អន្តរជាតិ
អតីតសមាជិកសភាឥណ្ឌូណេស៊ី ប្រគល់លុយពុករលួយឲ្យរដ្ឋ និងសន្យាកែខ្លួន ពេលអនុវត្តទោសរួចរាល់ អតីតសមាជិកសភាឥណ្ឌូណេស៊ី Bowo Sidik Pangarso ។ រូបភាព Antara
× តុលាការទទួលបន្ទុកប្រឆាំងអំពើពុករលួយរបស់ក្រុងហ្សាការតា បានសម្រេចកាត់ទោសអតីតសមាជិកសភាឥណ្ឌូណេស៊ីមួយរូបឲ្យជាប់ពន្ធនាគាររយៈពេល៤ ឆ្នាំ និងពិន័យទឹកប្រាក់មួយចំនួន។ សេចក្តីសម្រេចនេះ ធ្វើឡើងបន្ទាប់ពីតុលាការ បានរកឃើញថា ជនជាប់ចោទ ដែលជាអតីតក្រុមអ្នកតាក់តែងច្បាប់រូបនេះ បានទទួលយកសំណូកពីក្រុមហ៊ុនមួយចំនួន ដើម្បីជាថ្នូរនឹងការជំរុញ និងពន្លឿនការងារ។
អង្គជំនុំជម្រះ នៃតុលាការប្រឆាំងអំពើពុករលួយហ្សាការតានាពេលថ្មីៗនេះ បានចេញសេចក្តីសម្រេចចោទប្រកាន់ លោក Bowo Sidik Pangarso ពីបទពុករលួយ ដោយត្រូវពិន័យជាទឹកប្រាក់ប្រមាណជិតពីរម៉ឺនដុល្លារ និងត្រូវជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌូណេស៊ី Jakarta Globe។
តាមប្រភពព័ត៌មានដដែល ក្នុងសេចក្តីសម្រេចរបស់តុលាការ បានបញ្ជាក់ថា អតីតអ្នកនយោបាយគណបក្សមានឥទ្ធិពល Golkar និងជាសមាជិកគណៈកម្មាធិការទី៦របស់សភាឥណ្ឌូណេស៊ីរូបនេះ បានទទួលសំណូកពីក្រុមហ៊ុនជាច្រើន ដើម្បីជាថ្នូរនឹងការជួយពន្លឿនការងារ ក៏ដូចជាកិច្ចសន្យាវិនិយោគនានាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ។
អ្វីដែលគួរឲ្យកត់សម្គាល់ផងនោះ បន្ថែមលើការពិន័យជាទឹកប្រាក់ និងទោសពន្ធនាគារ តុលាការ ក៏បានដាក់បម្រាមអតីតមន្ត្រីជាន់ខ្ពស់នៃអង្គនីតិបញ្ញត្តិឥណ្ឌូណេស៊ីរូបនេះ មិនឲ្យប្រលូកក្នុងការងារនយោបាយ និងការជ្រើសរើសជាសាធារណៈរយៈពេល៤ឆ្នាំ បន្ទាប់ពីអនុវត្តទោសពន្ធនាគារចប់សព្វគ្រប់។
តាមពិតទៅការកាត់ទោសនេះ មានលក្ខណៈបន្ធូរបន្ថយខ្លះ ពោលគឺតាមបទបញ្ញត្តិ បទល្មើសរបស់លោក ត្រូវប្រឈមនឹងទោសពន្ធនាគាររយៈពេល៧ឆ្នាំឯណោះ។ ក៏ប៉ុន្តែតាមការអះអាងរបស់តុលាការ ជនជាប់ចោទរូបនេះ បានសារភាពកំហុសរបស់ខ្លួន និងបង្ហាញភាពស្មោះត្រង់ ក៏ដូចជាគោរពនីតិវិធីរបស់តុលាការ ហើយ លោក ក៏បានសន្យាកែប្រែខ្លួន និងប្រគល់ប្រាក់ដែលទទួលបានពីសំណូកទាំងអស់នោះជូនទៅជាទ្រព្យសម្បត្តិរបស់រដ្ឋទៀតផង។
គួរជម្រាបផងដែរថា ក្នុងរដ្ឋបាលដឹកនាំរបស់លោកប្រធានាធិបតី ចូកូ វីដូដូ មានមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលច្រើនរូបមកហើយ ដែលត្រូវបានកាត់ទោសពីបទពុករលួយ ដែលនេះ គឺជាផ្នែកមួយនៃការអនុវត្តសន្យាក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ តាំងពីអាណត្តិទីមួយក្នុងនាមជាប្រធានាធិបតីរបស់លោក៕
Tag:
ឥណ្ឌូណេស៊ី
ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com