អន្តរជាតិ
អ្នកការទូត​ចិន​ប្រាប់​រដ្ឋមន្ត្រីការបរទេស​អាមេរិក​តាម​ទូរ​សព្ទ​ឲ្យ​ឈប់​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ចិន​
08, Dec 2019 , 8:29 pm        
រូបភាព
លោក  Yang Jiechi មន្រ្តីជាន់ខ្ពស់ចិន និយាយនៅក្នុងសន្និសីទកាសែតមួយក្នុងប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០១៩។ រូបភាព៖ Reuters
លោក Yang Jiechi មន្រ្តីជាន់ខ្ពស់ចិន និយាយនៅក្នុងសន្និសីទកាសែតមួយក្នុងប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០១៩។ រូបភាព៖ Reuters
​មន្ត្រីការទូត​ជាន់ខ្ពស់​ចិន​លោក  Yang Jiechi នៅ​ថ្ងៃទី​៧ ខែធ្នូ បាន​ប្រាប់​ប្រមុខ​ការទូត​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ តាម​ទូរ​សព្ទ​ថា អាមេរិក​គួរតែបញ្ឈប់​សកម្មភាព​ជ្រែ​ត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។ ការលើកឡើង​របស់​ម​ន្ត្រី​ជាន់ខ្ពស់​ចិន​បែបនេះ គឺ​សំអាង​ទៅលើ​ការចុះ​ហត្ថ​លេខ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ លើ​សំណើ​ច្បាប់​ស្តីពី​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស​ក្នុង​ទីក្រុង​ហុងកុង និង​ការអនុម័ត​ច្បាប់​របស់​រដ្ឋសភា​អាមេរិក​ស្តីពី​ជនជាតិភាគតិច​វី​ហ្គ័​រ​។​



​ក្នុង​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​ជាមួយ លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Yang Jiechi ដែលជា​មន្ត្រីការទូត​ជាន់ខ្ពស់​មួយ​របស់​ចិន បានលើកឡើង​យ៉ាង​ដូច្នេះ​ថា ការអនុម័ត​ច្បាប់​ស្តីពី​លទ្ធិប្រជាធិបតេយ្យ និង​ច្បាប់​ស្តីពី​ជនជាតិភាគតិច​វី​ហ្គ័​រ​កន្លងមក គឺជា​ការជ្រៀតជ្រែក​ចូល​មក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន ហើយ​សកម្មភាព​របស់​អាមេរិក​បែបនេះ គឺ​វា​ជា​ការបំពានច្បាប់​ទំនាក់​ទំនង​អន្តរជាតិ​។ បើតាម​លោក Yang អាមេរិក​គួរតែបញ្ឈប់​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ជាបន្ទាន់ និង​ចេះ​កែប្រែ​កំហុស​របស់ខ្លួន​។  នេះ​បើតាម​សេចក្តីរាយការណ៍​របស់​ទូរទស្សន៍​រដ្ឋ​ចិន​។ 
 
​ក្នុងពេល​ជាមួយគ្នានេះដែរ លោក​Yang ក៏បាន​រិះគន់​មន្ត្រី​អាមេរិក​ផងដែរ​។ ជាក់ស្តែង​មន្ត្រីការទូត​ជាន់ខ្ពស់​ចិន​រូបនេះ បាន​គូសបញ្ជាក់ថា មន្ត្រី​អាមេរិក បានធ្វើ​សេចក្តីថ្លែងការណ៍​វាយប្រហារ​ប្រព័ន្ធ​នយោបាយ និង​គោលនយោបាយ​ការបរទេស​ចិន​ម្តង​ហើយ​ម្តងទៀត ហើយ​ច្បាស់​ណាស់​ថា វា​គឺជា​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។ ដូចនេះ​ទីក្រុង​ប៉េកាំង មិនអាច​ទទួលយក​អំ​ពើ​បែបនេះ​បានឡើយ និង​រិះគន់​យ៉ាង​ដាច់អហង្ការ​លើ​បញ្ហា​ទាំងនេះ​។ 
 
​សូមបញ្ជាក់ថា បន្ទាប់​សំណើ​ច្បាប់​ទីក្រុង​ហុងកុង​ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក និង​សេចក្តីស្នើច្បាប់​ស៊ីន​ជាំ​ង ត្រូវបាន​អនុម័ត​ដោយ​រដ្ឋសភា​អាមេរិក​មក ទីក្រុង​ប៉េកាំង បានចេញ​ប្រតិកម្ម​ប្រឆាំង​ជា​បន្តបន្ទាប់ ខណៈពេល​អាមេរិក និង​ចិន កំពុង​ស្ថិតនៅ​លើផ្លូវ​ឆ្ពោះទៅរក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទីមួយ ៕
 

Tag:
 ចិន​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com