សិល្បៈអន្តរជាតិ
អន្តរជាតិ
Juice WRLD តារាចម្រៀងរ៉េបដ៏ល្បីក្នុង SoundCloud ស្លាប់ក្នុងអាយុ២១ឆ្នាំ
× Juice WRLD កំពូលតារាចម្រៀងរ៉េបអាមេរិកដ៏ល្បីល្បាញ ត្រូវបានប្រកាសថាស្លាប់នៅមន្ទីរពេទ្យ ក្រោយដួលប្រកាច់ និងឈាមហូរតាមមាត់ នៅអាកាសយានដ្ឋាន Midway International Airport ក្រុង Chicago កាលពីថ្ងៃទី៨ ខែធ្នូ។ ករណីរន្ធត់នេះ កើតឡើងរយៈពេលតែ៦ថ្ងៃប៉ុណ្ណោះ ក្រោយពេល Juice ប្រារព្ធខួបកំណើត២១ឆ្នាំរបស់ខ្លួន។
សេចក្តីថ្លែងការណ៍របស់ក្រុមជំនាញត្រួតពិនិត្យវេជ្ជសាស្ត្រប្រចាំតំបន់ Cook County មិនបានបញ្ជាក់ពីមូលហេតុនៃការស្លាប់នេះឡើយ ប៉ុន្តែកន្លងមក Juice ធ្លាប់មានប្រវត្តិប្រើប្រាស់ថ្នាំញៀន ហើយគេក៏បានប្រកាសដោយចំហពីរឿងនេះផងដែរ។
តារាចម្រៀងរ៉េបដែលមានកំណើតនៅក្រុង Chicago រូបនេះ ចាប់លេងព្យាណូក្នុងអាយុ៤ឆ្នាំ ហើយបន្តលេងហ្គីតា និងឧបករណ៍តន្ត្រីផ្សេងទៀត។ នៅឆ្នាំ២០១៥ Juice បានបញ្ចូលចម្រៀងរបស់ខ្លួននៅ SoundCloud ក្រោមឈ្មោះថា JuicetheKidd និងទទួលបានការទាញយកទៅតាមក្នុងទូរសព្ទជាច្រើន។
យោងតាមការផ្សាយរបស់ Yahoo Music, Juice WRLD ដែលមានឈ្មោះដើមថា Jarad Anthony Higgin ចាប់ផ្តើមល្បីល្បាញខ្លាំងជាមួយបទចម្រៀង Lucid Dreams នៅឆ្នាំ២០១៧ ដោយមានការស្តាប់ជាង២.៥លានដងក្នុង SoundCloud ហើយនាំឲ្យគេទទួលបានការចុះកិច្ចសន្យា ៣លានដុល្លារអាមេរិក ជាមួយក្រុម Interscope។
ចម្រៀងរបស់ Juice WRLD ក៏មានចំណាត់ថ្នាក់ខ្ពស់ក្នុង Billboard Hot 100 ផងដែរ ជាពិសេសតាមរយៈអាល់ប៊ុម Goodbye & Good Riddance និង All Girls Are the Same។ Juice មានបទចម្រៀង Original ដ៏ល្បីល្បាញមួយទៀតគឺ «Hide» សម្រាប់រឿង Spidre-Man៕
© រក្សាសិទ្ធិដោយ thmeythmey.com