដូចជា តំបន់​ត្រពាំង​ឈូក ទាល់តែ​រុះ​ចេញ​អស់​ទៅ បាន​លែងមាន​បញ្ហា​។ កន្លែង​ហ្នឹង ត្រូវធ្វើ​យ៉ាងម៉េច វា​ពិបាក ព្រោះ​ពលរដ្ឋ​រស់នៅ គ្រាន់តែ​រដ្ឋអំណាច​គ្រប់​គ្រង​គាត់ ក៏​មិនបាន​ផង​។ ដូច្នេះ ទាល់តែ​រក​វិធី​ផ្សេងទៀត ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ងាយស្រួល​ទាំង​ការរស់នៅ​របស់​ពលរ​ដ្ឋ ងាយស្រួល​ដល់​រដ្ឋអំណាច​គ្រប់គ្រង និង​ងាយស្រួល​ដល់​សមត្ថកិច្ច​ត្រួតពិនិត្យ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក មាស វី​រិ​ទ្ធ​។​
 
​បើតាម លោក មាស វិ​រិ​ទ្ធ តាម​ការអនុវត្តន៍​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​បទល្មើស​គ្រឿងញៀន​កន្លងមក ទីតាំង​ដែលមាន​ការចែក​ចាយ និង​ជក់​គ្រឿងញៀន​ច្រើន​នៅ​រាជធានី​ភ្នំពេញ ភាគច្រើន​ជា​កន្លែង​មាន​ភូមិសាស្ត្រ​ស្មុគស្មាញ ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​ពិបាក​ទៅដល់​។ ដោយសារ​មើលឃើញ​បញ្ហា​នេះ​លោក វី​រិ​ទ្ធ ស្នើឱ្យ​ពលរដ្ឋ​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច ដូចជា រាយការណ៍​ជូន​សមត្ថកិច្ច ឬ​ថត​សកម្មភាព​បទល្មើស​បញ្ជូនទៅ​សមត្ថកិច្ច ឬ​អាជ្ញាធរ ដើម្បី​ដោះស្រាយ​និង​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​នេះ ។ 
 
​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​មូលហេតុ​ស្រួល​តើ ឲ្យ​តែ​ពលរដ្ឋ​នៅ​ម្តុំ​ហ្នឹង មានការ​សហការ​ជាមួយ​សមត្ថកិច្ច អ្នកណា​ជួញដូរ​គ្រឿងញៀន អ្នកណា​ប្រើប្រាស់​គ្រឿងញៀន មាន​សេចក្តីក្លាហាន​រាយការណ៍​ទៅ​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​។ ហើយ​ប្រព័ន្ធ​ទទួល​ព័ត៌មាន​មាន​ច្រើន​តើ ដូចជា វេ​ប​សាយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន គ្រាន់តែ​ថត​មក ឈ្មោះ​អីៗ ឲ្យ​តែ​គេ​ប្រព្រឹត្ត​បទល្មើស កុំ​ឲ្យ​តែ​ថត​គេ​មិន​ប្រព្រឹត្ត​បទល្មើស​»​។ 
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន​នេះ ពិតណាស់​វា​ជា​ប្រធានបទ​មួយ ដែល​ប្រជាពលរដ្ឋ​តែងតែ​ព្រួយបារម្ភ ដូចគ្នា​នឹង​បញ្ហា​ផ្សេងៗ​ដែរ ដូចជា បញ្ហា​សំរាម បញ្ហា​កកស្ទះ​ចរាចរណ៍​ជាដើម​។ នេះ​ជាការ​បញ្ជាក់​របស់លោក ម៉េ​ត មាស​ភក្តី ដែល​បាន​បន្ថែមថា សាលា​រាជធានី​នៅតែ​បន្ត​ខិតខំ​ប្រឹងប្រែង​បង្ក្រាប និង​លុបបំបាត់​គ្រឿងញៀន ស្របតាម​យន្តការ​ដែលមាន​ស្រាប់​។​
 
​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ក្នុងនាម​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ដែល​យើង​ជា​សេនាធិការ​ស្ថិតក្រោម​ការដឹកនាំ​ក្រសួងមហាផ្ទៃ ដែល​យើង​មាន​គណៈកម្មការ​សម្រាប់​លុបបំបាត់​គ្រឿងញៀន​ខុសច្បាប់​នេះ ក៏​ខិតខំ​ធ្វើការ​បោសសំអាត បង្ក្រាប​ទៅតាម​យន្តការ​ទាំង​យន្តការ​របស់​គណៈកម្មកា​រ​របស់​ក្រុង និង​ការងារ​អាជ្ញាធរ​មូលដ្ឋាន​។ បញ្ហា​គ្រឿងញៀន មិន​ងាយស្រួល​ប៉ុន្មាន​ទេ​ក្នុងការ​លុបបំបាត់​ទាំងស្រុង​ក្នុង​រយៈពេល​ខ្លី​នោះ​។ តែ​យ៉ាងណាក៏ដោយ ការចូលរួម និង​ខិតខំ​បន្ត​អនុវត្តន៍​ផែនការ​លុបបំបាត់​គ្រឿងញៀន​»​។​
 
​របាយការណ៍​បូកសរុប​ការងារ​ស្តីពី​បទល្មើស​គ្រឿងញៀន នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៩ បាន​បង្ហាញថា សមត្ថកិច្ច បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​សរុប​ជាង​៣,៣​ពាន់​ករណី ឃាត់​មនុស្ស​ជាង​៧​ពាន់​នាក់ រឹបអូស​គ្រឿងញៀន​គ្រប់​ប្រភេទ​ជាង​៣០០​គីឡូក្រាម កញ្ឆា​ស្រស់​ជាង​៤,៧​ម៉ឺន​ដើម និង​សម្ភារ​មួយចំនួនទៀត​។ ហើយ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​មេក្លោង​ជួញដូរ​គ្រឿងញៀន​ចំនួន ១២​នាក់ និង​ខ្សែរយៈ​បណ្ដាញ​ចំនួន ៥២ នាក់​៕

Tag:
 គ្រឿងញៀន​
 ​សន្តិសុខ
© រក្សាសិទ្ធិដោយ thmeythmey.com