អន្តរជាតិ
លោក ត្រាំ ព្រមាន​កូរ៉េខាងជើង​ថា បើ​មិន​បញ្ឈប់​សកម្មភាព​អរិភាព​ទេ ប្រយ័ត្ន​បាត់បង់​អ្វីៗ​គ្រប់យ៉ាង
09, Dec 2019 , 12:29 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន (ខាងឆ្វេង) ជាមួយលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ នៅតំបន់គ្មានយោធាក្នុងឧបទ្វីបកូរ៉េ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។ រូបភាព៖ Reuters
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន (ខាងឆ្វេង) ជាមួយលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ នៅតំបន់គ្មានយោធាក្នុងឧបទ្វីបកូរ៉េ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។ រូបភាព៖ Reuters
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៨ ខែធ្នូ បាន​ព្រមាន​យ៉ាងច្បាស់ៗ ដាក់​កូរ៉េខាងជើង​ថា បើ​មិន​ចង់​បាត់បង់​អ្វីៗ​គ្រប់យ៉ាង​ទេ ទីក្រុង​ព្យុងយ៉ាង​ត្រូវតែ បញ្ឈប់​សកម្មភាព​បង្ក​សង្គ្រាម និង​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​។ ការចេញ​មុខមក​ព្រមាន​របស់លោក​ប្រធានាធិបតី​អាមេរិក​បែបនេះ គឺធ្វើឡើង​បន្ទាប់ពី​កូរ៉េខាងជើង​បានប្រកាស​ជោគជ័យ​លើ​ការសាកល្បង​ដ៏​ធំ​មួយ​។


 
 «​គីម ជុង​អ៊ុន គឺជា​មនុស្ស​ឆ្លាត​បំផុត និង​មាន​អ្វី​ជាច្រើន​ត្រូវ​បាត់បង់​។ គ្រប់យ៉ាង​គឺ​ពិតប្រាកដ​ណាស់ ប្រសិនបើ​គាត់ [​គីម ជុង​អ៊ុន​] នៅតែ​ប្រព្រឹត្ត​អំពើ​អរិភាព​បែបនេះ​»​។ នេះ​បើតាម​ការសរសេរ​រប​ស់លោក ដូ​ណា​ល់ ត្រាំ នៅលើ​បណ្តាញ​សង្គម​Twitter  ដើម្បី​ព្រមាន​កូរ៉េខាងជើង​។ ការប្រកាស​របស់​ប្រធានាធិបតី​អាមេរិក​រូបនេះ ធ្វើឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយពី​ទីភ្នាក់ងារ​ព័ត៌មាន KCNA បាន​ចុះផ្សាយ​ថា កូរ៉េខាងជើង​បានទទួល​ជោគជ័យ​លើ​ការសាកល្បង​ដ៏​ធំ​មួយ​។ 
 
​បើតាម​លោក​ប្រធានាធិបតី​អាមេរិក កូរ៉េខាងជើង បាន​ចុះហត្ថលេខា​ជាមួយ​អាមេរិក​រួចហើយ​នៅ​សិង្ហ​បុរី ជុំវិញ​កិច្ចព្រមព្រៀង​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​ដ៏​សំខាន់​មួយ​។ ប៉ុន្តែ​លោក​ត្រាំ មិនបាន​បញ្ជាក់​ថាឡើយ​ថា ទីក្រុង​វ៉ាស៊ីនតោន នឹងមាន​វិធានការ​បែបណា​នោះទេ ប្រសិនបើ​ទីក្រុង​ព្យុងយ៉ាង​ហ៊ាន​បំពាន​កិច្ចព្រមព្រៀង​មួយ​នេះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​តាមរយៈ Twitter ដដែល លោក ត្រាំ ជឿថា លោក​គីម មិន​ចង់​ឲ្យ​ទំនាក់ទំនង​ពិសេស​រវាង​មេដឹកនាំ​ទាំងពីរ​បាក់បែក​ឡើយ ហើយ​ថែមទាំង​មិន​ហ៊ាន នឹង​ជ្រៀត​ជ្រែ​ត​ចូលមកក្នុង​ការបោះឆ្នោត​អាមេរិក​ក្នុង​ឆ្នាំ ២០២០ ថែមទៀត​។ ប៉ុន្តែ​លោក​ប្រធានាធិបតី​អាមេរិក មិនបាន​បញ្ជាក់ថា ច្បាស់លាស់​ទេ ថា​តើ​ទំនាក់ទំនង​ពិសេស​រវាង​មេដឹកនាំ​ទាំងពីរ គឺជា​អ្វី​នោះឡើយ​។​
​សូមបញ្ជាក់ថា នា​ថ្ងៃទី​៨ ខែធ្នូ កូរ៉េខាងជើង បានប្រកាស​ជោគជ័យ​លើ​ការសាកល្បង​ដ៏​ធំ​មួយ​នៅក្នុង​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប Sohae ក្នុង​ទីតាំង​សាកល្បង​អាវុធ Tongchang-ri​។ ប៉ុន្តែ​មកទល់ពេលនេះ គេ​មិនទាន់​ដឹង​នៅឡើយ​ទេ ថា​តើ​ទីក្រុង​ព្យុងយ៉ាង​បាន​សាកល្បង​អាវុធ ឬ​សំភារៈ​បច្ចេកទេស​អ្វី​ទេ​។ បើតាម​អ្នកជំនាញ​មី​ស៊ី​ល កូរ៉េខាងជើង​ទំនងជា​សាកល្បង​លើ​ម៉ាស៊ីន​បាញ់​គ្រាប់​រ៉ុក្កែត ច្រើនជាង​បាញ់​សាកល្បង​មី​ស៊ី​ល ៕ 

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
© រក្សាសិទ្ធិដោយ thmeythmey.com