អន្តរជាតិ
KCNA៖ កូរ៉េខាងជើងប្រកាសជោគជ័យលើសាកល្បងដ៏មានធំមួយនៅមណ្ឌលផ្កាយរណប មេដឹកនាំគីម ជុងអ៊ុន មើលការបាញ់សាកល្បងមីស៊ីលប៉ាលីស្ទិក កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៩។ រូបភាព៖ AFP
× កូរ៉េខាងជើង បានប្រកាសលទ្ធផលជោគជ័យយ៉ាងធំធេង លើការសាកល្បងដ៏សំខាន់មួយ នៅក្នុងមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Sohae។ បើតាមការសន្យាជាមួយអាមេរិក កូរ៉េខាងជើង បានបិទតំបន់មួយនេះជាយូរមកហើយ។ ពោលគឺការបិទនេះ ធ្វើឡើងបន្ទាប់ពីជំនួបរវាងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង នៅសិង្ហបុរីមកម្លេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA នៅថ្ងៃទី៨ ខែធ្នូ។
បន្ទាប់ពីព្រមាន លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ឲ្យឈប់ហៅលោក គីម ជុងអ៊ុន ថាជា«បុរសរ៉ុក្កែត» ពេលនេះកូរ៉េខាងជើង បានប្រកាសជាសាធារណៈថា ខ្លួនបានទទួលជោគជ័យយ៉ាងធំធេងលើការសាកល្បងដ៏ធំមួយ។
យ៉ាងណាក៏ដោយ មកទាល់ពេលនេះ គេមិនទាន់ដឹង ថាតើកូរ៉េខាងជើងប្រកាសពីភាពជោគជ័យលើអ្វីទេ។ បើតាមជំនាញកិច្ចការនុយក្លេអ៊ែររបស់អាមេរិក លោក Vipin Narang ទីក្រុងព្យុងយ៉ាង ទំនងជាសាកល្បងលើម៉ាស៊ីនបាញ់គ្រាប់រ៉ុក្កែត ច្រើនជាងការបាញ់សាកល្បងមីស៊ីល។ ប្រសិនបើវាជាការសាកល្បងម៉ាស៊ីនបាញ់គ្រាប់រ៉ុក្កែតមែន វានឹងកាន់តែគ្រោះថ្នាក់ ព្រោះម៉ាស៊ីនប្រភេទនេះ វានឹងជាជំនួយក្នុងការបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីប។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA ការសាកល្បងនេះ បានធ្វើឡើងនៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Sohae ក្នុងទីតាំងសាកល្បងអាវុធ Tongchang-ri។ បើតាមការអះអាងរបស់ទីក្រុងព្យុងយ៉ាងកន្លងមក ទីតាំងTongchang-ri កម្ទេចម្តងរួចមកហើយ បន្ទាប់ពីជំនួបលើកទីមួយ រវាងលោកត្រាំ និងលោកគីម នៅសិង្ហបុរី។ ប៉ុន្តែទីតាំងនេះ ទំនងជាជួសជុលឡើងវិញ បន្ទាប់ពីកិច្ចចរចានុយក្លេអ៊ែរលើកទីពីររវាងលោកត្រាំ និងលោក គីម នៅវៀតណាមត្រូវបរាជ័យ ៕
© រក្សាសិទ្ធិដោយ thmeythmey.com