ជាតិ
ស្ដារ​អូរ និង​ប្រឡាយ​៥​ខ្សែ​នៅ​ខេត្ត​ព្រះសីហនុ ដែល​គ្រោង​ចំណាយ​ថវិកា​ជាង​២​លាន​ដុល្លារ​អាមេរិក​
09, Dec 2019 , 9:19 pm        
រូបភាព
រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
​ភ្នំពេញ​៖ អូរ​ប្រឡាយ​ចំនួន ៥​ខ្សែ នៅ​ខេត្ត​ព្រះសីហនុ កំពុងដំណើរការ​ស្ដារ​ស្ថាបនា​ឡើងវិញ ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង និង​កសាង​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​។ គម្រោង​ស្ដារ​ប្រឡាយទឹក​នេះ ត្រូវ​ចំណាយ​ទឹកប្រាក់​១០​ពាន់​លាន​រៀល (​ជាង​២​លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​


 
​អូរ និង​ប្រឡាយ​ទាំង ៥​ខ្សែ នៅ​ខេត្ត​ព្រះសីហនុ ដែល​កំពុងបើក​ការដ្ឋាន​ស្ដារឡើងវិញ​នេះ រួមមាន អូរ​ឈើទាល  ,​អូរ​អេ​ម៉ា​រី​អូ ,​អូរ​សំអាត ,​អូរអណ្តូង​អ៊ុនតាក់ និង​អូរ​ស្ពាន​ឆេះ​។ រដ្ឋមន្ត្រីក្រសួង​សាធារណការ លោក ស៊ុន ចាន់ថុល បាន​អះអាងថា រដ្ឋាភិបាល​កំពុង​គិតគូរ លើ​វិធានការ​ដោះស្រាយ​បញ្ហា​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ក្នុង​ក្រុងព្រះសីហនុ ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​
 
​លោក ស៊ុន ចាន់ថុល ដែល​បាន​ដឹកនាំ​កម្មវិធី​បើក​ការដ្ឋាន​នៅ​ព្រឹក​ថ្ងៃទី​៩ ធ្នូ បាន​និយាយ​ដូច្នេះ​ថា​៖«​កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​រដ្ឋាភិបាល​លើ​កិច្ចការ​អាទិភាព​ក្នុង ការស្តារ​អូ​ធម្មជាតិ​ទាំង​៥ និង​លូ​ដែលមាន​ស្រាប់ ដែល​សព្វថ្ងៃ​កំពុង​ទទួលរង​នូវ​ការរំលោភ​យក​ដី​ចំណី​អូរ និង​ប្រឡាយ ដើម្បី​បើកមុខ​ទឹក​និង​ដោះស្រាយ​ជំនន់​ទឹកភ្លៀង ការកសាង​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ និង ការពង្រីក​ប្រ​ព័​ន្ឋ​លូ និង​តម្រូវការ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​រូបវន្ត​ផ្សេងទៀត​»​។​
 
​កាលពី​ឆ្នាំ​២០១៨ បរិមាណ​បញ្ចេញ​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ​មាន​រហូតដល់ ២៥ ០០០ ម៉ែត្រគូប​ក្នុង​មួយថ្ងៃ ហើយ​ត្រូវបាន​ព្យាករណ៍​ថា នឹង​កើន​ឡើងដល់ ៤៧,០០០​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ នៅ​ឆ្នាំ​២០២៣​។ បរិមាណ​ទឹក​កខ្វក់ ក៏​នឹង​អាច​បន្ត​កើន​រហូតដល់ ៦៤ ០០០​ម៉ែត្រគូប​/​ថ្ងៃ នៅ​ឆ្នាំ​២០៣០​ផងដែរ​។ នេះ​បើតាម​ក្រសួង​សាធារណការ​។​
 
​ក្រៅពី​បញ្ហា​អូរ​ប្រឡាយ​នេះ រដ្ឋាភិបាល ក៏​កំពុង​រៀបចំ​ផែនការ​ពង្រីក​កំពង់ផែ​ទឹក​ជ្រៅ ដែល​អាច​ដឹកជញ្ជូន​កាន់​តែមាន​ភាពងាយស្រួល សម្រាប់​នាវា​ធុន​ធំ​ចេញ​-​ចូល និង​ផ្តល់​តម្លៃ​ដឹកជញ្ជូន​កាន់តែ​ថោក​, ការជំរុញ​ការកសាង​ពង្រីក​ព្រលានយន្តហោះ​អន្តរជាតិ ដែល​អាចឱ្យ​យន្តហោះ​ប្រភេទ​ធុន​ធំ​ចុះចត​បាន​ងាយស្រួល ដើម្បី​បម្រើសេវា​តាមផ្លូវ​អាកាស និង​គម្រោង​កសាង​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​មកកាន់​ខេត្ត​ព្រះសីហនុ ដែល​គ្រោង​ដាក់ឱ្យ​ដំណើរការ​នៅ​ចុងឆ្នាំ​២០២២​ខាងមុខ​។ លោក ស៊ុន ចាន់ថុល អះអាង​បែបនេះ នៅក្នុង​ពិធីបើកការដ្ឋាន​ស្ដារ​អូរ និង​ប្រឡាយទឹក​៕

Tag:
 ​បរិស្ថាន​
  ប្រឡាយ​
© រក្សាសិទ្ធិដោយ thmeythmey.com