អន្តរជាតិ
ពលរដ្ឋ​ហុងកុង​រាប់សែន​នាក់ ប្រារព្ធ​ខួប​កន្លះ​ឆ្នាំ​នៃ​ការធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​
09, Dec 2019 , 4:07 pm        
រូបភាព
មនុស្ស៨០ម៉ឺននាក់ បានដើរជាក្បួនពីឧទ្យាន Victoria ក្នុងតំបន់ប្រជុំដ៏ធំ Causeway Bay ឆ្ពោះទៅកាន់តំបន់ Central នៃទីក្រុង ហុងកុង នៅថ្ងៃអាទិត្យ ០៨ ខែធ្នូ ២០១៩ (AFP)
មនុស្ស៨០ម៉ឺននាក់ បានដើរជាក្បួនពីឧទ្យាន Victoria ក្នុងតំបន់ប្រជុំដ៏ធំ Causeway Bay ឆ្ពោះទៅកាន់តំបន់ Central នៃទីក្រុង ហុងកុង នៅថ្ងៃអាទិត្យ ០៨ ខែធ្នូ ២០១៩ (AFP)
ដោយ:
​ពលរដ្ឋ​ហុងកុង​រាប់សែន​នាក់ បាន​ដឹក​នាំគ្នា​ធ្វើ​សកម្មភាព​តវ៉ា​តាម​ដងផ្លូវ កាលពី​ថ្ងៃអាទិត្យ ០៨ ធ្នូ ដើម្បី​ប្រារព្ធ​ខួប​៦​ខែ​នៃ​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​លើ​សំណុំរឿង​ប្រជាធិបតេយ្យ​។ ពួកគេ អះអាងថា ខណៈ​ប្រជាជន​ហុងកុង​បានរួម​សាមគ្គី​គ្នា និង​ឈ្នះ​ការគាំទ្រ​ពី​សំណាក់​អន្តរជាតិ មន្ត្រី​រដ្ឋាភិបាល​ទីក្រុង​នេះ នៅតែ​មិន​ព្រម​ផ្តល់​តាម​ការទាមទារ​ពួកគេ ដែល​ធ្វើឡើង​សម្រាប់​ប្រយោជន៍​ប្រជា​ធិ​តេ​យ្យ​។   

 
​ចាប់ផ្តើម​ដំបូង​ឡើយ ចលនា​ទាមទារ​របស់​ពលរដ្ឋ​ហុងកុង​នេះ បានធ្វើ​ឡើង​ដោយ​អហិង្សា ក៏ប៉ុន្តែ​រហូតដល់​ពេល​យប់ បាតុករ​មួយ​ក្តាប់​តូច បាន​ផ្តើម​គប់​គ្រាប់បែក​សាំង​ទៅលើ​អគារ​ការិយាល័យ​រដ្ឋ និង​ហាង​ទំនិញ​នៅក្បែរៗ​នោះ​។ បាតុកម្ម​នេះ​បាន​ផ្តើម​នៅ​ម៉ោងជាង​៤​រសៀល ហើយ​ចប់​ទៅវិញ នៅ​ម៉ោង ១០​យប់​។ 
 
​អ្នករៀបចំ​ការតវ៉ា គឺ​អង្គការ សិទ្ធិមនុស្ស​ស៊ី​វី​ល (CHRF) បាន​ប៉ាន់​ស្មានថា មនុស្ស​៨០​ម៉ឺន​នាក់ បាន​ដើរ​ជា​ក្បួន​ពី​ឧទ្យាន Victoria ក្នុង​តំបន់​ប្រជុំ​ដ៏​ធំ Causeway Bay ឆ្ពោះទៅកាន់​តំបន់ Central នៃ​ទីក្រុង ហុងកុង ។ យ៉ាងណាមិញ បើតាម​ការអះអាង​រប​ស់​ប៉ូលិស ចំនួន​អ្នកចេញ​តវ៉ា មាន​ត្រឹម ១៨៣ ០០០ នាក់ ប៉ុណ្ណោះ​។ 
 
