កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ ម្ចាស់​មេដាយមាស​កីឡា​អាស៊ី ខាន់ ចេ​សា ប៉ះ​កីឡាការិនី​វៀតណាម​នៅវគ្គ១/៤
09, Dec 2019 , 12:04 pm        
រូបភាព
កីឡាការិនីជឺជីតស៊ូ ខាន់ ចេសា ប្រកួតកន្លងមក
កីឡាការិនីជឺជីតស៊ូ ខាន់ ចេសា ប្រកួតកន្លងមក
ដោយ:
​កីឡាការិនី​ខ្មែរ​-​អាមេរិក ខាន់ ចេ​សា ម្ចាស់​មេដាយមាស​កីឡា​អាស៊ី Asian Games 2018 ត្រូវ​ប្រជែង​ជាមួយ​កីឡាការិនី​វៀតណាម Duong Thi Thanh Minh ក្នុង​ព្រឹត្តិការណ៍​កីឡា SEA Games នៅ​រសៀល​ថ្ងៃទី​៩ ខែធ្នូ នេះ​។ ពួកគេ​ទាំងពីរ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម​៤៩​គីឡូក្រាម នៅ​ទីលាន Laus Convention Centre ក្នុង​ទីក្រុង Clark ប្រទេស​ហ្វីលីពីន​។

 
​ស្ថិតក្នុង​វ័យ​១៨​ឆ្នាំ​កីឡាការិនី​ខ្មែរ​-​អាមេរិក ខាន់ ចេ​សា ហាក់​ជោគជ័យ​ខ្លាំង​ក្នុង​វិស័យ​កីឡា​ជឺ​ជី​តស៊ូ​(Jiu-Jitsu)​។ នាង បានរួម​ចំណែក​ជួយ​សាង​ប្រវត្តិសាស្ត្រ​ឲ្យ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍ Asian Games 2018 នៅ​ឥណ្ឌូណេស៊ី តាមរយៈ​ដណ្តើមបាន​មេដាយមាស​១ បន្ថែម​លើ​មេដាយមាស និង​សំរឹទ្ធ​របស់​កីឡាករ សាលី អ៊ូ​ម៉ើ​ត ដែល​ដណ្តើមបាន​លើ​វិញ្ញាសា​ប្រណាំង​ម៉ូតូ​ទឹក​។​
 
​បន្ថែម​លើ​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ​នេះ ចេ​សា ធ្លាប់​ដណ្តើមបាន​មេដាយមាស​កម្រិត​ពិភពលោក​ជាច្រើន​ថែម​ទៀតផង ។​ហើយ​កាលពីពេល​ថ្មីៗ​កន្លងទៅ នាង គឺជា​ម្ចាស់​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍ Purple Belt Champion ដែល​រៀបចំ​នៅ​ទីក្រុង​អា​ប៊ុ​យ​ដា​ប៊ី​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។   
 
​កីឡាការិនី​ដែល​ទើប​ទទួលបាន​ខ្សែក្រវាត់​ពណ៌​ស្វាយ​រូបនេះ ត្រូវ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​លើក​ទី​២ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ប្រទេស​ហ្វីលីពីន​ឆ្នាំនេះ ដោយ ចេ​សា ត្រូវ​ប៉ះ​ជាមួយ​កីឡាការិនី​វៀតណាម Duong Thi Thanh Minh នៅ​វគ្គ​១/៤​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម​៤៩​គីឡូក្រាម នា​វេលា​ម៉ោង​១​រសៀល​(​ម៉ោង​នៅ​កម្ពុជា​)​ថ្ងៃទី​៩ ខែធ្នូ នេះ​។ កីឡាការិនី​វៀតណាម​វ័យ​២៩​ឆ្នាំ​រូបនេះ ជា​ម្ចាស់​មេដាយ​សំរឹទ្ធ​កីឡា​អាស៊ី Asian Games នៅ​ឥណ្ឌូណេស៊ី​កាលពី​ឆ្នាំ​២០១៨​។ លើសពីនេះ នាង ជា​ម្ចាស់​មេដាយប្រាក់​ក្នុងការ​ប្រកួត Asian Ju-jitsu Championships កាលពី​ឆ្នាំ​២០១៧​ផងដែរ​។​
 
​ក្រៅពី​កីឡាការិនី ខាន់ ចេ​សា កីឡាករ​កម្ពុជា​ពីររូប​ក៏ត្រូវ​ប្រកួត​នៅថ្ងៃនេះ​ផងដែរ ដោយ​កីឡាករ ហួរ សេងហុង ប៉ះ​កីឡាករ​សិង្ហ​បុរី Lim Paul Tian Zhi ទម្ងន់​ក្រោម​៦៩​គីឡូក្រាម​។ ហួរ សេងហុង ត្រូវបាន​រង​បរាជ័យ ក្នុងការ​ប្រកួត​ជាមួយ​កីឡាករ​សិង្ហ​បុរី​។​
 
​ចំណែក​កីឡាករ ខូវ វិ​វ​ឌ្ឍ​នា កំពុង​ប្រកួត​តទល់​ជាមួយ​កីឡាករ​ហ្វីលីពីន Dee Gian Taylor ក្នុង​ប្រភេទ​ទម្ងន់​ក្រោម​៦១​គីឡូក្រាម​៕ 

Tag:
 Jiu-Jitsu
  ខាន់ ចេ​សា​
  SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com