ភ្នំពេញ៖ សាលាឧទ្ធរណ៍ នឹងបើកការសួរដេញដោលគ្នាជាមួយមេធាវីលោក កឹម សុខា នៅម៉ោង២រសៀលថ្ងៃទី៩ វិច្ឆិកានេះ។ ការសួរដេញដោលគ្នានេះ គឺផ្ដោតទៅលើបណ្ដឹងជំទាស់តុលាការដំបូង ដែលសម្រេចបញ្ជូនសំណុំរឿងលោក កឹម សុខា ទៅជំនុំជម្រះ កាលពីថ្ងៃទី២ ធ្នូ កន្លងមក។
លោក ចាន់ ចេន មេធាវីលោក កឹម សុខា បានប្រាប់សារព័ត៌មានថ្មីៗថា ក្រុមមេធាវី នឹងជួបពិភាក្សាដេញដោលគ្នាជាមួយក្រុមប្រឹក្សាជំនុំជម្រះនៃសភាស៊ើបសួររបស់តុលាការសាលាឧទ្ធរណ៍ លើសំណុំរឿងកូនក្តីខ្លួន មុននឹងការបើកសវនាការអង្គចៅក្រម។ លោក ចាន់ ចេន មិនច្បាស់ថា តុលាការនឹងផ្ដល់ភាពយុត្តិធម៌ដល់កូនក្តីខ្លួនកម្រិតណានោះទេ ខណៈដែលលោក និងមេធាវីផ្សេងៗទៀត បានត្រៀមខ្លួនជាស្រេច ដើម្បីការពារលោក កឹម សុខា។
កាលពីថ្ងៃទី២ ធ្នូ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបញ្ជូនសំណុំរឿងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិទៅជំនុំជម្រះ ដោយពុំបានលើកលែងការចោទប្រកាន់ តាមការស្នើសុំរបស់ក្រុមមេធាវីឡើយ។
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានអះអាងថា «ក្រោយពីបានស្រាវជ្រាវនិងស៊ើបអង្កេតចប់សព្វគ្រប់ ចៅក្រមស៊ើបសួរពិនិត្យឃើញថាមានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់ លើជនត្រូវចោទឈ្មោះ កឹម សុខា ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស»។
សម្រាប់លោក ចាន់ ចេន ប្រធានក្រុមមេធាវីលោក កឹម សុខា ចាត់ទុកការសម្រេចរបស់តុលាការដំបូងនេះ បង្ហាញពីភាពអយុត្តិធម៌ដល់កូនក្តីលោក ខណៈដែលតុលាការមិនទាន់មានទឡ្ហីករណ៍ណាបង្ហាញពីកំហុស លោក កឹម សុខា ពាក់ព័ន្ធនឹងករណី «សន្និដ្ឋិភាពជាមួយបរទេស» ដូចការចោទប្រកាន់ឡើយ។
ប្រធានក្រុមមេធាវីការពារក្តីលោក កឹម សុខា រូបនេះ បាននិយាយដូច្នេះថា៖«ខ្ញុំយល់ឃើញថា ការសម្រេចរបស់ចៅក្រមស៊ើបសួរ បញ្ជូនសំណុំរឿងកូនក្តីខ្ញុំ ទៅជំនុំជម្រះហ្នឹង មានន័យថា ការបញ្ជូនទៅនេះ (គ្មានភស្តុតាង) គ្រប់ជ្រុងជ្រោយ ហើយនិងមិនបានផ្ដល់ភាពយុត្តិធម៌ដ៏ល្អបរិសុទ្ធដល់កូនក្តីខ្ញុំទេ»។
មូលហេតុដែលលោក ចាន់ ចេន ហ៊ានអះអាងបែបនេះ ដោយសម្អាងលើហេតុផលមួយចំនួនរួមមាន តុលាការមិនទាន់រកឃើញជនបរទេសណា ដែលពាក់ព័ន្ធជាមួយលោក កឹម សុខា ហៅមកសាកសួរ ឬធ្វើជាភស្តុតាងនោះទេ។ ម្យ៉ាងទៀតតុលាការក៏មិនទាន់ឆ្លើយតបទៅនឹងសំណើរបស់ក្រុមមេធាវី ដែលស្នើសុំឱ្យទម្លាក់បទចោទប្រកាន់ឡើយ ស្របពេលតុលាការនៅតែរក្សាទុកលោក កឹម សុខា នៅក្រោមការត្រួតពិនិត្យរបស់ខ្លួនដដែល។
គិតមកដល់ពេលនេះ សំណុំរឿងរបស់លោក កឹម សុខា ត្រូវបានអូសបន្លាយអស់រយៈពេលជាង២ឆ្នាំហើយ។ គួររម្លឹកថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចូលចាប់ខ្លួន ដល់គេហដ្ឋាននៅម៉ោង២ រំលងអធ្រាតឈានចូលថ្ងៃទី៣ កញ្ញា ឆ្នាំ២០១៧ ហើយបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្រោមបទចោទ ឃុបឃិតជាមួយបរទេស អស់រយៈពេល១ឆ្នាំ មុននឹងតុលាការសម្រេចបញ្ជូនលោក មកឃុំខ្លួននៅគេហដ្ឋានវិញ នៅខែតុលា ឆ្នាំ២០១៨។
មកដល់ពេលនេះ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកែប្រែលក្ខខណ្ឌខ្លះ ដោយសម្រេចឱ្យលោកដើរទៅទីណាក៏បាន នៅក្នុងប្រទេសកម្ពុជា លើកលែងតែចេញទៅក្រៅប្រទេស ។ ដ្បិតអាចដើរគ្រប់ទីកន្លែងបានមែន ប៉ុន្តែលោក កឹម សុខា នៅគ្មានសិទ្ធិធ្វើសកម្មភាពនយោបាយដដែល។ ជាពិសេសលោក កឹម សុខា ត្រូវឆ្លើយតបនឹងការកោះហៅរបស់សមត្ថកិច្ចគ្រប់ពេល ដោយសារនៅតែស្ថិតនៅក្នុងការតាមដានរបស់តុលាការ៕