អន្តរជាតិ
ហ្វាំ​ង​ឡង់​៖ វ័យ​ត្រឹម​៣៤​ឆ្នាំ អ្នកស្រី Sanna Marin ក្លាយជា​នាយករដ្ឋមន្ត្រី​ក្មេង​ជាងគេ​លើ​លោក​
09, Dec 2019 , 9:46 am        
រូបភាព
អ្នកស្រី Sanna Marin នាយករដ្ឋមន្រ្តីក្មេងជាងគេរបស់ហ្វាំងឡង់។ រូបភាព Quartz
អ្នកស្រី Sanna Marin នាយករដ្ឋមន្រ្តីក្មេងជាងគេរបស់ហ្វាំងឡង់។ រូបភាព Quartz
​បក្ស​កាន់អំណាច​ហ្វាំ​ង​ឡង់ នៅ​ថ្ងៃទី​៨ ខែធ្នូ បានជ្រើសរើស​តំណាងរាស្ត្រ Sanna Marin ជា​នាយករដ្ឋមន្ត្រី​ថ្មី បន្ត​ពី​លោក Antti Rinne ដែល​សុំលាលែង​ពី​តំណែង​។ ក្នុង​វ័យ​ត្រឹម​៣៤​ឆ្នាំ អ្នកស្រី Marin នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​ក្មេង​ជាងគេ​របស់​ហ្វាំ​ង​ឡង់ និង​ជា​មេដឹកនាំ​ក្មេង​ជាងគេ​លើ​ពិភពលោក​ផងដែរ​។ បញ្ហា​ចម្បង​ដែល​រង់ចាំ​អ្នកស្រី Marin គឺ​ការតវ៉ា​ជាច្រើន​ថ្ងៃ​របស់​បុគ្គលិក​ប្រៃសណីយ៍​ដែល​ធ្វើ​ឲ្យ​លោក Rinne អស់តំណែង​។

 
​អ្នកស្រី Sanna Marin ទទួលបាន​ការគាំទ្រ​យ៉ាង​ប្រកៀក​ប្រកិត​ក្នុងការ​បោះឆ្នោត​ផ្ទៃក្នុង​បក្ស​សង្គម​ប្រជាធិបតេយ្យ ដែលជា​បក្ស​មាន​សំឡេង​ច្រើន​ក្នុង​សម្ព័ន្ធភាព​ចម្រុះ​កំពុងកាន់​អំណាច​។ អ្នកស្រី នឹង​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​១០ ខែធ្នូ​ខាងមុខ ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​ពី​លោក Antti Rinne ដែល​បានដាក់​ពាក្យ​លាលែង​ក្រោយ​បាត់បង់​ទំនុកចិត្ត​ពី​បក្ស​កណ្ដាល​និយម​កាលពី​សប្ដាហ៍​មុន ដោយសារ​មិនអាច​ដោះស្រាយ​បញ្ហា​បាតុកម្ម​បាន​។​
 
​លោក Rinne ដែល​ដឹកនាំ​ប្រទេស​ចាប់ពី​ខែមិថុនា​មក បាន​ជាប់​សង្ស័យថា បាន​គាំទ្រ​គម្រោង​កាត់បន្ថយ​បុគ្គលិក​ក្រុមហ៊ុន​ប្រៃសណីយ៍​ហ្វាំ​ង​ឡង់​ចំនួន​៧០០​នាក់​។ ដោយសារ​មូលហេតុ​នេះ ទើប​បក្ស​កណ្ដាល​និយម​សម្រេចចិត្ត​ដក​សេចក្ដីទុកចិត្ត​ពី​រូបលោក​ទៅ​។ 
 
​ត្រៀមខ្លួន​ក្លាយជា​នាយករដ្ឋមន្ត្រី​ក្មេង​ជាងគេ​របស់​ប្រទេស​នៅ​តំបន់​ស្ក​ង់​ឌី​ណាវ​អ្នកស្រី Marin និយាយថា អ្នកស្រី​មិនដែល​គិតពី​អាយុ និង​ភេទ​របស់​អ្នកស្រី​ឡើយ តែ​គិតពី​មូលហេតុ​ដែល​នាំ​ឲ្យ​អ្នកស្រី​ប្រឡូក​នយោបាយ និង​កត្តា​នានា​ដែល​នាំ​ឲ្យ​អ្នកស្រី​ឈ្នះ​ការបោះឆ្នោត​ប៉ុណ្ណោះ​។ ឯ​រឿង​តួនាទី​កំពូល​វិញ អតីតរដ្ឋមន្ត្រី​ដឹកជញ្ជូន​រូបនេះ​អះអាងថា​៖ «​យើង​មាន​ការងារ​ជាច្រើន​ដែល​ត្រូវធ្វើ​ដើម្បី​ស្ដារ​ការទុកចិត្ត​ឡើងវិញ​។​» នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​មាន​វ័យ​ត្រឹម​៣៤​ឆ្នាំ អ្នកស្រី Marin ក៏​ក្លាយជា​មេដឹកនាំ​រដ្ឋ​វ័យក្មេង​ជាងគេ​ផងដែរ​។ ពោល គឺ​ក្មេង​ជាង​នាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន Oleksiy Honcharuk ដែលមាន​វ័យ​៣៥​ឆ្នាំ​។ នាយករដ្ឋមន្ត្រី​កំពុងកាន់​តំណែង​មាន​វ័យ​ចំណាស់​ជាងគេ គឺ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ ដែលមាន​វ័យ​៩៤​ឆ្នាំ​។​

អ្នកស្រី Marin ជាប់ឆ្នោតជាសមាជិកសភាតាំងពីឆ្នាំ២០១៥ មក។ នៅខែមិថុនា លោក Rinne ក៏តែងតាំងអ្នកស្រីជារដ្ឋមន្រ្តីដឹកជញ្ជូន និងគមនាគមន៍ផងដែរ។ 
 
​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ក្រៅពី​អ្នកស្រី Marin  មេដឹកនាំ​បក្ស​នៃ​សម្ព័ន្ធភាព​កាន់អំណាច​នៅ​ហ្វាំ​ង​ឡង់ ក៏​ជា​ស្ត្រី ហើយ​មាន​វ័យក្មេង​ផង​រួមមាន អ្នកនាង Kaltri Kulmuni ជា​ប្រធាន​បក្ស​កណ្ដាល​និយម មាន​វ័យ​៣២​ឆ្នាំ​, អ្នកនាង Li Andersson ប្រធាន​សម្ព័ន្ធភាព​ឆ្វេងនិយម មាន​វ័យ​៣២​ឆ្នាំ​, អ្នកនាង Maria Ohisalo ប្រធាន​បក្ស​បៃតង មាន​វ័យ​៣៤​ឆ្នាំ និង​អ្នកស្រី Anna-Maja Kristina Henriksson ប្រធាន​បក្ស​ប្រជាជន​ហ្វាំ​ង​ឡង់​មាន​អាយុ​៥៥​ឆ្នាំ​៕ 

Tag:
 អឺរ៉ុប​
  ហ្វាំ​ង​ឡង់​
  Sanna Marin
© រក្សាសិទ្ធិដោយ thmeythmey.com