​តាម​ការចុះផ្សាយ​របស់​កាសែត​ហុងកុង South China Morning Post អ្នកតំណាង​អង្គការ CHRF ហុងកុង​ម្នាក់ លើកឡើងថា​៖ «​សារ​នយោបាយ​នេះ គឺ​មានន័យ​ច្បាស់លាស់​ណាស់​។ ប្រជាជន​ហុងកុង រឹងមាំ ហើយ​ប្រឹងប្រែង​តស៊ូ​ជាមួយ​ការទាមទារ​ទាំង​ប្រាំ​ប្រការ​»​។ អ្នកតំណាង​រូបនេះ ក៏បាន​ទទូច​ឲ្យ​លោកស្រី ការី ឡាំ ប្រធាន​ប្រតិបត្តិ​ប្រចាំ​ក្រុង​ហុងកុង យល់ព្រម​តាម​សំណើ​ពួកគេ ដែល​រួមមាន ការរៀបចំ​ការបោះឆ្នោត​សេរី និង​ជាស​កល​មួយ​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ទីក្រុង និង​ការបង្កើត​គណៈកម្មាធិកា​រ​ឯករាជ្យ ស៊ើបអង្កេត​លើ​សកម្មភាព​ប៉ូលិស​ធ្វើ​មកលើ​បាតុករ ជាដើម​។ 
 
​មែនទែនទៅ ការចេញ​តវ៉ា​នេះ ក៏​ដើម្បី​រម្លឹក​ដល់​ថ្ងៃ​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​នឹង​ធ្វើឡើង នា​ថ្ងៃទី ១០ ធ្នូ ឆ្នាំ​២០១៩ ហើយ​វា​ក៏បាន​កើតឡើង​មួយថ្ងៃ​ប៉ុណ្ណោះ​មុន​ខួប​កន្លះ​ឆ្នាំ​នៃ​ការចាប់ផ្តើម​ធ្វើបាតុកម្ម ថ្ងៃ​៩ មិថុនា​។ កាល​នោះគេ​ប៉ាន់​ស្មានថា មនុស្ស​១​លាន​នាក់ បាន​ចូលរួម​ធ្វើបាតុកម្ម​តាម​ដងផ្លូវ​ប្រឆាំងនឹង​សំណើ​ច្បាប់​បត្យាប័ន​របស់​រដ្ឋា​ភិ​បាល​ហុងកុង ដែល​ក្រោយមក​ទីក្រុង​នេះ​បានសម្រេច​ចិត្ត​ដកហូត​វិញ ក៏ប៉ុន្តែ​ការធ្វើ​បាតុកម្ម នៅតែ​មិន​បញ្ឈប់ ហើយ​ប្រែក្លាយជា​ចលនា​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​ធំ​ឡើងៗ ។ 
 
​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ បាតុកម្ម​នៅ​ថ្ងៃអាទិត្យ​នេះ គឺជា​បាតុកម្ម​លើកដំបូង​ដែល​ទទួលបាន​ការអនុញ្ញាត​ពី​ប៉ូលិស គិត​ចាប់ពី​ខែសីហា​មក​។ ទោះជា​បែបនេះ កងកម្លាំង​ប៉ូលិស ក៏បាន​ហាមឃាត់​បាតុករ​មួយចំនួន ដោយ​លើក​ហេតុផល​សុវត្ថិភាព​។ តួយ៉ាង ប៉ុន្មាន​ម៉ោង​មុន​ការដើរ​តវ៉ា ប៉ូលិស បាន​អះអាងថា ពួកគេ​បាន​ចាប់​មនុស្ស ១១​នាក់ និង​ដកហូត​កាំភ្លើងខ្លី​មួយគ្រឿង កាំបិទ និង​អាវុធ​ផ្សេងទៀត ដ្បិត​ពួកគេ បារម្ភ​ថា អាវុធ​ទាំងនោះ អាច​ត្រូវ​ប្រើ​ដើម្បី​វាយប្រហារ​លើ​មន្ត្រីប៉ូលិស និង​អ្នក​ឆ្លងកាត់​។ 
 
​ក្នុង​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក​ពីគ្នា រដ្ឋាភិបាល​ហុងកុង​, ក្រសួងយុត្តិធម៌ និង​ប៉ូលិស បាន​ថ្កោលទោស​ការវាយប្រហារ​នេះ ដោយ​បញ្ជាក់ថា បាតុករ​ទាំងនោះ បង្កបញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​ដល់​នីតិរដ្ឋ​របស់​ទីក្រុង​។ ត្រង់នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ហុងកុង​ម្នាក់ បាន​និយាយថា ចំពោះ​អ្នកណា​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធតុលាការ​ខូចខាត សង្គម​នឹងមិន​ទទួលយក​ពួកគេ  ហើយ​រដ្ឋាភិបាល​ដាក់ចេញ​ការ​ថ្កោលទោស​ខ្លាំង​លើ​ពួកគេ​៕

Tag:
 ហុងកុង​
  បាតុកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com