ជាតិ
ក្រសួងបរិស្ថាន​ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ​ចាត់វិធានការ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ
08, Dec 2019 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួងបរិស្ថាន​ប្រាប់​ឲ្យ​មន្ត្រី​ជំនាញ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ ខណៈ​កម្ពុជា​កំពុង​ទទួលរង​នូវ​បាតុភូត អែល​នី​ណូ​ដែល​បង្ក​ឲ្យ​អាកាសធាតុ​ប្រែប្រួល​។


​ក្នុង​ឆ្នាំ​២០១៩​នេះ កម្ពុជា​បានទទួល​រង​ឥទ្ធិពល​ពី​បាតុភូត អែល នី​ណូ (El Nino) ដែល​បង្ក​ឲ្យ​អាកាសធាតុ​ក្ដៅ​ខ្លាំង រដូវវស្សា​មាន​ភាពយឺតយ៉ាវ របាយ​ទឹកភ្លៀង​មាន​ភាពរអាក់រអួល​មិន​ស្មើគ្នា របប​ទឹកទន្លេ​មេគង្គ​មានការ​ប្រែប្រួល ពិសេស​ទឹកជំនន់​មានតែ​មួយ​លើក​ហើយ​ស្រក​ចុះ​ដល់​កម្រិត​ទាប​បំផុត​។​
 
​តាម​សេចក្ដីណែនាំ​របស់​ក្រសួងបរិស្ថាន ស្ថានភាព​បែបនេះ នឹង​ងាយ​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​នៅក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​នានា​ជា​រៀងរាល់ឆ្នាំ ជាពិសេស​ក្នុង​រដូវប្រាំង​។ 
 
​ដើម្បី​បញ្ចៀស​នូវ​បញ្ហា​នេះ ក្រសួងបរិស្ថាន ប្រាប់​ឲ្យ​មន្ត្រី​ជំនាញ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ចាត់វិធានការ​ពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​ដូចជា​៖ ទប់ស្កាត់​ការកាប់​ព្រៃ​ដុត​រាន​ព្រៃ​ធ្វើជា​កម្ម​សិ​ទិ្ធ​ដើម្បី​ដាំ​ដំណាំ​កសិកម្ម​ផ្សែងៗ ការធ្វើ​កសិកម្ម​ពនេចរ ការតាំង​ទីលំនៅ​ថ្មីៗ និង​ការដុត​ព្រៃ​ដើម្បី​ចាប់​សត្វព្រៃ ជាដើម ។​
 
 ចំពោះ​អ្នក​ដែល​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ដោយ​ចេតនា ជា​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​៤ ដែល​ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ៥-១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១៥​លាន​រៀល ដល់​១៥០​លាន​រៀល​៕

Tag:
 ព្រៃ​
 ​ធម្មជាតិ​
 ​បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com